អន្តរជាតិ
មេដឹកនាំ​យោធា​ថៃ​៖ លោកស្រី យី​ង​ឡាក់ កំពុង​នៅ​ក្រុង​ឌូ​បៃ
28, Sep 2017 , 7:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២៨ ខែកញ្ញា បាន​ទម្លាយ​ពី​កន្លែង​លាក់ខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​រត់គេច​ពី​ប្រទេស​កាលពី​ខែសីហា​។ លោក ប្រា​យុទ្ធ និយាយថា លោកស្រី យី​ង​ឡាក់ កំពុងស្នាក់នៅ​ឯ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ឯណោះ​។ ជាមួយគ្នានេះដែរ ក្រសួងការបរទេស​ថៃ​កំពុងដំណើរការ​នីតិវិធី​លុប​លិខិតឆ្លងដែន​របស់លោក​ស្រី យី​ង​ឡាក់ ចោល​ផងដែរ​។​



​មួយថ្ងៃ​ក្រោយ​តុលាការ​កំពូល​ថៃ​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ជាប់ពន្ធនាគារ​៥​ឆ្នាំ មេដឹកនាំ​របប​សឹក​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោកស្រី យី​ង​ឡាក់ កំពុង​ស្ថិតនៅ​ទីក្រុង​ឌូ​បៃ​។ លោក​បញ្ជាក់ថា លោក​ទទួលបាន​ព័ត៌មាន​នេះ​ពី​ក្រសួងការបរទេស​ថៃ ដែល​បាន​តាមដាន​ដំណើរ​គេចខ្លួន​របស់លោក​ស្រី យី​ង​ឡាក់ ចាប់តាំងពី​ការបាត់​ខ្លួន​មុន​ការប្រកាស​សាលដីកា​ថ្ងៃទី​២៥ ខែសីហា​។ 
 
​អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​រូបនេះ​បាន​ភៀសខ្លួន​ទៅកាន់​បរទេស ដើម្បី​គេច​ពី​ការកាត់ទោស​លើ​ករណី​ធ្វេសប្រហែស​ជុំវិញ​ក្នុង​កម្មវិធី​ទិញ​អង្ករ​តម្លៃថោក ដែល​ធ្វើ​ឲ្យ​តុលាការ​ថៃ​បង្ខំចិត្ត​ពន្យារពេល​ប្រកាស​សាលដីកា​រហូតដល់​ថ្ងៃទី​២៦ ខែកញ្ញា​។ ក្នុងការ​ប្រកាស​សាលដីកា​លើក​ទី​ពីរ​នេះ តុលាការ​ថៃ​ពិតជា​រកឃើញថា លោកស្រី យី​ង​ឡាក់ ធ្វេសប្រហែស​ក្នុងការ​ដឹកនាំ​មែន​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​។​

​ជុំវិញ​ការដាក់ទោស​នេះ លោក ប្រា​យុទ្ធ បញ្ជាក់ថា ច្បាប់​គឺជា​ច្បាប់ ហើយ​មនុស្ស​ទាំងអស់​ស្ថិតនៅក្រោម​ច្បាប់​ដូចគ្នា និង​ត្រូវគោរព​សាលដីកា​ដែល​ប្រកាស​រួចហើយ​។ បើតាម​កាសែត The Nation តុលាការ​នឹង​ចេញ​ដីកាចាប់ខ្លួន​លោកស្រី យី​ង​ឡាក់ ក៏ដូចជា​ធ្វើ​បត្យាប័ន​ត្រឡប់​ចូល​ស្រុក​វិញ​។ នាយករដ្ឋមន្ត្រី​ថៃ​បន្ថែមថា ការចាប់ខ្លួន​លោកស្រី យី​ង​ឡាក់ មិនមែនជា​រឿង​លំបាក​ទេ ហើយ​ប៉ូលិស​នឹងធ្វើ​កិច្ចការ​នេះ​។​

​បន្ទាប់ពី​ការបាត់​ខ្លួន​របស់​លោកស្រី យី​ង​ឡាក់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ក៏​រាយការណ៍​ថា លោកស្រី​អាចរ​ត់ទៅ​ជួប​ជាមួយ​បងប្រុស​របស់ខ្លួន គឺ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅឯ​ទីក្រុង​ឌូ​បៃ ព្រោះ​លោក​មានផ្ទះ​នៅ​ទីនោះ​ស្រាប់​។ សេចក្ដីរាយការណ៍​ជាច្រើន​បញ្ជាក់ថា លោកស្រី យី​ង​ឡាក់ បាន​ឆ្លងកាត់​កម្ពុជា រួច​បន្តដំណើរ​ទៅកាន់​សិង្ហ​បុរី មុននឹង​ជិះ​យន្តហោះ​ទៅកាន់​ឌូ​បៃ​។ មន្ត្រី​យោធា​ថៃ​អះអាងថា លោក ថាក់ស៊ីន ជា​អ្នក​ជួយ​សម្រួលការ​គេចខ្លួន​នេះ​។​

​ខុសពី​ការរំពឹងទុក តុលាការ​បាន​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ត្រឹម​ការជាប់​ពន្ធនាគារ​៥​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​អតីតមន្ត្រី​លោកស្រី​ពីរ​នាក់​ជាប់ពន្ធនាគារ​ចាប់​លើស​៣០​ឆ្នាំ​ឯណោះ​។ វាសនា​លោកស្រី យី​ង​ឡាក់ ទំនង​ស្ថិត​លើផ្លូវ​ដូច​បងប្រុស​របស់ខ្លួន ដែល​រស់នៅ​និរទេស​នៅក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ដាក់ទោស​។ លើសពីនេះ អនាគត​បក្ស​ភឿ​ថៃ ក៏​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ដែរ ខណៈដែល​មេដឹកនាំ​របស់ខ្លួន​កំពុង​ភៀសខ្លួន​នោះ​៕


Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com