អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ​ប្រជុំពិភាក្សា​រឿង​រ៉ូ​ហ៊ីង​យ៉ា ខណៈ​ក្រុម​សិទ្ធិមនុស្ស​សុំ​ឲ្យ​ដាក់ទណ្ឌកម្ម​មេដឹកនាំ​មី​យ៉ាន់​ម៉ា​
27, Sep 2017 , 5:23 pm        
រូបភាព
​ក្រុមប្រឹក្សាសន្តិសុខ​ជួបប្រជុំ​បិទទ្វារ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​ពី​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បន្ត​អូសបន្លាយ​ដល់ពេល​បច្ចុប្បន្ន និង​បង្ក​ឲ្យ​មនុស្ស​ជិត ប្រាំ​សែន​នាក់​រត់​ភៀសខ្លួន​នោះ​។ កិច្ចពិភាក្សា​នេះ​បានកំណត់​យក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ កញ្ញា សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​មួយទៀត​ដោយមាន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ចូលរួម​ផង​។ គេ​រំពឹងថា កិច្ចប្រជុំ​ពិសេស​នេះ​នឹង​ត្រួសត្រាយ​សម្រាប់​ការស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ ខណៈដែល​ក្រុម​សិទ្ធិមនុស្ស​បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ហាមឃាត់​ការលក់​អាវុធ​ឲ្យ​មី​យ៉ាន់​ម៉ា​និង​ដាក់ទណ្ឌកម្ម​បុគ្គល​មួយចំនួន​ដែល​ពាក់ព័ន្ធ​ផងដែរ​។



​បន្ទាប់ពី​មានការ​រង់ចាំ​អស់​ពេល​ជា​យូរ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែលជា​ស្ថាប័ន​មាន​ឥទ្ធិពល​ផុត​គេ​នោះបាន​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​មី​យ៉ាន់​ម៉ា​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា កិច្ចប្រជុំ​បិទទ្វារ​នេះ​មានការ​ចូលរួម​ពី​បណ្តា​សមាជិក  ហើយ​កិច្ចពិភាក្សា​នេះ​គឺធ្វើឡើង​ដើម្បី​ឆ្លើយ​បត​នឹង​វិបត្តិ​មនុស្សជាតិ​នៅ​រដ្ឋ Rakhine ដែល​បង្ក​ឲ្យ​មាន​ប្រជាជន​ជិត​ប្រាំ​សែន​នាក់​រត់​ភៀសខ្លួន​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​កិច្ចប្រជុំ​នេះ​កំណត់​ឲ្យ​មាន​កិច្ចប្រជុំ​មួយទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដែល​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guteress និង​តំណាង​ក្រុង​ប៉េកាំង​ដែលជា​ខ្នងបង្អែក​មី​យ៉ាន់​ម៉ា​នោះ​ឡើង​ថ្លែង​សុន្ទរកថា​ពាក់ព័ន្ធ​ស្ថានការណ៍​វិបត្តិ​ផង​។ 

​ជុំវិញ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នេះ តំណាង​រដ្ឋាភិបាល​អង់​គ្លេ​ស ឯកអគ្គរាជទូត​រង​ប្រចាំ​អង្គការសហប្រជាជាតិ Jonathan Allen បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដាក់ចេញ​ចំណាត់​ការដែល​បង្ហាញ​ជា​សារ​មួយ​ជាក់លាក់​ទៅកាន់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ឲ្យ​បញ្ឈប់​អំពើហិង្សា​ប្រដាប់អាវុធ​នេះ​។ មន្ត្រី​ទូត​រូបនេះ​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ផ្គត់ផ្គង់​ជំនួយ​មនុស្សធម៌​ទៅកាន់​រដ្ឋ Rakhine ហើយ​មី​យ៉ាន់​ម៉ា​ត្រូវ​ដោះស្រាយ បញ្ហា ឋានៈ​និង​ស្ថានភាព ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ត្រូវគេ​ចាត់ទុកជា​ប្រជាជន​គ្មាន​រដ្ឋ​នោះ ឲ្យ​ខាងតែបាន​។

​ចំណែក​តំណាង​បារាំង លោក Francois Delattre  ឯណោះ​វិញ  បាន​អំពាវនាវ​ទៅកាន់​សមាជិក​ទាំងអស់​ឲ្យ​រួបរួមគ្នា​ឆ្លើយតប​បញ្ហា​ប្រឈម និង​ដាក់​សម្ពាធ​ល់​អាជ្ញាធ​មី​យ៉ាន់​ម៉ា​ដើម្បី​ឲ្យ​ស្វែងរក​ដំណោះស្រាយ​សមរម្យ​ផង​។ 

​ដោយឡែក បារាំង​នឹងធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ចាប់ពី​ថ្ងៃ ១​តុលា​ខាងមុខ ហើយ​បារាំង​ក៏បាន​អញ្ជើញ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក កូហ្វី អាណាន់ មក​ថ្លែងការណ៍​ពាក់ព័ន្ធ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​នៅ​សប្តាហ៍​ក្រោយ ក្នុងនាម​លោក​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​យោបល​លើ​បញ្ហា​រដ្ឋ Rakhine​។ របាយការណ៍​ចុងក្រោយ​របស់លោក ក៏​តស៊ូ​មតិ​ឲ្យ​មានការ​ផ្តល់​សញ្ជាតិ​ពេញលេញ​ដល់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែរ​។​

​ទោះជា​យ៉ាងណាក្តី ការចេញ​ដំណោះស្រាយ​ដាក់​សម្ពាធ​លើ​មី​យ៉ាន់​ម៉ា នៅតែ​ជា​រឿង​ស្រពេចស្រពិល​សម្រាប់​ក្រុមប្រឹក្សាសន្តិសុខ​។ មី​យ៉ាន់​ម៉ា​មាន​ខ្នងបង្អែក​ធំ​ពីរ​នៅ​ក្រុមប្រឹក្សា​នេះ​ក្នុងនោះ​មាន​រុស្ស៊ី និង​ចិន ហើយ​មី​យ៉ាន់​ម៉ា​ក៏បាន​ស្វះ​ស្វែងរក​ជំនួយ​ពី​ប្រទេស​ទាំងពីរ​រួចរាល់​ហើយ​ដើម្បី​ផ្តល់​ការពារ​ដល់​ខ្លួន​ផ្នែក​ការទូត​ក្នុងករណី​ចាំបាច់​។ កន្លងមក រុស្ស៊ី ឬ​ចិន​ក្តី​សុទ្ធតែ​ប្រើប្រាស់​ភាសា​ស្រដៀង​គ្នា​ពាក់ព័ន្ធ​បញ្ហា​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដោយ​គេ​ចាត់ទុក​ប្រតិបត្តិការ​សឹក​របស់​ទាហាន​មី​យ៉ាន់​ម៉ា​ជា​ការរក្សាសន្តិសុខ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ ស្រប​ពេលដែល​ថ្កោលទោស​ក្រុម​ឧទ្ទាម ចិន​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​បញ្ចប់​អំពើហិង្សា​ប្រដាប់អាវុធ​ផងដែរ​។​

-​ក្រុម​សិទ្ធិមនុស្ស​ទាមទា​រ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដាក់ទណ្ឌកម្ម​មន្ត្រី​មី​យ៉ាន់​ម៉ា និង​ហាម​លក់​អាវុធ​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ គេ​មិនអាច​ដឹង​ច្បាស់​ថា ក្រុមប្រឹក្សាសន្តិសុខ​នឹងមាន​វិធានការ​បែបណា​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​នេះឡើយ​។ ក្រុម​សិទ្ធិមនុស្ស​ដែល​តែង​ថ្កោលទោស​មី​យ៉ាន់​ម៉ា ជាពិសេស​លោកស្រី ស៊ូ​ជី នោះ​ក៏បាន​ឆ្លៀតឱកាស​អំពាវនាវ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​ពិចារណា​ដាក់ទណ្ឌកម្ម និង​ហាមឃាត់​ការលក់​អាវុធ​ឲ្យ​ទាហាន​មី​យ៉ាន់​ម៉ា​ដែរ​។​

​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Louis Charbonneau បាន​សង្កត់ធ្ងន់​ដូច្នេះ​៖« ក្រុមប្រឹក្សាសន្តិសុខ​ត្រូវ​ប្រញាប់ប្រញាល់​ពិចារណា​ដាក់ទណ្ឌកម្ម​ហាម​លក់​អាវុធ​ឲ្យ​ទាហាន​មី​យ៉ាន់​ម៉ា និង​ដាក់ទណ្ឌកម្ម​ប្រឆាំង​រាល់​បុគ្គល​ដែល​ទទួលខុសត្រូវ​ចំពោះ​បទឧក្រិដ្ឋ​ដែល​បង្កឡើង​ប្រឆាំង​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​»​។

​លោក​បន្ថែម​ដូច្នេះ​៖ «​យើង​សង្ឃឹមថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នឹង​អាចរួមចំណែក​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដាក់ចេញ​ចំណាត់ការ​ឆាប់រហ័ស​ឆ្លើយតប​នឹង​វិ​ប​ត្ត​ផងដែរ​»​។​

​ចំណែក​អង្គការសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​មាន​ទាំង​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ជនភៀសខ្លួន ក៏បាន​អំពាវនាវ​យ៉ាងទទូច​ទៅកាន់​ភាគី​ពាក់ព័ន្ធ​រួមទាំង​បណ្តា​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ឲ្យ​ចូលរួម​ដោះស្រាយ​បញ្ហា មិនមែន​ត្រឹម​ចេញ​សេចក្តីថ្លែងការណ៍​នោះឡើយ​។

​តាមពិតទៅ មុន​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជា​ផ្លូវការ បណ្តា​អង្គការសិទ្ធិមនុស្ស​បាន​បង្ហាញ​ការខកចិត្ត​ចំពោះ​ស្ថាប័ន​នេះ​ដោយសារ​ភាពយឺតយ៉ាវ និង​ស្ទាក់ស្ទើរ​ក្នុងការ​ដាក់ចេញ​វិធាន​ការដាក់​សម្ពាធ​មី​យ៉ាន់​ម៉ា និង​បណ្តែតបណ្តោយ​ឲ្យ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​។  អង្គការសិទ្ធិមនុស្ស​ទាំង​នោះ​រួមទាំង​ទីភ្នាក់ងារ​អង្គ​ករ​សហប្រជាជាតិ​ផង​បាន​អះអាងថា យុទ្ធនាការ​សឹក​របស់​ទាហាន​មី​យ៉ាន់​ម៉ា​ប្រៀបដូចជា​ការ​បោសសម្អាត​ជនជាតិភាគតិច​ដោយមាន​ការសម្លាប់ រំលោភ និង​ដុត​កម្ទេច​ផ្ទះសម្បែង​ប្រជាជន​ផង​។

​ប៉ុន្តែ រដ្ឋាភិបាល​ស៊ីវិល​របស់​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ទាត់ចោល​ការចោទប្រកាន់ និង​បកស្រាយ​ថា កងទ័ព​រក្សា​ក្រមសីលធម៌ និង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ធានាថា ជន​ស៊ីវិល​និង​ទ្រព្យសម្បត្តិ​តិចតួច​ប៉ុណ្ណោះ​រង​ផលប៉ះពាល់នោះ​។ តាមពិតទៅ​ទាហាន​មី​យ៉ាន់​ម៉ា​បាន​បើក​ប្រតិបត្តិការ​សឹក​នៅ​រដ្ឋ Rakhine ក្រោយ​ពេលដែល​ក្រុម​ឧទ្ទាម ទាហាន​រំដោះ​រ៉ូ​ហ៊ីង​យ៉ា Arakan បាន​លួច​វាយប្រហារ​ប្រឆាំង​កងកម្លាំង​សន្តិសុខ​ថ្ងៃ ២៥ ខែសីហា​កន្លងទៅ​៕


Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  UNSC
  Rakhine
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com