អន្តរជាតិ
មហា​យក្ស​ចិន​ប្រើ​«​នយោបាយ​ការទូត​ខ្លាឃ្មុំ​ផេ​ន​ដា​» ចែចូវ​បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី
28, Sep 2017 , 5:41 pm        
រូបភាព
រូបភាព៖ Kompas
រូបភាព៖ Kompas
​ឥណ្ឌូណេស៊ី​បានទទួល​ខ្លាឃ្មុំ​ផេ​ន​ដា​ចំនួន​ពីរ​ក្បាល​ពី​ចិន​ក្នុង​កម្ចី​រយៈពេល ១០​ឆ្នាំ​។ ការផ្តល់​ខ្លាឃ្មុំ​ជា​កម្ចី​ការទូត​នេះ​ជា​ផ្នែក​មួយ​នៃ​នយោបាយ​ការបរទេស​«​ខ្លាឃ្មុំ​ផេ​ន​ដា​»​របស់​រដ្ឋាភិបាល​ចិន​ដែលមាន​ប្រវត្តិ​យូរអង្វែង​មកហើយ​នោះ ដែល​ភាគច្រើន​ត្រូវគេ​ប្រើប្រាស់​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​។ ការផ្តល់​ខ្លាឃ្មុំ​ឲ្យ​ឥណ្ឌូណេស៊ី​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរីក​ម្រើ​ន​និង​លូតលាស់​នៃ​ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌូណេស៊ី​ដែរ​។



​ខ្លាឃ្មុំ​ផេ​ន​ដា​ចំនួន​ពីរ​ក្បាល​របស់​ចិន​បាន​ទៅដល់​ឥណ្ឌូណេស៊ី​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ ខែ កញ្ញា ក្រោយ​ធ្វើដំណើរ​រយៈពេល​ប្រាំមួយ​ម៉ោង​ពី​ក្រុង Chendu នៃ​ខេត្ត​ស៊ី​ឈួន​។ ខ្លាឃ្មុំ​នេះ​នឹងត្រូវ​បញ្ជូនបន្ត​ទៅកាន់​សួនសត្វ​នៅ​ក្រុង Bogor ខេត្ត​ជ្វា​ខាងលិច​។ 

​ខ្លាឃ្មុំ​ធំ​ពីរ​ក្បាល​នេះ​ស្ថិតក្រោម​កម្ចី​រយៈពេល​ដ​ប់​ឆ្នាំ​របស់​ក្រុង​ប៉េកាំង​។ ខ្លាឃ្មុំ​ទីមួយ​មាន​អាយុ ៧​ឆ្នាំ មាន​ឈ្មោះថា Cai Tao ហើយ​ជា​ខ្លាឃ្មុំ​ឈ្មោល​។ ខ្លាឃ្មុំ​ទី​ពីរ​មាន​ឈ្មោះថា Hu Chun  ជា​ខ្លាឃ្មុំ​ញី​មាន​អាយុ ៧​ឆ្នាំ​ដូចគ្នា​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​ផ្សាយ​ដោយ​ស្រង់​សម្តី​នាយក​គ្រប់គ្រង​សួនសត្វ Taman Safari លោក Jansen Manansang ថា ខ្លាឃ្មុំ​ចិន​ទាំងពីរ​នេះ​នឹងត្រូវ​រស់នៅក្នុង​ឧទ្យាន​ខ្លាឃ្មុំ​ដែលមាន​ទំហំ ៤៨០០​ម៉ែត្រការ៉េ ហើយ​កន្លែង​ដែល​ពួកគេ​ស្នាក់នៅ​គឺ​ស្ថិតនៅ​កម្ពស់ ១៧០០​ម៉ែត្រ​លើ​កម្រិត​នីវ៉ូទឹក​សមុទ្រ ដែល​វា​ដូចនឹង​កន្លែង​ពួកគេ​រស់នៅ​នៅក្នុង​ប្រទេស​ចិន​ដែរ​។ 

​សារព័ត៌មាន​ឥណ្ឌូណេស៊ី Kompas បាន​ស្រង់​សម្តី​ប្រធាន​ផ្នែក​ទីផ្សារ Triyoba Nataria ថា នៅពេល​ខាងមុខ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ និង​សម​ភាគី​ចិន​លោក ស៊ី ជិន​ភីង ក៏​នឹង​ចូល​រូ​ម​បើក​កម្មវិធី​ស្វាគមន៍​វត្តមាន​ខ្លាឃ្មុំ​ផេ​ន​ដា​ចិន​ទាំងពីរ​នេះដែរ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​កាលបរិច្ឆេទ​នៃ​កម្មវិធី​នេះឡើយ​។​

១.​ប្រវត្តិ​សង្ខេប​«​នយោបាយ​ការទូត​ខ្លាឃ្មុំ Panda »


​ការផ្តល់​ខ្លាឃ្មុំ​ជា​អំណោយ​ឬ​កម្ចី​ដើម្បី​ចិញ្ចឹម​ក្នុង​រយៈពេល​វែង​នេះ​ជា​ផ្នែក​មួយ​នៃ​នយោបាយ​ការ​ទេស​របស​ចិន​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​ផង​។ គេ​ហៅ​ការផ្តល់​កម្ចី​ខ្លាឃ្មុំ​នេះ​ជា «​នយោបាយ​ការទូត​ខ្លាឃ្មុំ​ផេ​ន​ដា​» (Panda Diplomacy) ផងដែរ ព្រោះ​វា​ស្តែងឡើង​តាមរយៈ​ការផ្តល់​សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​ជា​អំណោយ​បែបនេះ​ទៅកាន់​ប្រទេស​នានា​ដែល​ចិន​ចង់​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​នោះ​។

​នយោបាយ​ការទូត​នេះ​មាន​ប្រវត្តិ​យូរអង្វែង​មកហើយ​។ ការអនុវត្ត​នយោបាយ​ការទូត​បែបនេះ​កើតឡើង​ក្នុង​ជំនាន់​រាជរ​ង្ស​ថា​ង (Tang Dynasty) នៅពេលនោះ​ម្ចាស់​ក្ស​ត្រី​យ៍ Wu Zetian (៦២៥ ដល់ ៧០៥) ផ្ញើ​អំណោយ​ខ្លាឃ្មុំ​មួយគូ​ទៅជូន​អធិរាជ​ជប៉ុន​នា​សម័យ​កាលនោះ​។

​យោងតាម​សារព័ត៌មាន Telegraph ត​មកដល់​ជំនាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្រោយ​ឆ្នាំ ១៩៤៩ នយោបាយ​ការទូត​ខ្លាឃ្មុំ​ផេ​ន​ដា​នេះ​ត្រូវបាន​គេ​យកមកអនុវត្ត​ឡើងវិញ​ទៀត​។ ចន្លោះ​ពី​ឆ្នាំ ១៩៥៨ ដល់​ឆ្នាំ ១៩៨២ ចិន​បានផ្តល់​សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​ចំនួន ២៣ ក្បាល​ទៅកាន់​ប្រទេស​ចំនួន​៩​លើ​ពិភពលោក​។​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ អាមេរិក​បានផ្តល់​ខ្លាឃ្មុំ​នេះ​ជា​អំណោយ​ទៅ​អាមេរិក​ដែរ ក្រោយ​ភាគី​ទាំងពីរ​ស្តារ​ទំនាក់ទំនង​ជាមួយគ្នា​ឆ្នាំ ១៩៧២ ដោយ​លោក​ប្រធាន ម៉ៅ សេទុង បានផ្តល់​ខ្លាឃ្មុំ​ពីរ​ក្បាល​ជូន​ប្រធានាធិបតី​អាមេរិក​លោក រី​ឆាត និ​ច​សុន ផងដែរ​។ 

​ពីរ​ឆ្នាំ​ក្រោយមក ចិន​ក៏បាន​បន្ត​ផ្តល់​ខ្លាឃ្មុំ​នេះ​ចំនួន​ពីរ​ក្បាល​ផ្សេងទៀត​ឲ្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស Edward Heath ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​។ ខ្លាឃ្មុំ​ទាំងពីរ​នោះ​មានឈ្មោះ Ching-Ching និង Chia-Chia ហើយ​វា​ត្រូវបាន​គេ​យកមក​ចិញ្ចឹម​នៅ​សួនសត្វ​ទីក្រុង​ឡុង​ដ៍​។​

២.​ប៉េកាំង​ប្រើ​នយោបាយ​ការទូត​ខ្លាឃ្មុំ​ចែរ​ចូ​វ​ហ្សា​ការ​តា​

​ត្រឡប់​រឿង​ឥណ្ឌូណេស៊ី​វិញ ការផ្តល់​កម្ចី​សត្វ​ខ្លាឃ្មុំ​នេះ​ជា​កាយវិការ​មួយ​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ពី​បំណង​របស់​ក្រុង​ប៉េកាំង​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ក្រុង​ហ្សា​ការ​តា​។ កន្លងមក ចិន​ក៏​ប្រើប្រាស់​នយោបាយ​ការទូត​នេះ​ជាមួយ​ម៉ាឡេស៊ី​ដែលជា​សមាជិក​អាស៊ាន​ផងដែរ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ចំណងមិត្តភាព​ម៉ាឡេស៊ី​និង​ចិន​រីកលូតលាស់​គួរ​ឲ្យ​កត់សម្គាល់ និង​កាន់តែ​ស្អិតល្មួត​ថែមទៀត​ផង​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ឥណ្ឌូណេស៊ី Sun Weide បាន​បញ្ជាក់ថា ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ទី ១៦ ដែល​បានទទួល​កម្ចី និង​មាន​សិទ្ធិ​ចិញ្ចឹម​ខ្លាឃ្មុំ​នេះ ហើយ​វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការរីកលូតលាស់​នៃ​ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌូណេស៊ី​ផងដែរ​។​

​តំណាង​ក្រុង​ប៉េកាំង​រូបនេះ​ក៏​ពន្យល់​ផងដែរ​ពី​ឈ្មោះ​ខ្លាឃ្មុំ​ទាំងពីរ ដែល​វា​មាន​អត្ថន័យ​ឆ្លុះបញ្ចាំង​ពី​ឥណ្ឌូណេស៊ី​ផ្ទាល់​។ លោក​បញ្ជាក់ថា​៖ ឈ្មោះ​ទាំងពីរ​នេះ​ស័ក្តិសម​នឹង​ទឹកដី​ឥណ្ឌូណេស៊ី​ដ៏​ស្រស់ស្អាត និង​ជា​ប្រទេស​ដែលមាន​កោះ​រាប់ពាន់​ផងដែរ​»​។

​ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌូណេស៊ី​មាន​ភាពល្អប្រសើរ​អស់​រយៈពេល​ជា​យូរអង្វែង ហើយ​ចិន​ក៏​ក្លាយជា​អ្នកវិនិយោគ​ដ៏​ធំ​បំផុត​មួយ​នៅ​ឥណ្ឌូណេស៊ី​។ ហើយ​ក្រោម​អាណត្តិ​ប្រធានាធិបតី ចូ​កូ ឥណ្ឌូណេស៊ី​ក៏​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​គំនិត​ផ្តួចផ្តើម​របស់​ចិន ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ផងដែរ ។ យ៉ាងណាមិញ ទំនាក់ទំនង​នេះ​ធ្លាក់ចុះ​ល្អក់កករ និង​មាន​ភាព​តានតឹង​ខ្លាំង​ផងដែរ​រយៈពេល​ចុងក្រោយ​។ ការធ្លាក់ចុះ​នេះ​ក៏ដោយ​សារ ការទាមទារ​យក​ដែនសមុទ្រ​នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ចិន​បានទាមទារ​ដែនទឹក​ខ្លះ​នៅក្បែរ​កោះ Natunas ដែលជា​កោះ​របស់​ឥណ្ឌូណេស៊ី​នោះ​៕


Tag:
 Bogor
  ចូ​កូ វី​ដូ​ដូ​
 ​ ជិន​ភីង​
  នយោបាយ​ការទូត​ខ្លាឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com