អន្តរជាតិ
កូរ៉េខាងត្បូង​សន្យា​បន្ត​ផ្ដល់ជំនួយ​ដល់​កូរ៉េខាងជើង ទោះ​វិបត្តិ​ឧបទ្វីប​កូរ៉េ​នៅ​មិនទាន់​ធូរស្រាល​
28, Sep 2017 , 9:59 pm        
រូបភាព
ដោយ:
​កូរ៉េខាងត្បូង​បាន​សន្យា​បន្ត​ផ្ដល់ជំនួយ​មនុស្សធម៌​ដល់​កូរ៉េខាងជើង ទោះ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅតែ​មិនទាន់​ធូរស្រាល​ក៏ដោយ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​អះអាងថា សន្តិភាព​កើតចេញពី​ការព្យាយាម​ផ្សះផ្សា​។ ដ្បិត​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​នៅ​មិនទាន់​ធូរស្រាល ប៉ុន្តែ​សន្តិភាព និង​ការរីកចម្រើន​ប្រាកដជា​កើតមាន​។



​នៅ​ថ្ងៃទី​២៧​ខែកញ្ញា លោក​មូ​ន ចេ​អ៊ី​ន​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​យោបល់​បង្រួបបង្រួម​ជាតិ​ថា ទោះជា​វិបត្តិ​ឧបទ្វីប​កូរ៉េ​នៅ​មិនទាន់​ធូរស្រាល កូរ៉េខាងត្បូង​នៅតែ​បន្ត​ផ្ដល់ជំនួយ​មនុស្សធម៌​ដល់​ក្រុង​ព្យុងយ៉ាង​។ នោះ​ក៏​ដោយសារតែ លោក​ជឿថា​សន្តិសុខ និង​ភាព​រីកចម្រើន​នឹង​កើត​មាននៅ​ឧបទ្វីប​កូរ៉េ​ពិតប្រាកដ​ណាស់ ហើយ​សន្តិភាព​កើតចេញពី​ការព្យាយាម​ផ្សះផ្សា​គ្នា​ផងដែរ​។​

«​នៅ​ខណៈពេលដែល​កូរ៉េ​ទាំងពីរ​កាត់ផ្ដាច់​ទំនាក់ទំនង​គ្នា​កាលពី​ដប់ឆ្នាំ​មុន ក្រុមប្រឹក្សា​យោបល់​បង្រួបបង្រួម​ជាតិ​ពិតជា​ជួប​ការលំបាក​ច្រើនណាស់​។​ប៉ុន្តែ សន្តិភាព​កើតចេញពី​ការផ្សះផ្សា ដូច្នេះហើយ​កូរ៉េខាងត្បូង​មិន​ស្ទាក់ស្ទើរ​ឡើយ​ក្នុង​ការគាំទ្រ​គម្រោង​បង្រួបបង្រួម​ជាតិ​ជាច្រើន ទោះជា​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​អាក្រក់​យ៉ាងណាក្ដី​»​។ នេះ​ជា​សម្ដី​របស់លោក មូ​ន ដែល​បាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

​លោក​បាន​បន្ថែមទៀតថា ដ្បិត​ស្ថានភាព​បច្ចុប្បន្ន​របស់​កូរ៉េ​ទាំងពីរ​នៅតែ​តានតឹង សន្តិភាព និង​ការរីកចម្រើន​នឹង​កើតមាន​ជាក់​ជាពុំខាន​។ ម្យ៉ាងទៀត យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តាមរយៈ​ការសហការ​គ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ក៏ដូចជា​ការសហកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ផង​។ ហើយ​ស្របពេល​ជាមួយគ្នានេះដែរ យើង​ក៏​ត្រូវតែ​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​រួបរួមគ្នា​ម្ដងទៀត​តាមរយៈ​ក្រុមប្រឹក្សា​យោបល់​បង្រួបបង្រួម​ជាតិ​។​

​ដោយឡែក កូរ៉េខាងត្បូង​ក៏បាន​ស្នើ​បើក​កិច្ចសន្ទនា​ទ្វេភាគី​ជុំវិញ​ការជួយ​សង្គ្រោះ​មនុស្សធម៌ ក៏ដូចជា ការលុបបំបាត់​ភាព​តានតឹង​នៅតាម​ព្រំប្រទល់​កូរ៉េ​ទាំងពីរ​រួមទាំង​ការរួបរួម​គ្នា​ឡើងវិញ​ជាមួយ​ក្រុង​ព្យុងយ៉ាង​ដែរ​។ ប៉ុន្តែ កូរ៉េខាងត្បូង​នៅតែ​មិនមាន​ការឆ្លើយតប​ពី​កូរ៉េខាងជើង​នៅឡើយ​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​ប្រាំមួយ​របស់ខ្លួន នៅ​ថ្ងៃទី​២០​ខែកញ្ញា កូរ៉េខាងត្បូង​បាន​យល់ព្រម​ផ្ដល់ជំនួយ​ដែលមាន​តម្លៃ​៨​លាន​ដុល្លារ​ដល់​កូរ៉េខាងជើង​។ កូរ៉េខាងត្បូង​រំពឹងថា សមានចិត្ត​របស់ខ្លួន​អាច​ទាក់ចិត្ត​កូរ៉េខាងជើង​ឲ្យ​វិល​រក​តុ​ចរចា​វិញ​ដើម្បី​បញ្ចប់​បញ្ហា​នុយក្លេអ៊ែរ​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  ​វិបត្តិ​ឧបទ្វីប​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com