អន្តរជាតិ
ជីវិត​នយោបាយ​លោកស្រី យី​ង​ឡាក់ ត្រូវ​ចប់​ហើយ​
29, Sep 2017 , 8:39 pm        
រូបភាព
​ជីវិត​នយោបាយ​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​ភៀសខ្លួន​នៅ​ទីក្រុង​ឌូ​បៃ ទំនងជា​ត្រូវ​ចប់សព្វគ្រប់​ហើយ បន្ទាប់ពី​ច្បាប់​ថ្មី​ស្ដីពី​ការប្រព្រឹត្តទៅ​តុលាការ​កំពូល​ថៃ​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៩ ខែកញ្ញា​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធាន​គណៈកម្មាធិការ​សរសេ​រ​រដ្ឋធម្មនុញ្ញ​ថៃ​។ មិន​ត្រឹមតែ​ជីវិត​នយោបាយ​ឡើយ លោកស្រី យី​ង​ឡាក់ ទំនងជា​មិនអាច​តវ៉ា​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ប្រាំ​ឆ្នាំ​បានដែរ​។​



​អ្នកនយោបាយ​ត្រកូល «​ស៊ីណា​វ៉ា​ត់​» ម្នាក់ទៀត​ត្រូវបាន​កម្ចាត់​ពី​ឆាកនយោបាយ​របស់​ថៃ​ហើយ​។ អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ត្រូវបាន​តុលាការ​កំពូល​ថៃ​រកឃើញថា​ធ្វេសប្រហែស​ក្នុងការ​ដឹកនាំ​តាមរយៈ​ការខាតបង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​នៃ​កម្មវិធី​ទិញ​អង្ករ​តម្លៃថោក​អំឡុងពេល​រដ្ឋាភិបាល​លោកស្រី​ដឹកនាំ​ប្រទេស មុននឹង​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច​ដោយ​ក្រុម​យោធា​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្នុង​ឆ្នាំ​២០១៤​។​

​យ៉ាងណាក្ដី លោកស្រី យី​ង​ឡាក់ ទំនងជា​មិនអាច​ប្ដឹង​ជំទាស់​ការកាត់ទោស​នេះ​បានទេ​។ ប្រធាន​គណៈកម្មាធិការ​សរសេរ​រដ្ឋធម្មនុញ្ញ Meechai Ruchupan និយាយថា បើ​លោកស្រី យី​ង​ឡាក់ ចង់​ប្ដឹង​ទាស់​សាលដីកា​នេះ លោកស្រី​ត្រូវតែ​បង្ហាញមុខ​ចំពោះ​តុលាការ​ដោយផ្ទាល់​។ ប៉ុន្តែ​រឿងនេះ​ទំនង​មិនអាច​កើតឡើង​បានទេ ព្រោះ​លោកស្រី​បានរ​ត់ទៅ​បរទេស​តាំងពី​ខែ​មុន​មកម្ល៉េះ​ដើម្បី​គេច​ពី​ការ​ទទួលទោស​នេះ​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Meechai ចង់​សំដៅ​ដល់​ច្បាប់​ស្ដីពី​ការ​នីតិវិធីតុលាការ​កំពូល​សម្រាប់​អ្នកនយោបាយ​កាន់តំណែង​រដ្ឋ ដែល​ត្រូវបាន​ចុះ​ក្នុង​រាជកិច្ច​នៅ​ថ្ងៃទី​២៨ ខែកញ្ញា និង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៩ ខែកញ្ញា​។ លោក Meechai បញ្ជាក់ថា ករណី​លោកស្រី យី​ង​ឡាក់ ស្ថិតក្រោម​ច្បាប់​នេះ ដែល​មាត្រា​៦១​ចែងថា ជនជាប់ចោទ​ត្រូវ​បង្ហាញមុខ​នៅ​តុលាការ ពេល​ប្ដឹង​ជំទាស់​ការកាត់ក្ដី​ណាមួយ​។

​ជាមួយគ្នានេះ អាជ្ញា​យុ​កាល​នៃ​បទល្មើស​របស់​អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​រូបនេះ ក៏​មិន​ការកំណត់​ដែរ ដែល​នេះ​មានន័យថា លោកស្រី យី​ង​ឡាក់ អាច​ត្រូវ​ចាប់ខ្លួន​គ្រប់ពេលវេលា បើ​ហ៊ាន​ចូល​ស្រុក​នោះ​។ កាន់តែ​ធ្ងន់ធ្ងរ​នោះ ប្រធាន​គណៈកម្មាធិការ​សរសេរ​រដ្ឋធម្មនុញ្ញ​ខាងលើ​សង្កត់​ថា បើទោះជា​លោកស្រី អនុវត្ត​ទោស​៥​ឆ្នាំ​ក្ដី ក៏​លោកស្រី​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​បាន​ទៀត​ដែរ ព្រោះ​លោកស្រី​ត្រូវ​កាត់ទោស​ក្រោម​ច្បាប់​ប្រឆាំង​អំពើពុករលួយ​។​

​សូមបញ្ជាក់ថា មួយថ្ងៃ​ក្រោយ​តុលាការ​កំពូល​ថៃ​កាត់ទោស​លោកស្រី យី​ង​ឡាក់ មេដឹកនាំ​របប​សឹក​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោកស្រី យី​ង​ឡាក់ កំពុង​ស្ថិតនៅ​ទីក្រុង​ឌូ​បៃ​។ លោក ប្រា​យុទ្ធ បញ្ជាក់ថា អាជ្ញាធរ​នឹង​ចេញ​ដីកាចាប់ខ្លួន​លោកស្រី យី​ង​ឡាក់ និង​ព្យាយាម​ធ្វើ​បត្យាប័ន​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ត្រឡប់​ចូល​ស្រុក​វិញ​។ ប៉ុន្តែ​ថៃ និង​អារ៉ាប់​រូ​ម​អេ​មី​រ៉ា​ត​គ្មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ទេ​៕


Tag:
 ថៃ​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com