អន្តរជាតិ
អាជ្ញាធរ​ឌូ​ប៉ៃ សន្យា​តាមដាន និង​មិន​ឲ្យ​លោកស្រី​យី​ង​ឡាក់ ធ្វើ​សកម្មភាព​នយោបាយ
29, Sep 2017 , 8:19 am        
រូបភាព
ដោយ:
​ប្រមុខ​ការពារជាតិ​ថៃ លោក Prawit Wongsuwan បាន​ថ្លែង​ជា​ផ្លូវការ​ទៅកាន់​អ្នកសារព័ត៌មាន​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី Yingluck Shinawattra កំពុងតែ​ស្នាក់នៅ​ទីក្រុង​ឌូប៉ៃ​។ លោក​បន្ថែមថា អាជ្ញាធរ​ឌូបៃ ក៏បាន​សន្យា​មិន​បណ្តោយ​ឲ្យ​លោកស្រី ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទៀត​ដែរ​។​



«​អាជ្ញាធរ​ឌូ​ប៉ៃ បាន​សន្យា​ជាមួយ​ក្រសួងការបរទេស​ថៃ ថា ពួកគេ នឹង​តាមដាន​លោកស្រី យី​ង​ឡាក់ និង​ធានាថា លោកស្រី មិនអាច​ចូលរួម​ក្នុង​យុទ្ធនាការ​នយោបាយ​ឡើយ »​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ដែល​បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​ខ្លី​របស់លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ Prawit Wongsuwan ជាមួយនឹង​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​២៨ កញ្ញា ។

​សេចក្តីថ្លែងការណ៍​រប​ស់​ប្រមុខ​ការពារជាតិ​ថៃ​រូបនេះ ត្រូវបាន​ធ្វើឡើង​ស្រប​ជាមួយនឹង​សេចក្តីថ្លែងការណ៍​របស់​ប្រមុខ​របប​សឹក​ថៃ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​ដូចគ្នា ថា លោក បាន​ទទួលបាន​ព័ត៌មាន​មិន​ផ្លូវការ​ថា លោកស្រី Yingluck កំពុងស្នាក់នៅ​ក្រុង​ឌូ​ប៉ៃ ។ ក៏ប៉ុន្តែ​ប្រមុខ​របប​សឹក អះអាងថា លោក​គ្មាន​រឿង​អ្វី​ត្រូវ​ភ្ញាក់ផ្អើល​ដែរ ដ្បិត​នេះ គឺជា​សមត្ថកិច្ច​របស់​តុលាការ​នោះទេ ។

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ថ្ងៃទី​២៧ កញ្ញា តុលាការ​កំពូល​ថៃ​បាន​កាត់ទោស​កំបាំងមុខ​លើ​សំណុំរឿង​របស់​អតីត​នាយករដ្ឋមន្ត្រី Yingluck Shinawattra ដោយ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​ពីបទ​ធ្វេសប្រហែស​ក្នុងការ​ដឹកនាំ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​ជុំវិញ​កម្មវិធី​ទិញ​អង្ករ​តម្លៃថោក​។

​អ្វី​គួរកត់សម្គាល់​នោះ បើតាម​សារព័ត៌មាន Bangkok Post រដ្ឋាភិបាល​ក្រុង​បាងកក មិនមាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយនឹង​រដ្ឋា​ភិ​បាល​ក្រុង​ឌូប៉ៃ​ឡើយ ពោលគឺ បើទោះបីជា​លោកស្រី Yingluck ត្រូវបាន​តុលាការ​ថៃ កាត់ទោស​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ក៏ដោយ ក្រុង​បាងកក មិនអាច​ស្នើ​ឲ្យ​ក្រុង​ឌូ​ប៉ៃ​បញ្ជូន​លោកស្រី Yingluck ទៅ​ថៃ​វិញ​ឡើយ ។​

​នេះ ក៏​មិនមែនជា​រឿង​ថ្មី​អ្វី​ដែរ ដ្បិត​បងប្រុស​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin Sinawattra ក៏​ត្រូវបាន​តុលាការ​ថៃ​កាត់​ឲ្យ​ជាប់ទោស​កាលពី​ដប់ឆ្នាំ​មុន ហើយ​ពេលនេះ លោក​អតីត​នាយករដ្ឋមន្ត្រី ក៏​កំពុងតែ​រស់នៅ​ដោយ​សុវត្ថិភាព​នៅក្នុង​ទីក្រុង​ឌូប៉ៃ​ផងដែរ ៕


© រក្សាសិទ្ធិដោយ thmeythmey.com