អន្តរជាតិ
តើ​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភព​លោកមា​នក​ម្ព​ស់ប៉ុ​ន្មា​ន​? នេ​ប៉ាល់​កំពុងតែធ្វើការ​លើគ​ម្រោ​ង​មួយ​ដើម្បី​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​ទៀត​
27, Sep 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​ញូ​វ​ដេលី ៖ ប្រទេស​នេ​ប៉ាល់​កំពុងតែ​ចាប់ផ្តើម​ធ្វើការ​លើ​គម្រោង​រយៈពេល​២​ឆ្នាំ​ដ៏​មាន​មហិច្ឆតា​មួយ ដើម្បី​វាស់វែង​ឡើងវិញ​ទៅលើ​កំពូលភ្នំ​អេ​វឺ​រ៉េ​ស ដោយ​សង្ឃឹមថានឹង​អាច​ស្រាយ​បញ្ហា​ទិន្នន័យ​ដែល​ចម្រូងចម្រាស​អំពី​ភ្នំ​ដ៏​ល្បីល្បាញ​មួយ​នេះ ដែល​ទាក់ទាញ​អ្នក​ឡើង​ភ្នំ​មកពី​ទូទាំង​ពិភពលោក​។​



​ប៉ុន្តែ​គម្រោង​មួយ​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​មោទនភាព​ជាតិ​ផងដែរ ដោយសារតែ​ការវាស់វែង​រាល់ដង​គឺ​ក្រុមការងារ​ឥណ្ឌា​និង​ចិន​ជា​អ្នកធ្វើ​។ ឥឡូវនេះ ប្រទេស​ដ៏​តូច​មួយ​នេះ ដែល​ស្ថិតនៅ​ចន្លោះ​ជួរ​ហិមាល័យ ចង់​វាស់កម្ពស់​ភ្នំ​អេ​វឺ​រ៉េ​ស​ដោយ​ខ្លួនឯង ហើយ​ដើម្បី​បង្ហាញថា ខ្លួន​មិន​ពឹង​ផ្អែកលើ​ប្រទេសជិតខាង​ទាំងពីរ​ទៀត​ទេ​។

​មោទនភាព​ជាតិ​


​ដោយ​ហៅ​កំពូលភ្នំ​ដ៏​ខ្ពស់​របស់​នេ​ប៉ាល់​ថា​ជា​របស់​ដ៏​មានតម្លៃ លោក​Ganesh Prasad Bhatta អគ្គនាយក​នាយកដ្ឋាន​វាស់វែង​នេ​ប៉ាល់​បាន​មានប្រសាសន៍ថា «​ខ្ញុំ​ធ្លាប់​និយាយថា ចាប់តាំងពី​រកឃើញ​ភ្នំ​អេ​វឺ​រ៉េ​សមក ប្រទេស​នេ​ប៉ាល់​មិនដែល​ធ្លាប់​វាស់វែង​វា​ដោយ​ខ្លួនឯង​នៅឡើយ​ទេ​»​។ លោក​ក៏​គូសបញ្ជាក់ថា នេ​ប៉ា​ល់អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើការ​ងារ​នេះ​បាន​។ លោក​បាន​បន្ថែមទៀតថា «​យើង​ចង់​រក្សា​កិត្តិយស​របស់​ប្រទេស​យើង ដែល​នេ​ប៉ាល់​មាន​សមត្ថភាព​អាចធ្វើ​ការវាស់វែង​ដែល​លំបាកៗ​បាន​ដោយ​ខ្លួនឯង​»​។​

​ថ្វីត្បិតតែ​ប្រទេស​នេ​ប៉ាល់​មាន​កំពូលភ្នំ​ខ្ពស់ៗ​៨​ក្នុងចំណោម​កំពូលភ្នំ​ខ្ពស់ៗ​ជាងគេ​ទាំង​១៤​នៅ​ទូទាំង​ពិភពលោក​ដែលមាន​កម្ពស់​លើសពី​៨០០០​ម៉ែត្រ​ក៏ដោយ ក៏​ភ្នំ​អេ​វឺ​រ៉េ​ស​គឺជា​កន្លែង​សំខាន់​ជាងគេ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ តាមរយៈ​ប្រាក់ចំណូល​រាប់លាន​ដុល្លារ​ដែល​បានមកពី​អ្នក​ឡើង​ភ្នំ​ដែល​ប្រាថ្នា​ចង់​ឡើងដល់​កំពូលភ្នំ​ខ្ពស់​ជាងគេ​ក្នុង​លោក​នេះ​។​

​ប្រវត្តិ​នៃ​ការវាស់វែង​

​ការវាស់វែង​ភ្នំ​អេ​វឺ​រ៉េ​ស​លើកដំបូង​បំផុត​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ​១៨៥៤ ប៉ុន្តែ​កម្ពស់​ភ្នំ​នេះ​ដែល​ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នោះ គឺ​កម្ពស់​៨៨៤៨​ម៉ែត្រ ដែល​ត្រូវបាន​វាស់វែង​ដោយ​ឥណ្ឌា​ក្នុង​រយៈពេល​មួយ​សតវត្សរ៍​ក្រោយមក​។​

​ក្នុង​ឆ្នាំ​១៩៩៩ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ផ្កាយរណប ក្រុមការងារ​អាមេរិកាំង​មួយក្រុម​ដែល​ឧបត្ថម្ភ​ដោយសារ​មន្ទីរ​វិទ្យាសាស្ត្រ​ក្រុង បុស​ស្តុ​ន និង​អង្គការ​ស្រាវជ្រាវ​ភូមិសាស្ត្រ National Geographic Society​បាន​សន្និដ្ឋានថា ភ្នំ​នេះ​ខ្ពស់ជាង​៨៨៥០​ម៉ែត្រ​បន្តិច​។ ប៉ុន្តែ​៦​ឆ្នាំ​ក្រោយមក បេសកកម្ម​របស់​ចិន​ទៅកាន់​កំពូលភ្នំ​នេះ​បាន​បន្ទាប​កម្ពស់​ភ្នំ​នេះ ដោយ​និយាយថា វាស់​ពី​ថ្ម​នៅលើ​កំពូលភ្នំ​នេះ គឺមាន​កម្ពស់​តែ​៨៨៤៤,៤៣​ម៉ែត្រ​តែប៉ុណ្ណោះ​។ ភ្នំ​នេះ​គឺ​ស្ថិតនៅ​ចន្លោះ​ព្រំប្រទល់​រវាង​ប្រទេស​នេ​ប៉ាល់​និង​ប្រទេស​ចិន​។

​ភាពចម្រូងចម្រាស​មួយ​រវាង​ប្រទេស​ទាំងពីរ​បាន​ផ្ទុះឡើង ប៉ុន្តែ​ប្រទេស​នេ​ប៉ាល់​បាន​ទទូចថា ការ​វាស់​ភ្នំ​នេះ​គឺ​វាស់​យក​ពី​ព្រិល​ទឹកកក​នៅលើ​កំពូលភ្នំ​នេះ​។ ដូច្នេះ​កម្ពស់​ជា​ផ្លូវការ​របស់​ភ្នំ​នេះ​មាន​កម្ពស់​៨៨៤៨​ម៉ែត្រ​ដដែល​។

​គំនិត​ផ្តួចផ្តើម​ក្នុងការ​វាស់​ភ្នំ​នេះ​កាលពី​ឆ្នាំ​២០១២ មិនដែល​ត្រូវបាន​អនុវត្ត​នោះឡើយ​។​

​ការប្រែប្រួល​អាកាសធាតុ​

​ទោះជា​យ៉ាងណាក៏ដោយ ក៏​សំណួរ​បានចាប់ផ្តើម​កើតមាន​ឡើងវិញ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​មួយ​ក្នុង​កម្រិត​៧.៨ បាន​កើតឡើង​នៅក្នុង​ប្រទេស​នេ​ប៉ាល់ ហើយ​បាន​បណ្តាល​ឲ្យ​មាន​ការបាក់​ស្រុតដី​យ៉ាងខ្លាំង​នៅលើ​ភ្នំ​អេ​វឺ​រ៉េ​ស​នេះ​កាលពី​ឆ្នាំ​២០១៥​។ ក៏មាន​ការព្រួយបារម្ភ​ថា កំពូលភ្នំ​ដ៏​ខ្ពស់​ជាងគេ​នៅក្នុង​ពិភពលោក​មួយ​នេះ​មិនអាច​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​បានទេ​។ អ្នក​ឡើង​ភ្នំ​និង​អ្នកស្រុក​និយាយថា ផ្លូវ​ឡើង​មួយចំនួន​ទៅកាន់​កំពូលភ្នំ​នេះ​ក្លាយទៅជា​ថ្ម ដោយសារតែ​បាត់បង់​ព្រិល​ទឹកកក​ដែលជា​គម្រប​នោះ​។ បន្ថែម​ពីលើ​នេះ ក៏មាន​ការប្រែប្រួល​ភូគព្ភសាស្ត្រ​នៃ​ជួរ​ភ្នំ​ហិមាល័យ​ដ៏​វ័យក្មេង​នេះ​ដែល​នៅតែ​បន្ត​លូតលាស់ ហើយ​កត្តា​ទាំងនេះ​ជំរុញ​ឲ្យ​មានការ​វាយតម្លៃ​ឡើងវិញ​ទៅលើ​ភ្នំ​អេ​វឺ​រ៉េ​ស​។​

​កាលពីដើម​ឆ្នាំនេះ ឥណ្ឌា​បាន​ស្ម័គ្រចិត្ត​វាស់វែង​ភ្នំ​នេះ​ឡើងវិញ ប៉ុន្តែ​ការណ៍​នេះ​បាន​ចោទ​ជា​សំណួរ​នៅក្នុង​ប្រទេស​នេ​ប៉ាល់​។ នៅក្នុង​វិចារណកថា​មួយ​នៃ​កាសែត Kathmandu Post បានសរសេរថា «​វា​គឺជា​ទ្រព្យសម្បត្តិ​របស់​យើង ហើយក៏​ជា​បេតិកភណ្ឌ​របស់​យើង​ដែរ​។ យើង​ត្រូវតែ​វាស់កម្ពស់​ទ្រព្យសម្បត្តិ​របស់​យើង​ដោយ​ខ្លួនឯង ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដែល​អាចធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ​ទាំងអស់​នៅក្នុង​ពិភពលោក​យល់ស្រប​។ នេះ​គឺជា​ការទទួលខុសត្រូវ​របស់​យើង​»​។​

​លោក Yubaraj Ghimire អ្នកធ្វើ​អត្ថាធិប្បាយ​នេ​ប៉ាល់ និយាយថា ប្រទេស​នេះ​ជឿថា វា​មិនមែន​សំខាន់​ត្រឹមតែ​ការវាស់វែង​ដ៏​ត្រឹមត្រូវ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវតែ​ជាការ​វាស់វែង​ដោយ​ខ្លួនឯង​ផ្ទាល់​។ «​នេះ​ជា​រឿង​រសើប​ខាង​អារម្មណ៍​ជាតិនិយម​របស់​ពលរ​ដ្ឋ​នេ​ប៉ាល់​»​។​

​សេចក្តីសម្រេច​ចុងក្រោយបង្អស់​

​ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ ប្រទេស​នេ​ប៉ាល់​សង្ឃឹមថា នឹង​ផ្តល់​សេចក្តីសម្រេច​ចុងក្រោយបង្អស់​ទៅលើ​កម្ពស់​ភ្នំ​ដ៏​ចម្រូងចម្រាស​នេះ​។​

​លោក Bhatta អគ្គនាយក​នាយកដ្ឋាន​វាស់វែង​នេ​ប៉ាល់​បាន​មានប្រសាសន៍ថា ការិយាល័យ​របស់លោក កំពុងតែ​សម្រេច​ចុងក្រោយ​ទៅលើ​វិធីសាស្ត្រ​វាស់វែង ហើយ​ក្រុមការងារ​ឡើង​ភ្នំ​មាន​ឧបករណ៍​សម្រាប់​វាស់វែង​ដែល​នឹងត្រូវ​ជញ្ជូន​ឡើងទៅ​លើ​កំពូលភ្នំ​នោះ​នៅក្នុង​ខែមេសា​ឬ​ខែតុលា​ឆ្នាំក្រោយ​។

​ខណៈដែល​នៅតែ​ប្រកាន់​ជំហរ​រឹងមាំ​ក្នុងការ​ដឹកនាំ​គម្រោង​នេះ​ដោយ​ខ្លួនឯង ក្រុមមន្ត្រី​នេ​ប៉ាល់​និយាយថា ពួកគេ​នឹងធ្វើ​ឲ្យ​អន្តរជាតិ​ទទួលស្គាល់​ទិន្នន័យ​ដែល​ពួកគេ​រកឃើញ ហើយ​អាច​អនុញ្ញាត​ឲ្យ​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​គាំទ្រ​ពួកគេ​ជា​បច្ចេកទេស​ឬ​ចូលរួម​ក្នុង​គម្រោង​របស់​ពួកគេ​បាន​។

​លោក Bhatta បាន​ថ្លែងថា «​យើង​ចង់​ធានា​ដល់​សហគមន៍​អន្តរជាតិ​ថា អ្វីដែល​ត្រូវធ្វើ បានធ្វើ​យ៉ាង​ត្រឹមត្រូវ​ជាមួយនឹង​វិធីសាស្ត្រ​ស្តង់ដារ ហើយ​និង​មិនគួរ​មាន​មន្ទិល​ទៅលើ​លទ្ធផល ឬអ្វី​ដែល​យើង​ធ្វើ​ចេញ​ជា​លទ្ធផល​នោះទេ​»​។​

​វា​សំខាន់​ណាស់​ក្នុង​ការបំបាត់​ការភាន់ច្រឡំ​ទៅលើ​កម្ពស់​ភ្នំ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក​នេះ​។ ប៉ុន្តែ​សម្រាប់​សហគមន៍​ដែល​រស់​នៅលើ​ដែនដី​នៃ​ភ្នំ​នេះ មានការ​ព្រួយបារម្ភ​ចំពោះ​ឥទ្ធិពល​នៃ​ការឡើង​កម្តៅ​ផែនដី​ទៅលើ​ភ្នំ​នេះ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Ang Tshering Sherpa វ័យ​៦៣​ឆ្នាំ​។ អ្នក​ឡើង​ភ្នំ​តាម​រដូវ​រូបនេះ បាន​ធំ​ឡើង​នៅក្នុង​ភូមិ​មួយ​ដែល​ស្ថិតនៅតាម​ជម្រាលភ្នំ​អេ​វឺ​រ៉េ​ស​នេះ ហើយ​លោក​មាន​គម្រោង​នឹងធ្វើ​ដំណើរ​ជា​ក្រុម​ឡើងទៅ​ជម្រាលភ្នំ​នេះ​។

​លោក​បាន​និយាយថា អ្នកស្រុក​ជឿថា «​ភ្នំ​អេ​វឺ​រ៉េ​សគឺ​ធំ មាំ មិន​ផ្លាស់ប្ដូរ ខ្លាំង មាន​អានុភាព ខ្ពស់ត្រដែត និង​មិន​ងាយ​រង​ការប៉ះពាល់​ទេ​»​។ ក៏ប៉ុន្តែ​តាម​ការយល់ដឹង​ផ្ទាល់​របស់លោក​រយៈពេល​រាប់​ទសវត្សរ៍​ទៅលើ​ជួរ​ភ្នំ​នេះ គឺ​ខុសពី​អ្វីដែល​អ្នកស្រុក​យល់​ឃើញ​។​

​លោក​បាន​ថ្លែងថា «​ការពិត​គឺថា តំបន់​នេះ​គឺជា​តំបន់​មួយ​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​ពិភពលោក ដោយសារតែ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​។ ព្រិល​ទឹកកក​នៅលើ​កំពូលភ្នំ​នេះ​និង​ផ្ទាំង​ទឹកកក​កំពុងតែ​រលាយ​យ៉ាង​ឆាប់រហ័ស ហើយ​រសាត់​ទៅ​បាត់​ក្នុង​ល្បឿន​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com