ជាតិ
ចិន​បើក​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ពង្រឹង​ការទូត​នៅ​តំបន់​មេគង្គ​មួយ​នៅ​កម្ពុជា​
29, Sep 2017 , 7:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ ៖ ក្នុង​គោលបំណង​ជួយ​ជ្រោមជ្រែង​គោលនយោបាយ​ការបរទេស​របស់ខ្លួន​នៅ​តំបន់​មេគង្គ ប្រទេស​ចិន និង​បណ្ដា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​ចំនួន​ប្រាំ​ផ្សេងទៀត បាន​មូលមតិ​គ្នា​បើក​វិទ្យាស្ថាន​ស្រាវជ្រាវ​ថ្នាក់​តំបន់​មួយ នៅ​ទីក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​អ្នកជំនាញ​មើលឃើញថា ជាការ​ពង្រីក​ចំណាប់អារម្មណ៍​របស់​ទីក្រុង​ប៉េកាំង លើ​ផ្នែក​សិក្សាធិការ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​តំបន់​មេគង្គ​កាន់តែ​ជិតស្និទ្ធ​។​



​មជ្ឈមណ្ឌល​សាកល​ដើម្បី​សិក្សា​តំបន់​មេគង្គ ឬ Global Center for Mekong Studies (GCMS) ត្រូវបាន​បើក​សម្ភោ​ធ​ដោយមាន​ការចូលរួម​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្ថាបនិក​ចំនួន​៦​រួមមាន វិទ្យាស្ថាន​ចិន​ដើម្បី​ការសិក្សា​អន្តរជាតិ (CIIS) វិទ្យាស្ថាន​ខ្មែរ​ដើម្បី​សហប្រតិបត្តិការ និង​សន្តិភាព (CICP) បណ្ឌិត្យសភា​ការទូត​វៀតណាម (DAV) វិទ្យាស្ថាន​កិច្ចការបរទេស​នៃ​ប្រទេស​ឡាវ (IFA) វិទ្យាស្ថាន​មី​យ៉ាន់​ម៉ា​ដើម្បី​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ (MISIS) និង​វិទ្យាស្ថាន​កិច្ចការបរទេស​ទេវ​វង្ស​វរ​ប្រា​កន នៃ​ប្រទេស​ថៃ (DVIFA)​។​

​ការបង្កើត​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្ដល់នូវ​អនុសាសន៍ និង​គំនិត​យោបល់​ពី​ផ្នែក​អ្នកស្រាវជ្រាវ​សិក្សាធិការ​មកពី​ប្រទេស​ទាំង​៦ ស្ថិតក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ណ៍​ឡាន​ឆាង​-​មេគង្គ (LMC) ដែលជា​គម្រោង​គោលនយោបាយ​ការបរទេស​ផ្ដួចផ្ដើម​គំនិត​ដោយ​ទីក្រុង​ប៉េកាំង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ខិត​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង​ប្រាំ​រួមមាន មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​។ នេះ​បើតាម វិទ្យាស្ថាន​ខ្មែរ​ដើម្បី​កិច្ចសហប្រតិបត្តិការ​និង​សន្ដិភាព​។​

​ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ប្រធាន​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​កិច្ចសហប្រតិបត្តិការ​និង​សន្តិភាព បាន​មាន​ព្រះបន្ទូល​ថា ក្រៅតែពី​ដើរតួនាទី​ជា​អ្នក​ផ្ដល់នូវ​យោបល់ និង​គំនិត​ជ្រាលជ្រៅ​ដើម្បី​កំណត់​នូវ​របៀបវារៈ​គោលនយោបាយ​នានា​របស់ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ (LMC) មជ្ឈមណ្ឌល​បង្កើត​ថ្មី​គាំទ្រ​ដោយ​ប្រទេស​ចិន​មួយ​នេះ ក៏​អាច​ដើរតួនាទី​ផ្សេងទៀត​ជា​អ្នក​ពាំនាំ​សារ​នៃ​ក្របខ័ណ្ឌ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ខាងលើ​ផងដែរ​។​

​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះ នឹងត្រូវ​ពឹងផ្អែក​លើ​ការផ្គត់ផ្គង់​ថវិកា​ពី​រដ្ឋ​ចិន តាមរយៈ​ក្របខណ្ឌ LMC​។ LMC ត្រូវបាន​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​២០១៥ ផ្ដួចផ្ដើម​ដោយ​ប្រទេស​ចិន​ដែល​រំពឹង​ត​ភ្ជាប់​ភាពជិតស្និទ្ធ​នឹង​តំបន់​អាស៊ាន​តាមរយៈ​តំបន់​មេគង្គ​។​

​ទំនាក់ទំនង​របស់​ចិន​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍ ហាក់​មាន​ភាព​រកាំរកូស​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ជុំវិញ​ប្រធាន​រឿង​នៃ​ការដណ្ដើម​ដែន​អធិបតេយ្យភាព​គ្រប់គ្រង​នៅ​បរិវេណ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​សមាជិក​អាស៊ាន​យ៉ាងតិច​បួន​ក៏​ជា​ភាគី​ជម្លោះ​អះអាង​ពី​ការគ្រប់គ្រង​របស់ខ្លួន​នៅ​តំបន់​ដែលជា​ចំណុច​ចេញចូល​ដ៏​សំខាន់​នៃ​នាវាចរណ៍​អន្តរជាតិ​។​

​ប្រទេស​ចិន​បាន​ក្លាយជា​អ្នកវិនិយោគ​ដ៏​សំខាន់​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក ឬ​អាង​ទន្លេមេគង្គ​ដែល​មួយចំនួន​នៃ​គម្រោង​ទាំងនោះ ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ភាពចម្រូងចម្រាស និង​រង​ការ​រិះគន់ថា​ធ្វើឱ្យប៉ះពាល់​ដល់​បញ្ហា​បរិស្ថាន និង​ប្រពៃណី​ជនជាតិដើម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com