អន្តរជាតិ
Interpol ទទួល​ប៉ា​ឡេ​ស្ទី​ន​ជា​សមាជិក​ពេញសិទ្ធិ ទោះជា​អ៊ីស្រាអែល​ប្រឹង​ជំទាស់​ក្ដី​
28, Sep 2017 , 8:19 pm        
រូបភាព
​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ (Interpol) នៅ​ថ្ងៃទី​២៧ ខែកញ្ញា បានទទួល​ស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​សមាជិក​ពេញសិទ្ធិ​របស់ខ្លួន​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​ក្នុង​រដ្ឋធានី​ប៉េកាំង​។ ប៉ា​ឡេ​ស្ទី​ន​ចាត់ទុក​ការ​ក្លាយជា​សមាជិក Interpol ជា​ជោគជ័យ​ធំធេង​របស់ខ្លួន ខណៈដែល​អ៊ីស្រាអែល​បង្ហាញ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង ព្រោះ​មិនអាច​រារាំង​ប៉ា​ឡេ​ស្ទី​ន​បាន​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​និយាយថា ប៉ា​ឡេ​ស្ទី​ន​បាន​ដើរ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ជាមួយ​ខ្លួន​ហើយ​។​



​ព្រម​គ្នា​នឹង​កោះ Solomon រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​ក្លាយជា​សមាជិក​ថ្មី​របស់​អង្គការ​ប៉ូលិស​អន្តរជាតិ (Interpol) ទោះជា​អ៊ីស្រាអែល​ព្យាយាម​ជំទាស់​យ៉ាងណាក្ដី​។ សមាជិក Interpol ច្រើនជាង​ពីរភាគបី​ក្នុងចំណោម​សមាជិក​១៩៣​ប្រទេស បាន​បោះឆ្នោត​គាំទ្រ​បេក្ខភាព​ទាំងពីរ បន្ទាប់ពី​អ៊ីស្រាអែល ដែល​មិនត្រូវ​គ្នា​ជាមួយ​ប៉ា​ឡេ​ស្ទី​ន ប្រឹង​បញ្ចុះបញ្ចូល​ឲ្យ Interpol ពន្យារពេល​បោះឆ្នោត​ទៅ​កិច្ចប្រជុំ​ឆ្នាំក្រោយ​វិញ​។ អាច​និយាយថា នេះ​ជា​បរាជ័យ​សម្រាប់​អ៊ីស្រាអែល តែ​ជា​ជោគជ័យ​របស់​ប៉ា​ឡេ​ស្ទី​ន​។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណា​តាន់​យ៉ា​ហ៊ូ និយាយថា ការចូល​ជា​សមាជិក Interpol របស់​ប៉ា​ឡេ​ស្ទី​ន គឺជា​ការបំពាន​កិច្ចព្រមព្រៀង​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ផ្សាយ​ទៀតថា អ៊ីស្រាអែល​បាន​យក​លេស​ប៉ា​ឡេ​ស្ទី​ន​មិនមែនជា​រដ្ឋ​ឯករាជ្យ​ដើម្បី​ជំទាស់​បេក្ខភាព​អ៊ីស្រាអែល​។ យ៉ាងណាក្ដី ក្រសួងការបរទេស​អ៊ីស្រាអែល​និយាយ​មុន​កិច្ចប្រជុំ​ថា ការព្យាយាម​របស់ខ្លួន​បរាជ័យ​ទៅហើយ​។​

​ប៉ា​ឡេ​ស្ទី​ន បានដាក់​ចូល​ជា​សមាជិក Interpol កាលពី​ឆ្នាំ​២០១៦ ក្នុង​មហាសន្និបាត​នៅ​ឥណ្ឌូណេស៊ី ហើយ​ពេលនោះ អ៊ីស្រាអែល​លើកឡើងថា ការដាក់​ពាក្យសុំ​ចូល​នេះ​គឺជា​យុទ្ធនាការ​ការទូត​រប​ស់​ប៉ា​ឡេ​ស្ទី​ន​ប្រឆាំង​អ៊ីស្រាអែល​។ សំណើ​ចូល​ជា​សមាជិក​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គការសហប្រជាជាតិ​បាន​ដំឡើង​ឋានៈ​ប៉ា​ឡេ​ស្ទី​ន​ពី «​រដ្ឋ​សង្កេតការណ៍​» ទៅជា «​រដ្ឋ​មិនមែន​សមាជិក​» ក្នុង​ឆ្នាំ​២០១២ ដែល​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​ក្លាយជា​រដ្ឋ​អធិបតេយ្យ​របស់​ប៉ា​ឡេ​ស្ទី​ន​មាន​ពន្លឺ​កាន់តែខ្លាំង​។​

​ទោះជា​មិនទាន់​ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ​ពេញសិទ្ធិ​ក្ដី ការដំឡើងឋានៈ​របស់​ប៉ា​ឡេ​ស្ទី​ន​ធ្វើ​ឲ្យ​រដ្ឋ​មួយ​នេះ​មាន​សិទ្ធ​ស្របច្បាប់​កាន់តែច្រើន​ក្នុង​ការចូល​ជា​សមាជិក​ស្ថាប័ន​ចំណុះ​អង្គការសហប្រជាជាតិ ក៏៏​ដូចជា​អង្គការ​អន្តរជាតិ​នានា ជាក់ស្ដែង​គឺ​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ Interpol ពេលនេះ​តែម្ដង​។ រដ្ឋមន្ត្រីការបរទេស​ប៉ា​ឡេ​ស្ទី​ន​និយាយថា ជោគជ័យ​ពេលនេះ គឺ​បានមកពី​ការគោរព​គោលការណ៍​របស់ Interpol ៕

Tag:
 ប៉ា​ឡេ​ស្ទី​ន​
  អ៊ីស្រាអែល​
  ចិន​
  Interpol
© រក្សាសិទ្ធិដោយ thmeythmey.com