អន្តរជាតិ
ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​កើន​លើស ៧០​ម៉ឺន​នាក់ ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​បារម្ភ​រឿង​ខ្វះខាត​ជំនួយ​
27, Sep 2017 , 10:39 pm        
រូបភាព
រូបភាព៖ NPR
រូបភាព៖ NPR
ដោយ:
​ជនភៀសខ្លួន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​បង់​ក្លា​ដែ​ស​កើនឡើង​លើសពី​៧០​ម៉ឺន​នាក់​ហើយ ដែល​ការណ៍​នេះ​បង្ក​ឲ្យ​មានការ​លំបាក​ក្នុង​ការថែទាំ​ក៏ដូចជា​ផ្ដល់​សំភារៈ​ផ្គត់ផ្គង់​ជា​ចាំបាច់​ដល់​ពួកគេ​ដែរ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​។​



 ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សម្របសម្រួល​ជំនួយ​មនុស្សធម៌​បាន​អះអាងថា ចំនួន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​ចាប់តាំងពី​ខែសីហា​បាន​កើនឡើង​ដល់​៤៨​ម៉ឺន​នាក់​ហើយ​។ ចំនួន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​សរុប​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​ទឹកដី​បង់​ក្លា​ដែ​សបាន​កើន​លើសពី​៧០​ម៉ឺន​នាក់​ហើយ​។​

​ការកើនឡើង​នៃ​ចំនួន​ជនភៀសខ្លួន​បានធ្វើ​ឲ្យ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ជួប​ការលំបាក​ក្នុងការ​ផ្ដល់ជំនួយ​មនុ​ស្ស​ធម៌​ដូចជា​ស្បៀងអាហារ​រួមជាមួយ​សម្ភារ​ចាំបាច់​ផ្សេងៗ​ទៀត​ដល់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​រត់គេច​ពី​ហិង្សា​ប្រដាប់អាវុធ​នៅ​រដ្ឋ Rakhine​។ នោះ​ក៏​ដោយសារតែ​លំហូរ​ចូល​នៃ​ជនភៀសខ្លួន​ច្រើន​លើសពី​ការផ្គត់ផ្គង់​ទៅទៀត​។​

​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric ថា ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​បាន​ដឹក​ជំនួយ​ជាច្រើន​តាម​យន្តហោះ​ដើម្បី​យកទៅ​ចែក​ដល់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​ជំរំ​ជនភៀសខ្លួន​។ ជំនួយ​ទាំងនោះ​រួមមាន សម្ភារ​សង្គ្រោះបន្ទាន់ សម្ភារ​ផ្ទះបាយ ធុង​ទឹក ចង្កៀង​ភ្លើង​និង​របស់របរ​ចាំបាច់​មួយ​ចំនួន​ទៀត​។​

 អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែម​ដូច្នេះ​ថា​៖«​ទោះជា​យើង​ខិតខំ​បន្ថែម​ជំនួយ​យ៉ាងណាក្ដី ការផ្គត់ផ្គង់​ក៏​នៅតែ​ខ្វះខាត​។ នោះ​ក៏​ដោយសារតែ​ចំនួន​ជនភៀសខ្លួន​ច្រើន​លើសពី​សមត្ថភាព​ដែល​យើង​អាច​ផ្គត់ផ្គង់​បាន​។ ដោយសារតែ​មានការ​ស្នើ​សុំ​ពី​បង់​ក្លា​ដែ​ស ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ និង​ដៃគូ​មួយចំនួនទៀត​បានផ្ដល់​ជំនួយ​សង្គ្រោះ និង​ការពារ​បន្ថែម​សម្រាប់​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ទើបនឹង​មកដល់​ជំរំ​ជនភៀសខ្លួន Nayapara និង​Kutupalong»​។​

​សូម​រម្លឹក​បន្តិច​ថា កាលពី​ថ្ងៃទី​២៥​ខែសីហា កងសន្តិសុខ​មី​យ៉ាន់​ម៉ា​និង​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​បាន​ប៉ះទង្គិច​គ្នា​នៅ​រដ្ឋ Rakhine ហើយ​ហិង្សា​ប្រដាប់អាវុធ​នេះ​នៅតែ​បន្ត​រហូត​បណ្ដាល​ឲ្យ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​មួយចំនួនធំ​រត់​ភៀសខ្លួន​មក​បង់​ក្លា​ដែ​ស​។ អង្គការសហប្រជាជាតិ​បាន​អះអាងថា ការប្រើប្រាស់​កម្លាំង​រប​ស់មី​យ៉ាន់​ម៉ា​នៅ​រដ្ឋ Rakhine មិន​ខុសពី​ការ​បោសសម្អាត​ជនជាតិភាគតិច​ឡើយ ព្រោះ​វា​មានការ​កាប់សម្លាប់ រំលោភ​សេពសន្ថវៈ និង​ដុត​ផ្ទះសម្បែង​ផង​៕


Tag:
 រ៉ូ​ហ៊ីង​យ៉ា​
 ​ អង្គការសហប្រជាជាតិ​
  Stephane Dujarric
© រក្សាសិទ្ធិដោយ thmeythmey.com