អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទៅ​ប៉េកាំង ជជែក​រឿង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​
27, Sep 2017 , 8:39 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន នឹង​ធ្វើទៅ​ដំណើរ​ទៅកាន់​ក្រុង​ប៉េកាំង​ដើម្បី​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន​។ វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ និង​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី ក្លាយជា​កម្មវត្ថុ​ចម្បង នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​រូបនេះ​។​



​ក្រសួងការបរទេស​អា​មេ​រិ​ក បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា រដ្ឋមន្ត្រី​ការទូត​អាមេរិក លោក រិច ធី​ល័​រ​សិន នឹង​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង រយៈពេល​៣​ថ្ងៃ ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Heather Nauert បាន​បញ្ជាក់ថា​៖«​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន នឹង​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​របស់​ចិន ហើយ​លោក នឹង​ពិភាក្សា​ពី​បញ្ហា​ជាច្រើន រួមទាំង​គម្រោង​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅកាន់​តំបន់​អាស៊ី ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ រួមទាំង​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ផង​»​។​

​វត្តមាន​របស់ ប្រមុខ​ការទូត​អាមេរិក​នៅ​ចិន កើតឡើង​ចំពេល​ដែល​ភាព​តានតឹង​កើនឡើង​ខ្លាំង​រវាង​អាមេរិក និង​កូរ៉េខាងជើង បន្ទាប់ពី​រដ្ឋ​កុម្មុយនីស្ត​នេះ បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន​ឥតឈប់ឈរ​។ អាមេរិក ប្រហែលជា​បន្ត​ទទូច​ឲ្យ​ចិន ចាត់វិធានការ​បន្ថែម​ទៀត ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​។​

​នៅ​ថ្ងៃ​អង្គារ​ទី ២៦ កញ្ញា ដូ​ណា​ល់ ត្រាំ ក៏បាន​ព្រមាន​កូរ៉េខាងជើង​ដែរ​ថា  ការប្រើប្រាស់​កម្លាំង​ទ័ព​របស់​អាមេរិក នឹងធ្វើ​ឲ្យ​កូរ៉េខាងជើង​ខ្ទេចខ្ទី ប៉ុន្តែ​លោក​ទទួលស្គាល់ថា ការប្រើ​កម្លាំងបាយ​មិនមែនជា​ជម្រើស​ទីមួយ​របស់​អា​មេ​រិ​កឡើ​យ​។ ចំណែក​ក្រុង​ប៉េកាំង ដែលជា​ខ្នងបង្អែក​កូរ៉េខាងជើង​នោះ បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់ ត្រឡប់​ទៅរក​ការសន្ទនា​វិញ ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​។​

​កន្លងមក​មហា​យក្ស​ចិន ក៏បាន​គាំទ្រ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ ប្រឆាំង​កូរ៉េខាងជើង​ផងដែរ ហើយ​ចិន ក៏បាន​សន្យា​អនុវត្ត​ដំណោះស្រាយ​នេះ ឲ្យ​បាន​ពេញលេញ​ដែរ​។ ប៉ុន្តែ ចិន​នៅតែ​ជំទាស់​វិធានការ​ឯកតោភាគី​រប​ស់​អាមេរិក ដែល​ចង់​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រាល់​ប្រទេស​ទាំងអស់ ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​។​

​ដោយឡែក​ថ្ងៃ​អង្គារ​ទី ២៦ ខែកញ្ញា ក្រសួង​សេដ្ឋកិច្ច​អាមេរិក បានសម្រេច​ដាក់ទណ្ឌកម្ម​ប្រឆាំង​មន្ត្រី​កូរ៉េខាងជើង ២៦​នាក់ និង​ធនាគារ​កូរ៉េខាងជើង​ចំនួន ៩​ផ្សេងទៀត ដែល​ក្នុងចំណោម​នោះ​មាន​ធនាគារ ដែលមាន​ទំនាក់ទំនង​ជាមួយ​ចិន​ផងដែរ​៕
 

Tag:
 ចិន​
  រិច ធី​ល័​រ​សិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com