អន្តរជាតិ
កម្ពុជា​ដាក់​ដំណើរការ​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំង​២៤
28, Sep 2017 , 9:20 am        
រូបភាព
ដោយ:
​កម្ពុជា​ដាក់​ដំណើរការ​ប្រព័ន្ធ​ត្រួតពិនិត្យ​ទំនើប​(CBMS)  សម្រាប់​គ្រប់គ្រង​ច្រកទ្វារ​អន្តរជាតិ  និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំង​២៤ ។ ប្រព័ន្ធគ្រប់គ្រង​ព្រំដែន​កម្ពុជា (CBMS) នេះ​មាន​សមត្ថភាព​ត្រួតពិនិត្យ​ឯកសារ​ធ្វើដំណើរ​ក្លែងបន្លំ និង​ក្លែងក្លាយ និង​ការគ្រប់គ្រង​ដំណើរ​ចេញ​-​ចូល​របស់​អ្នកដំណើរ​ជាតិ​-​អន្តរជាតិ ។



​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ប្រព័ន្ធគ្រប់គ្រង​ព្រំដែន​កម្ពុជា (CBMS) បាន​ប្រើប្រាស់​នូវ​បណ្តាញ VPN ផ្តាច់មុខ ដែល​បញ្ជៀ​ស​ពី​ការចូល​លួច​ទិន្នន័យ​ពី​ខាងក្រៅ ហើយ​ប្រព័ន្ធ​នេះ​ដំណើរការ​ដោយ​ផ្ទៀងផ្ទាត់​ទាំង​២៤​ប៉ុស្តិ៍ ទោះជា​ភ្ញៀវ​ចេញ​-​ចូល​តាម​ច្រក​ណាមួយ​ក៏​អាច​ទទួលបាន​ព័ត៌មាន​ទាំងអស់ នៅតាម​ប៉ុស្តិ៍​ផ្សេងៗ​ទៀត ។

« ប្រព័ន្ធ​CBMS នេះ អាច​ទាញយក​អត្តសញ្ញាណ និង​ឯកសារ​ពាក់ព័ន្ធ​របស់​អ្នកដំណើរ​តាមរយៈ​ខ្ចៅដៃ​ភ្លាមៗ ហើយ​CBMS នេះដែរ នឹង​រក្សា​នូវ​ទិន្នន័យ​របស់​អ្នកដំណើរ​មានដូចជា សាវតា​ជាតិ ខ្ចៅដៃ​ទាំង​ដប់ រូបថត សលាក​ប​ត្រ​ចេញ​-​ចូល ទិដ្ឋាការ ឯកសារ​ពាក់ព័ន្ធ​ក្នុងការ​ធ្វើដំណើរ និង​ទិន្នន័យ​ដំណើរ​ចេញ​-​ចូល​។ ប្រព័ន្ធ​CBMS បាន​សាកល្បង​ដំណើរការ និង​ដំណើរការ​ទាំង​២៤​ប៉ុស្តិ៍ ក្នុងនោះដែរ​មាន​ច្រកទ្វារ​អន្តរជាតិ​ផ្លូវអាកាស ច្រកទ្វារព្រំដែន​អន្តរជាតិ​ផ្លូវគោក និង​ច្រកទ្វារ​អន្តរជាតិ​ផ្លូវទឹក បាន​រួចរាល់​ប្រមាណ ៩៥​ភាគរយ​»​។​នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​។​

​ប្រធាន​ក្រុមហ៊ុន Dermalog លោក Gunther Mull បាន​លើកឡើងថា  ការដាក់​ប្រព័ន្ធគ្រប់គ្រង​ព្រំដែន​ថ្មី គឺជា​ជំហាន​ដ៏​សំខាន់​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម និង​បទល្មើស​ឆ្លងកាត់​ព្រំដែន​នាពេល​អនាគត​។​បើតាម​ប្រធាន​ក្រុមហ៊ុន​រូបនេះ ប្រព័ន្ធ CBMS នេះ គឺជា​ប្រព័ន្ធគ្រប់គ្រង​ព្រំដែន​ទំនើប និង​ល្អ​បំផុត​លើ​ពិភពលោក​ក្នុងការ​ត្រួតពិនិត្យ ការឆ្លងកាត់​ព្រំដែន​ដោយមាន​សុវត្ថិភាព​ខ្ពស់ និង​លឿន​ជាង​មុន​៕


Tag:
 ស ខេង​
 ​ សុខ ផល​
  CBMS
© រក្សាសិទ្ធិដោយ thmeythmey.com