អន្តរជាតិ
មហា​យក្ស​ចិន​គ្រោង​សង់​កំពង់ផែ​នៅ​មូលដ្ឋាន​យោធា​ទីមួយ​របស់ខ្លួន​នៅ ជី​ប៊ូ​ទី
28, Sep 2017 , 4:17 pm        
រូបភាព
រូបភាព៖ Sputnik
រូបភាព៖ Sputnik
ដោយ: ថ្មីៗ
​បន្ទាប់ពី​បើក​ដំណើរការ​មូលដ្ឋានទ័ព​នៅ​បរទេស​ទីមួយ​នៅ​រដ្ឋ​អាហ្វ្រិក​ជី​ប៊ូ​ទី ចិន​គ្រោង​នឹង​សាងសង់​កំពង់ផែ​ថ្មី​សម្រាប់​នាវា​កងទ័ពជើងទឹករ​បស់​ខ្លួន​ចូល​ចត​ផងដែរ​នៅពេល​ខាងមុខ​។  កំពង់ផែ​នេះ​នឹង​អនុញ្ញាត​ឲ្យ​នាវា​ល្បាត​ធុន​តូច​,​នាវាចម្បាំង និង​នាវា​ដឹកជញ្ជូន​ធុន​ធំ​ផ្សេងទៀត​ចូល​ចត​ដើម្បី​ចាក់​ប្រេង និង​ផ្គត់ផ្គង់​ភស្តុភារ​ក្នុងពេល​ចាំបាច់​ផងដែរ​។



​មហា​យក្ស​ចិន​មានគម្រោង​សាងសង់​កំពង់ផែ​ថ្មី​នៅ​មូលដ្ឋានទ័ព​ទីមួយ​របស់ខ្លួន​នៅ​ជី​ប៊ូ​ទី នៅពេល​ខាងមុខ​ដើម្បី​សម្រួល​ដល់​ប្រតិបត្តិ​ការប្រឆាំង​ចោរ​សមុទ្រ និង​ប្រតិបត្តិការ​ល្បាត​សមុទ្រ​ជាដើម​ផង​។

​សារព័ត៌មាន South China Morning Post បាន​ស្រង់​សម្តី​ប្រភព​ដែល​ដឹង​ច្បាស់​គម្រោង​សាងសង់​នេះ​ថា កំពង់ផែ​នៅ​មូលដ្ឋានទ័ព​បរទេស​ទីមួយ​របស់​ចិន​នេះ​នឹងត្រូវ​សាងសង់ បន្ទាប់ពី​សំណង់​កន្លែង​ស្នាក់នៅ​សម្រាប់​កងទ័ព វិស្វករ និង​មន្ត្រី​ជំនាញ​ត្រូវ​សង់​ចប់​រួចរាល់​នោះ​។

​ប្រភព​ដដែល​នោះបាន​បញ្ជាក់​ដូច្នេះ​៖«​ទំហំ​កំពង់ផែ​ថ្មី​នេះ​គួរតែ​ល្មម​អាច​អនុញ្ញាត​ឲ្យ​នាវា​ចំនួន បួន​គ្រឿង​ចូល​សំចត​បាន ក្នុងនោះ​រួម​តាំង​នាវា​ដឹកជញ្ជូន នាវាចម្បាំង នាវា​យោធា​ធុន​តូច​។ វា​នឹង​ជួយ​ដល់​ប្រតិបត្តិការ​សឹក និង​បំពេញ​ប្រតិបត្តិការ​មនុស្សធម៌​ផងដែរ​»​។​

​តាមពិតទៅ  កំពង់ផែ​ថ្មី​នេះ​នឹងត្រូវ​សាងសង់​លើ​មូលដ្ឋានទ័ព​ទីមួយ​របស់​ចិន​ដែលមាន​ទំហំ ៣៦ ហិកតា ដែល​ចិន​អះអាងថា វា​ជា​មូលដ្ឋាន​សម្រាប់​ផ្គត់ផ្គង់​ភស្តុភារ និង សម្រាប់​នាវា​ចូល​ចាក់​ប្រេង​ជាដើម​។

​មូលដ្ឋានទ័ព​ទីមួយ​នេះ​ត្រូវបាន​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ ១ ខែសីហា ហើយ​កងទ័ព​ចិន​ដំបូង​ធ្វើដំណើរ​មកកាន់​មូលដ្ឋានទ័ព​នេះ​តាំងពី​ថ្ងៃ ១១ កក្កដា​ម្ល៉េះ​។ មកដល់​ពេលបច្ចុប្បន្ន​នេះ ហេដ្ឋារចនាសម្ព័ន្ធ​យោធា បន្ទាយទ័ព និង​សំណង់​សំខាន់ៗ​ផ្សេងទៀត​នៅក្នុង​មូលដ្ឋានទ័ព​នេះ​បន្ត​ស្ថិតក្រោម​ការ​សាសង់​នៅឡើយ​។​

​គេ​វាយតម្លៃថា មូលដ្ឋាន​ទ័ពជើងទឹក​នេះ​នឹង​ជួយ​ឲ្យ​ចិន​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​និង​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​ជាពិសេស​ការពារ​សុវត្ថិភាព​ចរាចរណ៍​នៃ​នាវា​ចិន​ដែល​ដឹកនាំ​ទំនិញ​ពី​ការគំរាមកំហែង​របស់​ចោរ​សមុទ្រ​។​

​អ្នកជំនាញ​អះអាងថា ចិន​ពិចារណា​សាងសង់​កំពង់ផែ​ឲ្យ​ធំ​តាម​ដែល​អាច​ធ្វើបាន ព្រោះ​ចិន​គិតគូរ​ដល់​កាលៈទេសៈ​ចាំបាច់​ដែល​ខ្លួន​ត្រូវ​ជម្លៀស​ប្រជាជន​ចេញ​នោះ​។ ដូច​ឃើញស្រាប់​ឆ្នាំ ២០១៥ ពេល​ជម្លោះ​យ៉េ​មែន​កាន់តែ​ក្តៅ​ខ្លាំង ចិន​បាន​ជម្លៀស​ប្រជាជន​ជាច្រើន​ចេញពី​ទីនោះ​ប៉ុន្តែ​ប្រទេស​នេះ​ប្រឈម​ការលំបាក​ខ្លាំង​ដែរ​។​

​ខ្លះទៀត​អះអាងថា ចិន​សម្រេច​សាងសង់​កំពង់ផែ​ដោយមាន​កន្លែង​សម្រាប់​ថែទាំ​ង និង​ជួសជុល​នាវា​នៅ​ទីនោះ​ផង ព្រោះ​មហាអំណាច​នេះ​ធ្លាប់​ជួប​បញ្ហា​អាក្រក់​កន្លងមក​។ នោះ​គឺ​ឧបទ្ទវ​ហេតុដែល​កើត​កាលពី​ឆ្នាំ ២០១០ នៅពេលដែល​នាវាចម្បាំង​ចិន​ខូច ចំពេល​ដែល​គេ​កំពុង​បំពេញ​ប្រតិបត្តិ​ការប្រឆាំង​ចោរ​សមុទ្រ​នៅ​ឈូង​សមុទ្រ Aden​។ វា​ជា​រឿង​អាម៉ាស​មួយ​ព្រោះ​កងកម្លាំង​ចិន​មិនដឹង​ត្រូវ​រក​ជំនួយ​នៅឯណា និង​ត្រូវ​ទៅរក​ជំនួយ​ពី​អ្នកណា​ឡើយ​កាលណោះ​។ ដូច្នេះហើយ វា​ជា​រឿង​ចាំបាច់​ដែល​ចិន​ត្រូវមាន​មូលដ្ឋានទ័ព និង​កំពង់ផែ​ផ្ទាល់ខ្លួន​នៅ​បរទេស​នោះ​។ 

​សូម​រំលឹកថា ចិន​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ទឹកដី​រដ្ឋ​អាហ្វ្រិក​នេះ​ជា​មូលដ្ឋាន​ទ័ពជើងទឹក​ដំបូង​របស់ខ្លួន ក្នុងពេលដែល​លោក ស៊ី ជិន​ភីង ទៅ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​កាលពី​ចុងឆ្នាំ ២០១៥ ។ ហើយ​ចិន​នឹង​ចំណាយលុយ​ជាង ៥០០​ពាន់​លាន​ដុល្លារ​សម្រាប់​កសាង​មូលដ្ឋាន​យោធា​នេះ​៕


Tag:
 ចិន​
  ជី​ប៊ូ​ទី​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com