ជាតិ
អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ធ្វើ​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​
29, Sep 2017 , 8:19 pm        
រូបភាព
​សៀមរាប​៖ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​២០១៧ បានធ្វើ​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​២០១៧ ក្រោម​ប្រធានបទ «​ការធ្លាក់​យន្តហោះ​»​។ សមយុទ្ធ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​វាយតម្លៃ​នូវ​សមត្ថភាព​ប្រតិបត្តិការ​នៃ​ផែនការ​គ្រោះអាសន្ន ប្រចាំ​អាកាស​ដ្ឋា​ន​អំពី​របៀប​នៃ​អន្តរាគមន៍​ឆ្លើយតប​ក្នុង​ពេលវេលា​ពិតប្រាកដ​មួយ​។​



​សមយុទ្ធ​នៅ​ព្រឹក​ថ្ងៃទី​២៩ ស្ថិតនៅ​ផ្នែក​ខាងជើង​ព្រលានយន្តហោះ ដោយមាន​ការដុត​កង់​ឡាន រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​សង្គ្រោះបន្ទាន់ កងកម្លាំង​ចម្រុះ ជនរងគ្រោះ​។​ល​។​



​គោលដៅ​សំខាន់​នៃ​លំ​ហាត់​សមយុទ្ធ​នេះ រួមមាន​ការអនុវត្ត​សម្របសម្រួល​ជាមួយ​ស្ថាប័ន អង្គភាព​សម្រាប់​គ្រោះថ្នាក់​យន្តហោះ​ដែល​កើត សាកល្បង​នូវ​នីតិវិធី​នៃ​ការទំនាក់ទំនង​ផ្តល់ព័ត៌មាន​សម្រាប់​គ្រោះថ្នាក់​យន្តហោះ​ធ្លាក់​ក្រៅ​អាកាសយានដ្ឋាន​។ បន្ថែម​ពីនេះ ក៏​ដើម្បី​វាយតម្លៃ​នូវ​ដំណើរការ​នៃ​ការផ្តល់​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​ទៅកាន់​ក្រុម​អ្នកគ្រប់គ្រង​គ្រោះអាសន្ន​ប្រចាំ​អាកាសយានដ្ឋាន គណកម្មការ​គ្រោះអាសន្ន​នៅ​ទីបញ្ជាការ​កណ្តាល និង​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះអាសន្ន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​។



​ចំណុច​ចុងក្រោយ សមយុទ្ធ​នេះ គឺ​ដើម្បី​វាយតម្លៃ​លើ​ការគ្រប់គ្រង​ផ្នែក​សុខាភិបាល​នៅ​កន្លែងកើតហេតុ​ដូចជា ការសង្គ្រោះ​បឋម​ជនរងគ្រោះ​មុន ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ការដឹកជញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ និង​ឯកសារ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​កត់ត្រា​៕


















Tag:
 សមយុទ្ធ​
  ព្រលានយន្តហោះ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com