អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថ្មី​តៃវ៉ាន់​ប្រកាស​គាំទ្រ​ឯករាជ្យភាព​របស់ខ្លួន​ដោយ​មិន​ញញើត​ចិន​
27, Sep 2017 , 9:59 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​តៃវ៉ាន់​ដែល​ទើបនឹង​ឡើងកាន់តំណែង​លោក William Lai Ching-te ជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​បង្អស់​ដែល​ហ៊ាន​ប្រកាស​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​យ៉ាង​បើក​ជំហរ​ដោយ​មិន​ញញើត​នឹង​ការមិន​ពេញចិត្ត​របស់​ចិន​។ នាយករដ្ឋមន្ត្រី​រូបនេះ​បាន​អះអាងថា លោក​ជា​អ្នកនយោបាយ​ដែល​តស៊ូ​មតិ​ដើម្បី​ឯករាជ្យភាព​របស់​តៃវ៉ាន់​។​



​នៅ​ថ្ងៃទី​២៧​ខែកញ្ញា នាយករដ្ឋមន្ត្រី​តៃវ៉ាន់​ថ្មី​លោក William Lai Ching-te បាន​ថ្លែង​នៅក្នុង​សភា​ពី​ជំហរ​របស់លោក​ជុំវិញ​ការគាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់ ក៏ដូចជា​ទស្សន​របស់​លោក​ចំពោះ​ចិន​ផងដែរ​។ នាយករដ្ឋមន្ត្រី​តៃវ៉ាន់​រូបនេះ​បានប្រកាស​ជា​សាធារណៈ​ថា លោក​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​។​

​ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បាន​ស្រង់​សម្ដី​លោក​William Lai Ching-te ដូច្នេះ​ថា​៖ «​ខ្ញុំ​ជា​អ្នកនយោបាយ​តស៊ូ​មតិ​ដើម្បី​ឯករាជ្យភាព​តៃវ៉ាន់​»​។ នាយករដ្ឋមន្ត្រី​ថ្មី​រូបនេះ​បានប្រកាស​ត្រង់ៗ​បែប​ដោយ​មិន​ញញើត​នឹង​ការមិន​ពេញចិត្ត​របស់​ចិន​ឡើយ ទោះជា​ចិន​គំរាម​ប្រើ​កម្លាំង​ទ័ព​ដើម្បី​ដណ្ដើម​តៃវ៉ាន់​មក​គ្រប់គ្រង​ក្ដី​។​

​ដោយឡែក ចិន​កន្លងមក​បា​នប​ដិ​សេធ​ការទាមទារ​ឯករាជ្យភាព​របស់​តៃវ៉ាន់​។ អ្នកនាំពាក្យ​ការិយាល័យ​ទទួល​កិច្ចការ​ផ្ទៃក្នុង​តៃវ៉ាន់​លោក Ma Xiaoguang បាន​និយាយថា ចិន​ប្រឆាំង​យ៉ាងខ្លាំង​នឹង​ការទាមទារ​ឯករាជ្យរ​បស់​តៃវ៉ាន់​ទាំង​តាមរយៈ​សកម្មភាព និង​ពាក្យសម្ដី​។ លោក​បន្តថា តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន ដូច្នេះហើយ​ទំនាក់ទំនង​រវាង​ភាគី​ទាំងសងខាង​មិនមែនជា​ទំនាក់ទំនង​រវាង​ប្រទេស​នឹង​ប្រទេស​នោះទេ​។​

​នៅក្នុង​សន្និសីតកាសែត​ក្រុង​ប៉េកាំង លោក Ma ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា តៃវ៉ាន់​ជា​ផ្នែក​មួយ​ដែល​មិនអាច​ផ្ដាច់ខ្លួន​ពី​ចិន​បានឡើយ​។ ដូច្នេះហើយ តៃវ៉ាន់​មិនអាច​ក្លាយជា​ប្រទេស​បានឡើយ​។ ចិន​បាន​គំរាម​តៃវ៉ាន់​ម្ដង​ហើយ​ម្ដង​ទៀតថា ចិន​នឹង​វាយប្រហារ​តៃវ៉ាន់​ប្រសិនជា​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​ភាពជា​ផ្លូវការ​។​

​គួរ​បញ្ជាក់ដែរថា ចិន​កន្លងមក​បានចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​ដែល​ពិបាក​គ្រប់គ្រង​យ៉ាងខ្លាំង​។ ហើយ​ចិន​គិត​ជា​តៃវ៉ាន់​នឹងត្រូវ​បង្រួបបង្រួម​ជាមួយ​ខ្លួន​នៅ​ថ្ងៃ​ណាមួយ បើទោះបីជា​ត្រូវ​ប្រើ​ចំណាត់ការ​យោធា​ក៏ដោយ​៕


Tag:
 តៃវ៉ាន់​
  ចិន​
  William Lai Ching-te​
© រក្សាសិទ្ធិដោយ thmeythmey.com