អន្តរជាតិ
សមាជិកសភា​អ៊ូ​ហ្ក​ង់​ដា​ប្រតាយប្រតប់​គ្នា​រឿង​កំណត់​អាយុ​ប្រធានាធិបតី​
28, Sep 2017 , 2:09 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​សមាជិកសភា​អ៊ូ​ហ្ក​ង់​ដា បាន​ប្រតាយប្រតប់​គ្នា​កិច្ចប្រជុំសភា​ជុំវិញ​សេចក្ដីព្រាងច្បាប់​លុបចោល​ការកំណត់​អាយុ​ប្រធានាធិបតី​។ បក្សប្រឆាំង​ចាត់ទុក​សេចក្ដីព្រាងច្បាប់​នេះ ជាការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ប្រធានាធិបតី Yoweri Museveni ដែល​ដឹកនាំ​ប្រទេស​រាប់​ទសវត្សរ៍​មកហើយ​នោះ អាច​កាន់តំណែង​បន្តទៀត​។ ប៉ុន្តែ​បក្សប្រឆាំង​ទំនងជា​មិនអាច​ទប់ស្កាត់​ការអនុម័ត​ច្បាប់​នេះ​បានឡើយ ខណៈ​បក្ស​កាន់អំណាច​បាន​ហៅ​ការកំណត់​អាយុ​ប្រធានាធិបតី​ជាការ​រើសអើង​។​



​ការពិភាក្សា​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការលុបចោល​ការកំណត់​អាយុ​ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា បាន​ឈានដល់​ថ្ងៃទី​២ ខណៈដែល​ការ​ប្រទូស្ត​រាយ​គ្នា​បាន​កើតឡើង​ក្នុងចំណោម​សមាជិកសភា​។ សេចក្ដីព្រាងច្បាប់​ដែល​លើកឡើង​ដោយ​បក្ស​កាន់អំណាច​របស់​ប្រធានាធិបតី Yoweri Museveni រង​ការរិះគន់​យ៉ាងខ្លាំង​ពី​បក្សប្រឆាំង មេដឹកនាំ​សាសនា សកម្មជន​សិទ្ធិមនុស្ស និង​ចោទថា ជាការ​ពង្រីក​អាណត្តិ​លោក Museveni ។​

​តាមច្បាប់​រដ្ឋធម្មនុញ្ញ​អ៊ូ​ហ្ក​ង់​ដា បេក្ខជន​ប្រធានាធិបតី​ត្រូវមាន​ក្រោម​៧៥​ឆ្នាំ​។ បញ្ញត្តិ​នេះ​បាន​បង្ក​ការរាំងស្ទះ​ដល់​ប្រធានាធិបតី​បច្ចុប្បន្ន Museveni ដែលមាន​អាយុ​៧៣​ឆ្នាំ​ហើយ ក្នុង​ការចូល​រួមការ​បោះឆ្នោត​ឆ្នាំ​២០២១ ។ លោក​ឡើងកាន់​អំណាច​ដោ​យ​ចលនា​ប្រដាប់អាវុធ​ឆ្នាំ ១៩៨៦ ហើយ​បន្តម​កលោក​ឈ្នះឆ្នោត​រហូត​ប្រាំ​អាណត្តិ​បន្តបន្ទាប់​គ្នា​ដោយមាន​បញ្ហា​មិន​ប្រក្រតី​និង​មាន​ហិង្សា​ថែមទៀត​និង​តែង​អះអាងថា លោក​ជា​មេដឹកនាំ​នៃ​រដ្ឋ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ជា​មេដឹកនាំ​ល្អប្រសើរ​។

​បើតាម​សារព័ត៌មាន Al Jazeera ការជជែក​ដេញដោល​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ផ្ទុះ​ជា​អំពើហិង្សា ខណៈ​ក្រុម​សន្តិសុខ​ព្យាយាម​បណ្ដេញ​សមាជិកសភា​២៨​រូប​ចេញពី​បន្ទប់ ព្រោះ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​អំពើហិង្សា​នៅ​ថ្ងៃទី​២៦ ខែកញ្ញា​។ ទោះ​ជាមាន​បញ្ហា​រអាក់រអួល និង​ការដើរ​ចេញពី​សំណាក់​សមាជិកសភា​បក្ស​ប្រឆាំង​ក្ដី សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​អនុម័ត​ដដែល​។ លោក Winnie Kiiza មេដឹកនាំ​ប្រឆាំង​និយាយថា បក្សប្រឆាំង​មិន​ចូលរួម​ផែនការ​ធ្វើ​ប្រធានាធិបតី​មួយជីវិត​របស់លោក Museveni ឡើយ​។​

​យ៉ាងណាមិញ ក្រុមគាំទ្រ​សេចក្ដីព្រាងច្បាប់​នេះ​បាន​និយាយ​ការពារ​ជំហរ​របស់ខ្លួន និង​ចាត់ទុក​ការកំណត់​អាយុ​នេះ​ជាការ​រើសអើង​មនុស្ស​វ័យ​ចំណាស់​ទៅទៀត​។ សមាជិកសភា​អ៊ូ​ហ្ក​ង់​ដា Moses Balyeku និយាយថា អាយុ​មិនគួរ​ក្លាយជា​ឧបសគ្គ​ដែល​រាំងស្ទះ​សិទ្ធិសេរីភាព​ប្រជាជន​អ៊ូ​ហ្ក​ង់​ដា​ណា​ម្នាក់​ក្នុងការ​ប្រជែង​តំណែង​ប្រធានាធិបតី​ឡើយ​។​

​ទាក់ទង​រឿង​ឈ្នះឆ្នោត​ប្រាំ​ដង​ជាប់​គ្នា​នេះ ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា លោក Museveni ដែល​នៅសល់​ពេល​តែ​បី​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​លោក​ត្រូវ​បញ្ចប់ជីវិត​នយោបាយ ធ្លាប់​និយាយថា «​មេដឹកនាំ​ផ្តាច់​ការដែល​ត្រូវគេ​បោះឆ្នោត​ឲ្យ​ប្រាំ​ដង​។ នោះ​ប្រាកដជា​មេដឹកនាំ​ផ្តាច់ការ​អស្ចារ្យ​ម្នាក់​ហើយ ហើយក៏​ពិសេស​ខ្លាំង​ដែរ​។ ជាប់ឆ្នោត​ប្រាំ​អាណត្តិ​ជាប់​គ្នា​ដោយបាន​សំឡេងគាំទ្រ​ភាគច្រើន ប្រាកដជា​មេដឹកនាំ​ផ្តាច់ការ​ដ៏​អស្ចារ្យ​ម្នាក់​មិនអាច​ប្រកែក​បានឡើយ​»៕


Tag:
 អាហ្វ្រិក​
  អ៊ូ​ហ្ក​ង់​ដា​
  Yoweri Museveni
© រក្សាសិទ្ធិដោយ thmeythmey.com