ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន​ជួយ​សង់​ផ្លូវ​រថភ្លើង​ដែល​ភ្ជាប់​ពី​ម្តុំ​ព្រះបរមរាជវាំង​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​
29, Sep 2017 , 9:59 pm        
រូបភាព
កាលពីខែកក្កដារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាជាមួយ លោក Tang Tong ប្រធានក្រុមហ៊ុនផ្លូវដែក China Sky Railway Group
កាលពីខែកក្កដារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាជាមួយ លោក Tang Tong ប្រធានក្រុមហ៊ុនផ្លូវដែក China Sky Railway Group
​ក្រុមហ៊ុន​មួយ​របស់​ចិន នឹង​សង់​ផ្លូវ​រថភ្លើង​លើ​អាកាស ពី​ព្រះបរមរាជវាំង ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​ខាងមុខ​។ នេះ​បើតាម កាសែត China Daily​។ យ៉ាងណាក៏ដោយ គម្រោង​សាងសង់​នេះ មិនទាន់​ត្រូវបាន​បញ្ជាក់​ពី​ភាគី​កម្ពុជា​នៅឡើយ ខណៈដែល​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ ឆ្លើយតប​ថា​មិនបាន​ដឹង​ពី​គម្រោង​នេះ​។



​ក្រុមហ៊ុន​ចិន នឹង​សង់​ផ្លូវ​រថភ្លើង​លើ​អាកាស ពី​ព្រះបរមរាជវាំង ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​ខាងមុខ​។ ផ្លូវ​រថភ្លើង​នេះ មាន​ប្រវែង​១០​គីឡូម៉ែត្រ រត់​ក្នុង​ល្បឿន​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នេះ​បើតាម​កាសែត China Daily ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ដែល​បាន​ស្រង់​សម្តី លោក Tang Tong ប្រធាន​ក្រុមហ៊ុន China Sky Railway Group ដូច្នេះ​ថា​៖«​ខ្សែ​រថភ្លើង នឹង​ភ្ជាប់​ព្រះ​មរ​ម​រាជវាំង ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​គាំ​ជាការ​រួមចំណែក ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍ​ទេសចរណ៍ និង​សេវាសាធារណៈ ក៏ដូចជា​ការមកដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ខាងមុខ​»​។

​បើតាម​ប្រធាន​ក្រុមហ៊ុន​ចិន​ដដែល ផ្លូវ​រថភ្លើង​នេះ សម្រាប់​ផ្ទុក​រថយន្ត​ភ្លើង​ធុន​ស្រាល​ដើរ​ដោយ​ស្វ័យប្រវត្តិ អាច​ផ្ទុក​មនុស្ស​បាន​១៤៤​នាក់​។

​ទាក់ទង​នឹង​គម្រោង​នេះ កាលពី​ខែកក្កដា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក៏បាន​ជួបពិភាក្សា​ជាមួយ លោក Tang Tong ប្រធាន​ក្រុមហ៊ុន​ផ្លូវដែក China Sky Railway Group នេះដែរ​។ ក្នុងជំនួប​នោះ លោក Tang Tong  បានបញ្ជាក់​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​លើ​អាកាស ពី​រាជធានី​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ ទៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ខណៈដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម SEA Games នៅ​ឆ្នាំ​២០២៣​។

​ជាការ​ឆ្លើយតប រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​គាំទ្រ​ចំពោះ​គម្រោង​នេះ និង​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​ដាក់សំណើ​គម្រោង​នេះ មក​ក្រសួង ដើម្បី​ពិនិត្យ​ឱ្យបាន​ឆាប់​បំផុត​។​

​យ៉ាងណាក៏ដោយ គម្រោង​នេះ​ទំនងជា​មិនទាន់​ដល់ដៃ​ក្រសួង​សាធារណការ​នៅឡើយ​។ អ្នកនាំពាក្យ​ក្រសួង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃនេះ​ថា មិនបាន​ដឹង​ពី​គម្រោង​នេះ​ទេ​។ លោក វ៉ា ស៊ឹម សូរិយា បញ្ជាក់​យ៉ាងនេះ​ថា​៖«​ខ្ញុំ​អត់​បានដឹង​ពី​គម្រោង​នេះ​ទេ​។ អាចជា​គម្រោង​របស់​ក្រុមហ៊ុន ដែល​គេ​គ្រោង​ហើយ មិនទាន់​ដាក់​ស្នើ​មក​ក្រសួង ហើយ​បើ​ដាក់​មក ក្រសួង​យល់ព្រម ក៏ត្រូវ​សិក្សា​ពី​លទ្ធភាព​សាងសង់​សិន​ដែរ​»​។

​លោក វ៉ា ស៊ឹម សូរិយា បាន​បញ្ជាប់​តែ​ពី​គម្រោង​សង់​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ជាមួយ​ជប៉ុន​ប៉ុណ្ណោះ​។ តាម​គម្រោង ជប៉ុន​នឹង​បញ្ជូន​អ្នកជំនាញ​មក​សិក្សា​បន្ទាន់​លើ​គម្រោង​នេះ​តែម្តង នៅក្នុង​ខែតុលា​ខាងមុខនេះ​។ គម្រោង គឺ​ភ្ជាប់​តំបន់​ផ្សារ​អូរឫស្សី ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ គម្រោង​នេះ មាន​ទឹកប្រាក់​ប្រមាណ​៨០០​លាន​យន់ [​ប្រមាណ​១២០​លាន​ដុល្លារ​អាមេរិក​] ប៉ុន្តែ​តម្លៃ​អាច​ប្រែប្រួល ក្រោយ​ការសិក្សា​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ដដែល​៕


Tag:
 ​រថភ្លើង​លើ​អាកាស​
 ​ ព្រះបរមរាជវាំង​
  ​ព្រលានយន្តហោះ​
© រក្សាសិទ្ធិដោយ thmeythmey.com