អន្តរជាតិ
ចិន ប្រកាស​គាំទ្រ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុង​ឆាក​អន្តរជាតិ​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
28, Sep 2017 , 9:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​អះអាង​ជាថ្មី​ពី​គោលជំហរ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ​នៅលើ​ឆាក​អន្តរជាតិ​លើ​បញ្ហា​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ខ្លួន​នៅក្នុង​រដ្ឋ Rakhine នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ។ សេចក្តីថ្លែងការណ៍​រប​ស់ ក្រុង​ប៉េកាំង ធ្វើឡើង​ស្របពេល​ដែល សហគមន៍​អន្តរជាតិ បាន​បន្ទោស និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បញ្ឈប់​ហិង្សា​នៅ​ទីនោះ​ទៀតផង ។



​លោក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​មី​យ៉ាន់​ម៉ា Hong Liang នៅ​ថ្ងៃទី​២៦ កញ្ញា កន្លងទៅ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​យើង សង្ឃឹមថា សហគមន៍​អន្តរជាតិ នឹង​ផ្តល់ឱកាស​ឲ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អាច​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy ។

​លោក​អគ្គរដ្ឋទូត ក៏បាន​សន្យា​នៅ​ចំពោះមុខ​អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ដែលថា ចិន នឹង​បន្ត​ផ្តល់ជំនួយ​មនុស្ស​សម្រាប់​ប្រជាជន​នៅក្នុង​រដ្ឋ Rakhine និង​ពិសេស​នោះ ចិន ក៏​គាំទ្រ​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន ហើយ ក៏​សង្ឃឹមថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នឹង​នាំ​មកវិញ​នូវ​ស្ថិរភាព សុខដុម​រមណី​កម្ម និង​ការអភិវឌ្ឍ​នៅក្នុង​រដ្ឋ Rakhine ។ នេះ​បើតាម​ប្រភព​ដដែល ។

​តាមពិតទៅ​នៅ​ដើមខែ​កញ្ញា​កន្លងទៅ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្រដៀង​គ្នា​នេះ​ម្តង​រួចទៅហើយ ។ ក្រសួងការបរទេស​ចិន​នៅពេលនោះ បាន​បញ្ជាក់ថា​៖« ចិន សង្ឃឹមថា សហគមន៍​អន្តរជាតិ ក៏​គាំទ្រ​កិច្ចប្រឹងប្រែង​ដែល​បានធ្វើ​ដោយ​មី​យ៉ាន់​ម៉ា​កន្លងមក​ដើម្បី​រក្សា​ការអភិវឌ្ឍ និង​ស្ថិរភាព​ជាតិ និង​បង្កើត​លក្ខខណ្ឌ​ល្អប្រសើរ​សម្រាប់​ការដោះស្រាយ​បញ្ហា​នៅក្នុង​រដ្ឋ Rakhine​។​»

​សូម​ជម្រាប​ផងដែរ​ថា ក្រោយពី​មាន​ហិង្សា​ប្រដាប់អាវុធ​រវាង​កងក​ម្លាំ​ង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​នៅក្នុង​រដ្ឋ Rakhine មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា មិនតិចជាង​៣០​ម៉ឺន​នាក់​ឡើយ​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ទៅកាន់​ប្រទេសជិតខាង ជាពិសេស​បង់​ក្លា​ដែ​ស ។

​ហេតុការណ៍ ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អះអាងថា​ជា​រឿង​ស្មុគស្មាញ និង​ទាមទារ​ពេលវេលា​វែង​ដើម្បី​ដោះស្រាយ​នោះ បាន​រង​នូវ​ការ​ថ្កោលទោស​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ ។ គួរកត់សម្គាល់ វិបត្តិ​ក្នុង​រដ្ឋ Rakhine ក៏បាន​ក្លាយជា​ប្រធាន​ក្តៅ​មួយ​នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ទើបតែ​បញ្ចប់​នៅ​ថ្ងៃ​២៥ កញ្ញា​កន្លងទៅ ៕


Tag:
 ចិន​
  មី​យ៉ាន់​ម៉ា​
  Rakhine
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com