កីឡាជាតិ
ជាតិ
អ្នកចាត់ការ​ទូទៅ​ក្រុម Pisnoka ស្នើ​ឲ្យ​បញ្ឈប់​ការរិះគន់​គណៈកម្មការ​ពាក់ព័ន្ធ​ការកំណត់​លទ្ធផល​
29, Sep 2017 , 7:19 pm        
រូបភាព
ដោយ:
​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់ Pisnoka FC បានស្នើ​ឲ្យ​អ្នកដឹកនាំ​ក្រុម​បញ្ឈប់​ការរិះគន់​គណៈកម្មការ​រៀបចំ​ការប្រកួត​ពាន​រង្វាន់​សម្តេច ហេង សំរិន ប្រចាំឆ្នាំ​២០១៧ ពាក់ព័ន្ធ​រឿង​កំណត់​លទ្ធផល​ទុកជាមុន​។ ការស្នើ​នេះ​បន្ទាប់ពី​មាន​អ្នកដឹកនាំ​ក្រុម​មួយចំនួន​បាន​ចោទប្រកាន់​គណៈកម្មការ​រៀបចំ​ការប្រកួត​ថា បាន​រៀប​លទ្ធផល​ឲ្យ​ក្រុម Pisnoka FC​។​



​លោក ពេជ្រ ថា​វី អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់ Pisnoka FC បាន​អះអាងថា ជ័យជម្នះ​របស់​ក្រុម​នីមួយៗ​បានកើត​ឡើង​ពី​ការខិតខំ​ប្រឹងប្រែង​ប្រកួត​នៅលើ​ទីលាន​ដោយ​សមត្ថភាព​ពិតៗ ពោលគឺ​គ្មាន​ការកំណត់​លទ្ធផល​ទុក ឬ​រៀបចំ​ឲ្យ​ក្រុម​ណា​ឈ្នះ​នោះឡើយ​។ ការអះអាង​បែបនេះ បន្ទាប់ពី​មាន​អ្នក​នាំ​ក្រុម​មួយចំនួន​បាន​ចោទប្រកាន់​គណៈកម្មការ​រៀបចំ​ការប្រកួត​ថា​បានរៀបចំ​លទ្ធផល​ឲ្យ Pisnoka FC ដែលជា​អ្នក​ឧបត្ថម្ភ​ការប្រកួត​ឈ្នះ​ក្នុង​ការប្រកួត​។

​ទន្ទឹមនឹងនេះ អ្នកចាត់ការ​ទូទៅ​រូបនេះ​បានស្នើ​ឲ្យ​អ្នកដឹកនាំ​ក្រុម​ទាំងអស់​បញ្ឈប់​ការរិះគន់​ដល់​គណៈកម្មការ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ និង​បង្កើត​ឲ្យ​មានការ​ប្រកួត​ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​បាន​បញ្ចេញ​សមត្ថភាព​តទៅទៀត​។ ហើយ​លោក​បាន​ផ្តាំ​ដល់​ក្រុម​ទាំង​៤​ដែល​បាន​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កុំ​មានការ​បារម្ភ​ចំពោះ​បញ្ហា​ដូច​ការ​ចោទ​នេះ​ឲ្យ​សោះ​។  



​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហេង សំរិន ប្រចាំឆ្នាំ​២០១៧ បាន​ឈានដល់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែកញ្ញា សប្តាហ៍​នេះ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ក្នុងនោះ​ក្រុម Pisnoka FC ជួប​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​នៅ​ម៉ោង​៤​រសៀល ខណៈ​ក្រុម​អាណាចក្រ​បៃតង​តទល់​ជាមួយ​ក្រុម Old Town Garden នៅ​ម៉ោង​៦​ល្ងាច​។ ចំណែក​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក និង​ចំណាត់ថ្នាក់​លេខ​៣​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​គួរ​បញ្ជាក់ថា មុននឹង​ឡើងមក​ជួបគ្នា​នៅ​វគ្គ​នេះ​ក្នុងនោះ​ក្រុម Pisnoka FC បាន​យកឈ្នះ​ក្រុម The Salt FC ក្នុង​លទ្ធផល ២-០ រីឯ​អាណាចក្រ​បៃតង​យកឈ្នះ​ក្រុម TN Kandal FC ៤-២ ខណៈ​សម្ព័ន្ធ​យុវជន​មូស្លីម​យកឈ្នះ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC) ៤-១ ហើយ​ក្រុម Old Town Garden បាន​យកឈ្នះ​ក្រុម Home Sport FC យ៉ាង​ប្រផិតប្រផើយ ១-០៕


Tag:
 ពេជ្រ ថា​វី​
  Pisnoka FC
  Heng Samrin Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com