ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​៖ ២៤​ឆ្នាំ​មកនេះ រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវបាន​គោរព​យ៉ាង​ម៉ឺងម៉ាត់​
27, Sep 2017 , 8:39 pm        
រូបភាព
រូបភាព៖ លោក អ៊ុន ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (នៅឈរនៅកណ្តាល) ស្ថិតក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។ រូបភាពពីគេហទំព័ររបស់ក្រុមប្រឹក្សាធម្មនុញ្ញ
រូបភាព៖ លោក អ៊ុន ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (នៅឈរនៅកណ្តាល) ស្ថិតក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។ រូបភាពពីគេហទំព័ររបស់ក្រុមប្រឹក្សាធម្មនុញ្ញ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុន ឈុនលឹម អះអាងថា រយៈពេល​២៤​ឆ្នាំ​មកនេះ រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ត្រូវបាន​ធានា​ឲ្យ​មាន​ការគោរព​យ៉ាង​ម៉ឹងម៉ាត់ តាម​គន្លង​មួយ​ដ៏​ប្រពៃ​។ ការលើកឡើង​របស់លោក អ៊ុន ឈុនលឹម ធ្វើឡើង​ក្នុង​សន្និសីទ​ស្តីពី «​សមិទ្ធផល​២៤​ឆ្នាំ​នៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​» ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២0១៧​នេះ​។


 
​ប្រសាសន៍​របស់លោក អ៊ុន ឈុនលឹម ក៏ត្រូវ​បាន​សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ផងដែរ​។ សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​ដកស្រង់​ប្រសាសន៍​របស់លោក អ៊ុន ឈុនលឹម ទៀតថា ប្រជាពលរដ្ឋ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មាន​កាតព្វកិច្ច​ក្នុងការ​អនុវត្តតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ទទួលបាន​តម្លៃ​រួមមួយ​សម្រាប់​ប្រទេសជាតិ​។ 
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ លោក អ៊ុន ឈុនលឹម បន្តថា  ប្រព័ន្ធ​ច្បាប់​ក្នុង​ប្រ​ទស​កម្ពុជា មាន​ទាំង​បរិមាណ​និង​គុណភាព​ស្ទើរ​គ្រប់គ្រាន់​និង​គ្រប់​ជ្រុងជ្រោយ ហើយ​មាន​ភាពរឹងមាំ ដែល​អាច​ជឿ​ទុកចិត្តបាន ដើម្បី​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​ប្រទេសជាតិ​មកដល់​បច្ចុប្បន្ន​។  
 
​ចាប់​តាំង​រដ្ឋធម្មនុញ្ញ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ពី​ឆ្នាំ​១៩៩៣ រហូតមកដល់​ពេលនេះ កម្ពុជា បាន​បង្កើត​មូលដ្ឋាន​គតិយុត្តិ​ប្រមាណ​៤៧0​ហើយ ដោយ​ក្នុងនោះ ច្បាប់​ជាតិ មាន​ប្រមាណ ២៨១ ហើយ​សិទ្ធិសញ្ញា​និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ផ្សេងៗ មាន​ប្រមាណ​១៨៩​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ុន ឈុនលឹម នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដដែល​។​
 
​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២0១៧ គឺជា​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​លើក​ទី​២៤ ដែល​ព្រះមហាក្សត្រ បាន​ឡាយព្រះហស្តលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣​។ រដ្ឋធម្មនុញ្ញ​នេះ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់ ក្រោយ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ហើយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​នេះ បាន​បើកផ្លូវ​ឲ្យ​ប្រទេស​កម្ពុជា មានការ​បោះឆ្នោត​សាកល​ជា​លើកទីមួយ ដើម្បី​ជ្រើស​តំណាងរាស្ត្រ និង​ដើម្បី​បង្កើត​រាជរដ្ឋាភិបាល រួមទាំង​ស្ថា​ប័​ជាតិ​នានា​។     

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​១៧​ជំ​ពួក និង​១៦០​មាត្រា។ ជំ​ពួក​ទាំង​១៧​នោះ ចែង​អំពី​អធិបតេយ្យ​, ព្រះមហាក្សត្រ​,  សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​, របប​នយោបាយ , សេដ្ឋកិច្ច​, អប់រំ វប្បធម៌ និង​សង្គមកិច្ច ,  រដ្ឋសភា​, ព្រឹទ្ធសភា​, សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​, រាជរដ្ឋាភិបាល​, អំណាចតុលាការ​, ក្រុមប្រឹក្សាធម្មនុញ្ញ​,  ការគ្រប់គ្រង​រដ្ឋបាល , សមាជជាតិ​, ការ​អនុភាព ការសើរើ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​, និង​អន្តរ​ប្បញ្ញត្តិ​។​
 
​ចាប់​តាំង​១៩៩៣​មក រហូតដល់​ពេលនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើ​វិសោធនកម្ម​ចំនួន​៨​លើក​ហើយ​។ ដើម្បី​ដោះស្រាយ​ការជាប់គាំង​នយោបាយ កាលពី​ឆ្នាំ​២០០៤ រដ្ឋសភា បាន​បង្កើត​ច្បាប់រដ្ឋធម្មនុញ្ញ​បន្ថែម ដែល​សំដៅ​ដល់​ការធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។ មាត្រា​១​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​បន្លែ​ម បាន​ចែងថា​៖«​ច្បាប់​នេះ​មាន​គោលដៅ​ធានា​ក្នុង​គ្រប់​កាលៈទេសៈ​នូវ​ដំណើរការ​ល្អប្រសើរ​នៃ​ស្ថាប័ន​ជាតិ ដោយ​គោរព​ទៅតាម​គោ​ការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស សម​ស្របតាម​តំរូវការ​នៃ​ភាពចាំបាច់​»៕
 
 
 
 
 
  
 
 
 

Tag:
 រដ្ឋធម្មនុញ្ញ​
  អុន ឈុនលឹម​
© រក្សាសិទ្ធិដោយ thmeythmey.com