ជាតិ
ក្រសួង​ព័ត៌មាន ឲ្យ RFA ចុះបញ្ជី​សារពើពន្ធ​សិន ទើប​ខ្លួន​ពិនិត្យ​សំណើ​ចុះបញ្ជី និង​បើក​ការិយាល័យ​នៅ​ភ្នំពេញ​
13, Sep 2017 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​ព័ត៌មាន បាន​ប្រាប់​ឲ្យ វិទ្យុ​អាស៊ីសេរី (RFA)  ចុះបញ្ជី​សារពើ​ពន្ធ​ជាមុនសិន ទើប​ក្រសួង​ព័​ត៌ មាន ពិនិត្យ​សម្រេច​លើ​ការស្នើសុំ​ចុះបញ្ជី និង​បើក​ការិយាល័យ​តំណាង​វិទ្យុ​អាស៊ីសេរី​ប្រចាំ​នៅ​ភ្នំពេញ​។ ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា RFA ដែល​បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​ភ្នំពេញ​ជាច្រើន​ឆ្នាំ​មកហើយ មិនទាន់បាន​ចុះបញ្ជី​សារពើពន្ធ​តាមច្បាប់​ពន្ធដារ​របស់​កម្ពុជា​នៅឡើយ​។​



​ក្រសួង​ព័ត៌មាន បានចេញ​លិខិត​មួយ នៅ​ថ្ងៃទី​១២ ខែកញ្ញា ប្រាប់​ឲ្យ លោកស្រី Libby Liu នាយិកា​វិទ្យុ​អាស៊ីសេរី ប្រចាំ​ក្រុង​វ៉ាស៊ីនតោន បំពេញ​កាតព្វកិច្ច ចុះបញ្ជី​សារ​ពើពន្ធ​ជាមុនសិន មុននឹង​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ពិនិត្យ​សម្រេច​លើ​ការស្នើសុំ​ចុះបញ្ជី និង​បើក​ការិយាល័យ​តំណាង​វិទ្យុ​អាស៊ីសេរី ប្រចាំ​នៅ​ភ្នំពេញ​។ 

​នៅក្នុង​លិខិត​នោះ ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា វិទ្យុ RFA បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​ភ្នំពេញ ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ពុំទាន់​បាន​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​សារពើពន្ធ​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​កម្ពុជា​នៅឡើយ​ទេ​។ ដូច្នេះ​ដើម្បី​ចៀសវាង​ការអនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​នៃ​កម្ពុជា អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ស្នើ​ឲ្យ​វិទ្យុ​អាស៊ីសេរី​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​សារពើពន្ធ​តាមច្បាប់​កំណត់​ជាមុនសិន មុននឹង​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ពិនិត្យ​សម្រេច​លើ​ការស្នើសុំ​ចុះបញ្ជី និង​បើក​ការិយាល័យ​តំណាង​វិទ្យុ​អាស៊ីសេរី​ប្រចាំ​នៅ​ក្រុងភ្នំពេញ​។​

​សូមបញ្ជាក់ថា វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១២ ខែកញ្ញា បានប្រកាស​ផ្អាក​ដំណើរការ ការិយាល័យ​របស់ខ្លួន​នៅ​ភ្នំពេញ​មួយរយៈ ក្រោម​ហេតុផល​មួយចំនួន​ដូចជា​ការធ្វើ​ទុក​បុក​ម្នេញ និង​គំរាមកំហែង​ពី​អាជ្ញាធរ និង​ស្ថានការណ៍​ចុងក្រោយ​នេះ​គឺ​ការតម្រូវ​ឲ្យ​កាសែត The Cambodia Daily បង់ពន្ធ​ជាង​៦​លាន​ដុល្លារ និង​ការបិទ​វិ​ទ្យ​មួយចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់ RFA VOA និង​វិទ្យុ​VOD​ជាដើម​៕


Tag:
 RFA
  ​ពន្ធ​
  ​ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com