អន្តរជាតិ
រុស្ស៊ី​គំរាម​បិទ​«​ហ្វេ​ស​ប៊ុ​ក​»​ក្នុងប្រទេស​ត្រឹម​ឆ្នាំ ២០១៨ ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​ជិត​មកដល់
27, Sep 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីភ្នាក់ងារ​រដ្ឋ​ទទួលបន្ទុក​ឃ្លាំមើល និង​គ្រប់គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍​របស់​សហព័ន្ធរុស្ស៊ី​បាន​ព្រមាន​ហាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ដំណើរការ​នៅ​រុស្ស៊ី​នៅត្រឹម​ឆ្នាំ ២០១៨ ក្នុងករណី​ដែល​ក្រុមហ៊ុន​នេះ​មិន​គោរព​ច្បាប់​របស់​។ ច្បាប់​រុស្ស៊ី​ទាមទារ​ឲ្យ​ហ្វេ​ស​ប៊ុ​ក​បង្កើត​ប្រព័ន្ធ​រក្សា​ទិន្នន័យ​អ្នកប្រើប្រាស់​នៅក្នុង​ទឹកដី​រុស្ស៊ី​ផ្ទាល់​។​



​ទីភ្នាក់ងារ​រដ្ឋ Roskomnadzor ដែល​ទទួលបន្ទុក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ទូរគមនាគមន៍​បាន​ដាស់តឿន​ឲ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​គោរព​តាមច្បាប់​របស់ខ្លួន​ដោយ​ដំឡើង​ប្រព័ន្ធ​រក្សា​ទិន្នន័យ​អ្នកប្រើប្រាស់​នៅក្នុង​ទឹកដី​រុស្ស៊ី​។ បើ​មិន​ដូច្នោះ​ទេ រុស្ស៊ី​នឹង​ហាមឃាត់​ការ​ដំណើការ​របស់​បណ្តាញ​សង្គម​មួយ​នេះ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៨​។ 

​លោក Alexander Zharov ប្រធាន​ទីភ្នាក់ងារ Roskomnadzor ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Interfax ដូច្នេះ​ថា​៖« ច្បាប់​គឺមាន​អនុភាព​គតិយុត្តិ​សម្រាប់​មនុស្ស​ទាំងអស់គ្នា​។ យើង​នឹងដាក់​វិធានការ​ដើម្បី​ធានាថា ហ្វេ​ស​ប៊ុ​ក​គោរព​ច្បាប់​។ វា​នឹង​កើតឡើង​នៅត្រឹម​ឆ្នាំ ២០១៨ ខាងមុខនេះ​»​។​
 
​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​រូបនេះ​បាន​សង្កត់ធ្ងន់ថា ក្នុងករណី​ដែល​ហ្វេ​ស​ប៊ុ​ក​មិន​គោរព​ច្បាប់ ហ្វេ​ស​ប៊ុ​ក​នឹង​អាច​ឈប់​ដំណើរការ​ទៅបាន​នៅ​រុស្ស៊ី​ទៀត មិន​ខុសពី​បណ្តាញ​សង្គម LinkedIn ឡើយ​។

«​ក្នុងករណី​ដែល​នេះ យើង​ត្រូវអនុវត្ត​ច្បាប់ ឬក៏​ក្រុមហ៊ុន​នេះ​ត្រូវ​ឈប់​ដំណើរការ​នៅ​រុស្ស៊ី ដូចដែល​រឿង​ដែល​ធ្លាប់​កើតឡើង​ចំពោះ​ក្រុមហ៊ុន LinkedIn ដែរ​។ វា​គ្មាន​ការលើកលែង ឬ​ករណី​ពិសេស​ឡើយ​នៅទីនេះ​»​។ នេះ​ជាការ​អធិប្បាយ​របស់​ប្រធាន​ទីភ្នាក់ងារ Roskomnadzor​។​

​រុស្ស៊ី​បានដាក់​ចេញ​ច្បាប់​ដ៏​ចម្រូងចម្រាស​ដែល​តម្រូវ​ឲ្យ​បណ្តា​ក្រុមហ៊ុន​បណ្តាញ​សង្គម​បរទេស និង​ក្រុមហ៊ុន​ស្វែងរក​ទិន្នន័យ បង្កើត​ប្រព័ន្ធ​រក្សា​ទិន្នន័យ​អ្នកប្រើប្រាស់​នៅ​រុស្ស៊ី​ផ្ទាល់​នៅ​ឆ្នាំ ២០១៤​។ ការបង្កើត​បទបញ្ញត្តិ​នេះ​បង្ក​ឲ្យ​មានការ​ប្រតិកម្ម និង​ទិតៀន​ខ្លាំង​ផងដែរ​ពី​សំណាក់​ក្រុមហ៊ុន​ឧស្សាហកម្ម​ទូរគមនាគមន៍ ហើយ​គេ​មើលឃើញថា វា​ជា​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ក្នុងការ​បង្ខំ​ឲ្យ​ហ្វេ​ស​ប៊ុ​ក និង Twitter ផ្ទេរ​ទិន្នន័យ​ឬ​ព័ត៌មាន​អ្នកប្រើប្រាស់​មក​ឲ្យ​ខ្លួន​។

​តាមពិតទៅ ការបង្ខំ​ឲ្យ​ហ្វេ​ស​ប៊ុ​ក​គោរព​ច្បាប់​ខ្លួន​នេះ កើតឡើង​ក្រោយ​ពេលដែល​ហ្វេ​ស​ប៊ុ​ក​ទម្លាយ​ថា គណនី​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​រុស្ស៊ី​ជាច្រើន​បាន​ចំណាយលុយ​ផ្សាយពាណិជ្ជកម្ម​លើ​ហ្វេ​ស​ប៊ុ​ក ដែល​អាចមាន​ឥទ្ធិពល​លើ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំមុន​។ ហ្វេ​ស​ប៊ុ​ក​ក៏បាន​ចែករម្លែក​របាយការណ៍​នេះ​ជាមួយ​អាជ្ញាធរ​អាមេរិក​ផងដែរ​។​

​មួយវិញទៀត វា​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​រុស្ស៊ី​តែ​ម្តងនា​ខែមីនា​ឆ្នាំ​ក្រោយនេះ​។ នៅ​រុស្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​ដែលជា​គូប្រជែង​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន លោក Alexei Navalny  បាន​ប្រើប្រាស់​ហ្វេ​ស៊​បុក​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ជាពិសេស​ថ្លែង​សារ​នយោបាយ​និង រៀបចំ​បាតុកម្ម​នានា​ប្រឆាំង​រដ្ឋាភិបាល​ថែមទៀត​ផង​៕


Tag:
 រុស្ស៊ី​
  Roskomnadzor
  ហ្វេ​ស៊​បុក​
  Alexander Zharov
  វ៉ា្ល​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com