ជាតិ
Heidt ៖ «​សម្តី​ប្រឆាំង​អាមេរិក​ធ្វើ​ឲ្យ​អាមេរិក និង​លោកខាងលិច លែងមាន​អារម្មណ៍​កក់ក្តៅ​នៅ​កម្ពុជា​»
12, Sep 2017 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា សម្ដី​រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​អាមេរិក បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​អាមេរិក និង​លោកខាងលិច លែងមាន​អារម្មណ៍​កក់ក្តៅ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការលើកឡើង​របស់​ទូ​ត​អាមេរិក​បែបនេះ ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​បាន​រិះគន់​អាមេរិក ភ្ជាប់​ជាមួយ​ករណី​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​



«​វា​គឺជា​ការចោទប្រកាន់​មិនធម្មតា​។ ការងារ​ការទូត​ជាធម្មតា ត្រូវបានធ្វើ​ដោយ​ប្រើ​ភាសា​ដែល​មានការ​ប្រយ័ត្ន និង​ប្រកបដោយ​ការគោរព គឺ​ប្រភេទ​នៃ​ភាសា​ដែល​ខ្ញុំ​នឹង​ប្រើ​នៅថ្ងៃនេះ​។ សារ​ដែល​ពិបាក​ត្រូវបាន​បញ្ជូន​ជា​លក្ខណៈ​ឯកជន​សិន​។ ប្រទេស​ជា​មិត្ត​នឹង​គ្នា​តែងតែ​រកមើល​វិធី​បំបាត់​ការខ្វែងគំនិត​គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក William Heidt អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បន្ថែមថា ការចោទប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា មកលើ​អាមេរិក ទាក់ទង​នឹង​ការចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា គឺ​គ្មាន​ភស្តុតាង​ច្បាស់លាស់នោះទេ​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃទី​១២ កញ្ញា​នេះ លោក Heidt បាន​និយាយថា ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​កំពុង​ឡើងក​ម្ដៅ​បច្ចុប្បន្ននេះ គឺ​គ្មានអ្វី​ប៉ះពាល់​ទៅលើ​អាមេរិក​ឡើយ ប៉ុន្តែ​វា​ប៉ះពាល់​ទៅលើ​ប្រ​ទេស​កម្ពុជា​ទៅវិញ​ទេ ។ ត្រង់ចំណុច​នេះ​លោក Heidt បាន​បន្ថែមថា ព្រឹត្តិការណ៍​ទាំងនេះ កំពុង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ឯកោ​ពី​សហគមន៍​អន្តរជាតិ ក្នុងពេលដែល​កម្ពុជា​ត្រូវការ​ជំនួយ​គាំទ្រ​អន្តរជាតិ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាងក្នុង​តំបន់​អាស៊ាន​។​

​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ លើ​ស្ថានការណ៍​នយោបាយ​កម្ពុជា​នោះ បាន​អត្ថាធិប្បាយ​បែប​ការទូត​យ៉ាង​ដូច្នេះ​ថា​៖«​សម្ដី​ប្រឆាំង​អាមេរិក​បានធ្វើ​ឲ្យ​ជនជាតិ​អាមេរិក និង​អ្នកទេសចរ​លោកខាងលិច​ជាច្រើន លែងមាន​អារម្មណ៍​កក់ក្ដៅ​ជាង​មុន ពេលធ្វើ​ដំណើរ​មក​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​។ ឆ្នាំនេះ​អ្នកទេសចរ​ទាំងនោះ អាច​ទៅ​ចាយលុយ​នៅ​ហា​ឡុង​បេ​យ៍ ឬ​នៅ​ភូ​កេ​ត​ជាជាង​នៅ​អង្គរវត្ត​។ នាពេល​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​អាមេរិក និង​លោកខាងលិច​ក៏មាន​អារម្មណ៍​លែង​កក់ក្តៅ​ជាង​មុន​ផងដែរ ហើយ​ក្រុមហ៊ុន​កាន់តែ​តិច​ថែមទៀត នឹង​មក​វិនិយោគ​នៅ​កម្ពុជា​។ លោកអ្នក​ប្រហែលជា​បានឃើញ​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ធុរកិច្ច អាមេរិក អាស៊ាន​ទាក់ទង​នឹង​រឿង​នេះហើយ​»​។​

​បន្ថែម​ពីនេះ​លោក Heidt បាន​និយាយថា អ្នកធ្វើការ​បរិច្ចាគ​ម​នុស្ស​ធម៌​អាមេរិក និង​ក្រុម​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នៅលើ​ពិភពលោក ក៏​លែងមាន​អារម្មណ៍​ផ្ដល់ជំនួយ​មនុស្សធម៌​ផងដែរ ដោយសារតែ​ពួកគេ​មិនត្រូវ​បានទទួល​ការស្វាគមន៍​។​«​ខ្ញុំ​ប៉ាន់ប្រមាណ​ថា​អង្គការ​សប្បុរសធម៌​អាមេរិក បាន​សាង​សង់សាលា​ជាង​១០០០​នៅ​កម្ពុជា​។ វា​ជា​ចំនួន​ដ៏​ច្រើន​មែន​ទេ​? ខ្ញុំ​បានឮ​ពី​អង្គការ​សប្បុរសធម៌​ធំៗ​ខ្លះ​ថា ការធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា កាន់តែ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង ហើយ​ពួកគាត់​កំពុងតែ​ពិចារណ​ប្តូរ​ការងារ​ល្អៗ​របស់គាត់ ទៅ​ឥណ្ឌូនេស៊ី បង់​ក្លា​ដេ​ស ឫ​វៀតណាម​វិញ​»​។ នេះ​ជាការ​លើកឡើង​របស់​ទូ​ត​អាមេរិក​។​

​ជាការ​ឆ្លើយតប​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​និយាយថា ការអត្ថាធិប្បាយ​របស់​អគ្គរដ្ឋទូត​អាមេរិក​នេះ វា​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ឡើយ ពោលគឺ​គ្រាន់តែ​ជាស​ម្ដី ដែល​ចង់​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។​«​ការលើកឡើង​របស់​ទូ​ត​អាមេរិក មិន​ឆ្លើយតប និង​ការពិត​ទេ ព្រោះ​ការលើកឡើង​នេះ​វា​ជា​ន័យ​នយោបាយ​។ ហើយ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​លោកខាងលិច នៅតែ​បន្ត​មក​កម្ពុជា ព្រោះ​កម្ពុជា​ហាក់ដូច​ជាមាន​សន្តិសុខ​ជាង​អាមេរិក​»​។ នេះ​ជាការ​លើកឡើង​របស់លោក ផៃ ស៊ី​ផាន​។​

​កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើកឡើង​ម្ដង​ហើយ​ម្ដង​ទៀតថា អាមេរិក​គឺជា​អ្នក​នៅ​ពី​ក្រោយខ្នង ក្នុង​រឿង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ទាក់ទង​នឹង​ទោស​ក្បត់ជាតិ ក្រោម​បទ​ចោទ ស​ន្ទិ​ដ្ឋិ​ជាមួយ​បរទេស​៕


Tag:
 Hiedt
 ​ អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com