អន្តរជាតិ
អឺរ៉ុប​ទទួលយក​ជន​ភៀសខ្លួន​៥​ម៉ឺន​នាក់​ពី​អាហ្វ្រិក
29, Sep 2017 , 11:45 am        
រូបភាព
​សហភាព​អឺរ៉ុប​បាន​បញ្ចេញ​ផែនការ​ទទួលយក​ជន​ភៀសខ្លួន​ចំនួន​៥​ម៉ឺន​នាក់​ពី​ប្រទេស​អាហ្វ្រិក​ខាងជើង ដើម្បី​រស់នៅ​តាម​ប្រទេស​សមាជិក​នានា​។ ផែនការ​ថ្មី​នេះ មាន​គោលដៅ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន ដែល​ហូរ​ចូល​តំបន់​អឺរ៉ុប​ខុសច្បាប់​យ៉ាងគំហុក​ក្នុង​ឆ្នាំមុនៗ និង​បង្ក​ជា​បញ្ហា​បែកបាក់​ក្នុងចំណោម​សមាជិក​របស់​អឺរ៉ុប​។ ផែនការ​នេះ មិនមាន​លក្ខណៈ​ចាប់បង្ខំ​អ្វី​ទេ ដោយ​រដ្ឋ​អឺរ៉ុប​ទាំងអស់​អាច​ស្ម័គ្រចិត្ត​ទទួល ឬ​មិន​ទទួល​ជនភៀសខ្លួន​បាន​។



​គណៈកម្មការ​អឺរ៉ុប នៅ​ថ្ងៃទី​២៧ ខែកញ្ញា បានប្រកាស​ផែនការ​ទទួលយក​ជន​ភៀសខ្លួន​ពី​អាហ្វ្រិក ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ជិត​៦០០​លាន​ដុល្លារ​។ ជនភៀសខ្លួន​មកពី​លី​ប៊ី អេ​ហ្ស៊ី​ប នី​ហ្ស៊េ ស៊ូ​សង់ ឆាដ និង​សូ​ម៉ាលី ចំនួន​ប្រាំ​ម៉ឺន​នាក់​នឹងត្រូវ​ទៅ​រស់នៅ​ប្រទេស​អឺរ៉ុប​សម្រាប់​រយៈពេល​ពី​រ​ឆ្នាំ​ខាងមុខ​។ ផែនការ​នេះ​មាន​គោលដៅ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​សកម្មភាព​រត់ពន្ធ​មនុស្ស​ខុសច្បាប់​ផងដែរ​។​

​ស្នងការ​ទទួលបន្ទុក​ទេសន្តរប្រវេសន៍​អឺរ៉ុប Dimitris Avramopoulos និយាយថា ផែនការ​ខាងលើនេះ​នឹង​ជួយ​ជនភៀសខ្លួន​ដែល​ត្រូវការ​កា​ពារ​ពី​ការធ្លាក់​ចូលក្នុង​ដៃ​ក្រុម​ជួញដូរ​មនុស្ស​។ មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប​រូបនេះ​បន្ថែមថា ការទទួលយក​ជនភៀសខ្លួន​មកពី​អាហ្វ្រិក​ពេលនេះ ក៏​ជាការ​បង្ហាញ​ការទទួលខុសត្រូវ​រប​ស់​អឺរ៉ុប​ជាមួយ​ប្រទេស​ទី​បី​ដូចជា​អាហ្វ្រិក​ជាដើម​ផង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស Telegraph ។​

​តាមពិតទៅ​ផែនការ​ថ្មី​នេះ​អាច​ចាត់ទុកជា​វិធាន​ការបន្ត​គម្រោង​ពី​ទទួលយក​ជនភៀសខ្លួន​លើក​មុន ដែល​អស់​សុពលភាព​នៅ​សប្ដាហ៍​នេះ និង​ត្រូវ​អះអាងថា បរាជ័យ​ទៅហើយ​។ ផែនការ​ទទួលយក​ជ​ន​ភៀសខ្លួន ដែល​ដាក់ចេញ​កាលពី​ឆ្នាំមុន មិនបាន​ទ​ទទួលលទ្ធផល​តាម​កា​រ​កំណត់​ទេ ព្រោះ​មាន​ជនភៀសខ្លួន​ចំនួន​២​ម៉ឺន​៩​ពាន់​នាក់​ប៉ុណ្ណោះ​ត្រូវបាន​បែងចែក​តាម​គោលដៅ​ក្នុងចំណោម​ជនភៀសខ្លួន​សរុប​១៦​ម៉ឺន​នាក់​។​

​សមាជិក​អឺរ៉ុប​បាន​ខ្វែងគំនិត​គ្នា​លើ​ការទទួលយក​ជនភៀសខ្លួន ដែល​លក្ខណៈ​ចាប់បង្ខំ ហើយ​មាន​សមាជិក​ខ្លះ​មិន​ស្ដាប់​គណៈកម្មការ​អឺរ៉ុប​លើ​បញ្ហា​នេះ​ទេ​។ រដ្ឋ​អឺរ៉ុប​ខ្លះ​ដូចជា​ហុង​គ្រី និង​ប៉ូឡូញ បាន​បដិសេធ​ទទួលយក​ជនភៀសខ្លួន ដ្បិត​រដ្ឋាភិបាល​ប្រទេស​នេះ​មាន​នយោបាយ​ប្រឆាំង​ជនភៀសខ្លួន និង​យក​លេស​ថា ជនភៀសខ្លួន​ទាំងនោះ គឺជា​គំរាមកំហែង​សន្តិសុខ​ផ្ទៃក្នុង ជាពិសេស​ករណី​ភេរវកម្ម​ជា​តែម្ដង​។​

​ទទួល​ជនភៀសខ្លួន​បន្ថែម តែ​រឹតបន្តឹង​ព្រំដែន​

​នៅ​សប្ដាហ៍​នេះដែរ សហភាព​អឺរ៉ុប​ក៏​ប្រកាស​ផែនការ​របស់ខ្លួន​ក្នុងការ​អនុញ្ញាត​ឲ្យ​សមាជិក​នៃ​តំបន់ Schengen អាចអនុវត្ត​ការ​រឹតបន្តឹង​ព្រំដែន​រយៈពេល​បី​ឆ្នាំ​ទៅមុខទៀត បើ​ការ​គំរាម​សន្តិសុខ​មាន​កម្រិត​ខ្ពស់​។ បច្ចុប្បន្ន រដ្ឋ​សមាជិក Schengen អាច​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន​របស់ខ្លួន​រយៈពេល​៦​ខែ ក្នុងករណី​មានការ​គំរាមកំហែង ហើយ​វិធានការ​នេះ​អាច​ពង្រីក​ដល់​ទៅ​ពីរ​ឆ្នាំ បើ​មានការ​គំរាម​លើ​ព្រំដែន​ដែរនោះ​។​

​សមាជិក​អឺរ៉ុប​ដូចជា​បារាំង និង​អាល្លឺម៉ង់ បានស្នើ​ឲ្យ​ការពង្រីក​រយៈពេល​នៃ​ការត្រួតពិនិត្យ​តាម​ព្រំដែន​ឲ្យ​បានយូរ​ឆ្នាំ ព្រោះ​ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​ប្រជាជន​ខ្លួន ខណៈដែល​ការវាយប្រហារ​ភេរវកម្ម​បាន​ផ្ទុះឡើង​ជាច្រើនលើក​ក្នុងពេល​ប៉ុន្មាន​ឆ្នាំនេះ​។ សំណើ​នេះ​ធ្វើឡើង ខណៈដែល​វិធានការ​ត្រួតពិនិត្យ​ព្រំដែន​ដែល​ក្រុង​ព្រុ​ច​សែ​ល​អនុញ្ញាត​តាំងពី​ឆ្នាំមុន​មក​នោះ នឹង​អស់​សុពលភាព​នៅ​ខែវិច្ឆិកា​ខាងមុខ តែ​សមាជិក​ភាគច្រើន​ចង់​ឲ្យ​មានការ​រឹតបន្តឹង​ព្រំដែន​បន្ថែមទៀត​។​

​លំហូរ​ជនភៀសខ្លួន និង​ការវាយប្រហារ​ភេរវកម្ម គឺជា​បញ្ហា​ព្រួយបារម្ភ​សម្រាប់​សមាជិក​អឺរ៉ុប​។ ការទទួលយក​ជនភៀសខ្លួន​ក្នុងនាម​មនុស្សធម៌ បង្ក​ការមិន​ពេញចិត្ត​ក្នុងចំណោម​ប្រជាជន​ម្ចាស់​ស្រុក ព្រោះ​ពួកគេ​យល់ថា ជនភៀសខ្លួន​ទាំងនោះ​ជា​ប្រភព​នៃ​បញ្ហា​សន្តិសុខ​។ ជាការ​ពិត ក្នុងការ​វាយប្រហារ​ច្រើន​នៅ​អឺរ៉ុប ជនសង្ស័យ​ភាគច្រើន​មាន​ប្រភព​មកពី​ជនភៀសខ្លួន ដែល​រង​ឥទ្ធិពល​ពី​មនោគមន៍​របស់​ក្រុម​ជ្រុលនិយម​មាន​ក្រុម​រដ្ឋ​ឥស្លាម​ជាដើម​៕


Tag:
 អឺរ៉ុប​
  អាហ្វ្រិក​
  ជនភៀសខ្លួន​
© រក្សាសិទ្ធិដោយ thmeythmey.com