ជាតិ
​បាតុកម្ម​ទាមទា​ឲ្យ​ដោះលែង ឯ​.​ឧ កឹម សុខា មិនមែនជា​ជម្រើស​របស់ CNRP ឡើយ​
13, Sep 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រកាន់​ជំហរ​អហិង្សា​ដដែល ទោះបីជា​ឯកឧត្តម កឹម សុខា ត្រូវបាន​ចាប់ខ្លួន​ក៏ដោយ​។ នេះ​បើតាម​ការអះអាង​របស់​លោក សុន ឆ័យ តំណាងរាស្ត្រ​និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។



​នៅក្នុង​សន្និសីទកាសែត ដែល​រៀបចំ​ឡើ​នៅ​ទីស្នាក់ការ​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២0១៧​នេះ លោក សុន ឆ័យ បានប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ធ្វើ​កិច្ចការ​ជាធម្មតា ដើម្បី​ឆ្ពោះទៅរក​ការបោះឆ្នោត​នាពេលខាងមុខ ដោយ​មិនបាន​គិតពី​គម្រោង​អ្វី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេសជាតិ ឬ​លទ្ធិប្រជាធិបតេយ្យ នោះទេ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​គោលដៅ​របស់​យើង មានតែ​មួយគត់ គឺ​ឆ្ពោះទៅរក​ការបោះឆ្នោត​។ យើង​គ្មាន​ផែនការ​ធ្វើបាតុកម្ម​ទេ​»​។

​លោក សុន ឆ័យ សង្កត់ធ្ងន់ថា ក្រោយ​ឯកឧត្តម កឹម សុខា ត្រូវបាន​ចាប់ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​មន្ត្រី​នៅតាម​រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា មក​ប្រជុំ ហើយ​បានស្នើ​ឲ្យ​ធ្វើការ​ទៅតាម​តួនាទី​របស់ខ្លួន ជាពិសេស​ត្រូវ​ពង្រឹងសមត្ថភាព និង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​។​

​យ៉ាងណា​ក៏ដោយចុះ លោក សុន ឆ័យ នៅតែ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា​។ ម្យ៉ាងទៀត លោក ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រួមទាំង​សហគមន៍​អន្តរជាតិ​នានា ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​ឲ្យ​ស្ថានភាព​នយោបាយ វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ ខណៈ​ការបោះឆ្នោត​ថ្នាក់ជាតិ កាន់តែ​ខិតជិត​មកដល់​។

​ទោះជា​មិន​ធ្វើបាតុកម្ម ក៏ពិតមែន ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ក្រុមតំណាងរាស្ត្រ​ខ្លួន នឹងធ្វើ​ដំណើរ​ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជា​រៀងរាល់ថ្ងៃ​ចន្ទ ដើម្បី​សុំចូល​ជួប និង​សុំ​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា​។ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បានស្នើ​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំចូល​ជួប​ឯកឧត្តម កឹម សុខា នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​។ ប៉ុន្តែ​សំណើ​នេះ ត្រូវបាន​ច្រានចោល​៕


Tag:
 កឹម សុខា​
  សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com