អន្តរជាតិ
ជប៉ុន​សម្លាប់​ត្រី​បា​ឡែ​ន ១៧៧​ក្បាល បង្ក​ការក្តៅក្រហាយ​ដល់​អង្គការ​អភិរក្ស​ស​ត្វ​ពិភពលោក​
28, Sep 2017 , 8:59 am        
រូបភាព
រូបភាព៖ ABC
រូបភាព៖ ABC
ដោយ:
​ជប៉ុន​បានសម្លាប់​ត្រី​បា​ឡែ​ន​ចំនួន​១៧៧​ក្បាល ដែល​ការណ៍​នេះ​បង្ក​ឲ្យ​មានការ​ក្ដៅក្រហាយ​ដល់ ក្រុម​អ្នក​អភិរក្ស​សត្វ​និង​អង្គការ​ផ្សេងៗ​ជាច្រើន​។ ការសម្លាប់​ត្រី​បា​ឡែ​ន​នេះ ជា​ចេតនា​របស់​ជប៉ុន​ដែល​ចង់បង្ហាញ​ពិភពលោក​ថា ចំនួន​ត្រី​បា​ឡែ​ន​នៅក្នុង​ប្រទេស​ខ្លួន​មាន​គ្រប់គ្រាន់​អាច​ជួញដូរ​បាន​។​



​នៅ​ថ្ងៃទី​២៦​ខែកញ្ញា ជប៉ុន​បានសម្លាប់​ត្រី​បា​ឡែ​ន​ចំនួន ១៧៧​ក្បាល​ក្នុង​យុទ្ធនាការ​ប្រចាំឆ្នាំ ដោយ​ជប៉ុន​មានបំណង​បញ្ជាក់ថា ចំនួន​ត្រី​បា​ឡែ​ន​នៅ​ប្រទេស​ខ្លួន​គ្រប់គ្រាន់​អាច​ឲ្យ​ការជួញដូរ​បាន​។ ប៉ុន្តែ​សកម្មភាព​នេះ​បាន​បង្ក​ការក្ដៅក្រហាយ​ដល់​ក្រុម​អភិរក្ស​សត្វព្រៃ​ផងដែរ​។​

​តាមពិតទៅ ជប៉ុន​ជា​សមាជិក​គណៈកម្មការ​អន្តរជាតិ​ទទួលបន្ទុក​អភិរក្ស​ត្រី​បា​ឡែ​ន​។ ប៉ុន្តែ ដោយសារ​វា​មាន​ចន្លោះ​ខ្វះខាត​មួយចំនួន​នៅក្នុង​កិច្ចព្រមព្រៀង​នេះ ជប៉ុន​ឆ្លៀត​សម្លាប់​ត្រី​បា​ឡែ​ន​ជាច្រើន​ក្បាល ហើយ​យក​លេស​ថា វា​ជាការ​ស្រាវជ្រាវ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​AFP បាន​ស្រង់​សម្ដី​មន្ត្រី​ទីភ្នាក់ងារ​នេសាទ​ជប៉ុន​លោក Kohei Ito ថា​៖«​ការសិក្សា​ស្រាវជ្រាវ​នេះ​សំខាន់​ណាស់​ក្នុងការ​បង្ហាញថា ចំនួន​ត្រី​បា​ឡែ​ន​នៅ​ជប៉ុន​គ្រប់គ្រាន់​អាច​ឲ្យ​ការជួញដូរ​ត្រី​នេះ​ជា​ម្ហូបអាហារ​ឡើងវិញ​បាន​»​។

​ទោះជា​យ៉ាងនេះ​ក្ដី ជាច្រើន​ឆ្នាំកន្លងមក ការបរិភោគ​សាច់​ត្រី​បា​ឡែ​ន​នៅ​ជប៉ុន​មានការ​ថយចុះ​។​ដូច្នេះហើយ​ទើប​គេ​សង្ស័យថា តើ​ការសម្លាប់​និង​ជួញដូរ​ត្រី​បា​ឡែ​នេះ​នៅតែ​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​ជប៉ុន​ទៀត​ឬ​អត់​នោះ​។​

​ពាក់ព័ន្ធ​ការសម្លាប់​ត្រី​បា​ឡែ​ន​នេះដែរ នៅ​ឆ្នាំ ២០១៤ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បញ្ជា​ឲ្យ​ជប៉ុន​បញ្ឈប់​ការ​ប្រមាញ់​ត្រី​បា​ឡែ​ន​ជា​រៀងរាល់ឆ្នាំ​ដោយ​មូល​ហេតុថា គម្រោង​របស់​ជប៉ុន​មិន​សមស្រប​នឹង​ស្ដង់ដារ​វិទ្យាសាស្ដ្រ​ឡើយ​។ ចំណែកឯ​ជប៉ុន​បាន​យល់ព្រម​បញ្ឈប់​ការ​ប្រមាញ់​ត្រី​បា​ឡែ​ន​នៅ​ឆ្នាំ​២០១៤ និង​២០១៥ ដើម្បី​អភិវឌ្ឍ​គម្រោង​ប្រមាញ់​បា​ឡែ​ន​ថ្មី​របស់ខ្លួន​ឲ្យ​ស្រប​នឹង​ស្ដង់ដារ​វិទ្យាសាស្ដ្រ​៕


Tag:
 Kohei Ito
  ជប៉ុន​
  ត្រី​បា​ឡែ​
  តុលាការ​យុត្តិធម៌​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com