ជាតិ
វិទ្យុអាស៊ីសេរី ប្រកាសផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅភ្នំពេញមួយរយៈ
× វិទ្យុអាស៊ីសេរី (RFA) នៅថ្ងៃទី១២ ខែកញ្ញា បានប្រកាសផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅក្រុងភ្នំពេញមួយរយៈ។ វិទ្យុនេះ មិនបញ្ជាក់ថាពេលណានឹងបើកដំណើរការវិញនោះទេ។
នៅថ្ងៃទី១២ ខែកញ្ញា វិទ្យុអាស៊ីសេរី បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ពីការផ្អាកដំណើរការការិយាល័យប្រចាំនៅក្រុងភ្នំពេញរបស់ខ្លួន។ សេចក្តីថ្លែងការណ៍នោះ បញ្ជាកដូច្នេះ៖ «ជាការគួរឲ្យសោកស្ដាយបំផុតដែលវិទ្យុអាស៊ីសេរី ត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យព័ត៌មាននៅទីក្រុងភ្នំពេញ របស់ខ្លួនមួយរយៈ»។
មានមូលហេតុមួយចំនួន ដែលអាស៊ីសេរីអះអាងថាខ្លួនត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យដែលដំណើរការនៅកម្ពុជាជិត២០ឆ្នាំមកហើយនេះ។ មូលហេតុទាំងនោះ មានដូចជាការបិទស្ថានីយវិទ្យុមួយចំនួន ដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី(RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នាពេលកន្លងមក និងការតម្រូវឲ្យកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បង់ពន្ធជាង៦លានដុល្លារជាដើម។ យ៉ាងណាក៏ដោយ អាស៊ីសេរី មិនបានបញ្ជាក់ថាពេលណានឹងបើកដំណើរការការិយាល័យរបស់ខ្លួនឡើងវិញនៅកម្ពុជានោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com