អន្តរជាតិ
ចិន​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​សិង្ហ​បុរី តែ​សិង្ហ​បុរី​ត្រូវ​បោះបង់​តៃវ៉ាន់​សិន​
29, Sep 2017 , 4:02 pm        
រូបភាព
​ក្រសួងការពារជាតិ​ចិន​អះអាងថា ខ្លូន​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​តែម្តង ប៉ុន្តែ​ចិន​ជំទាស់​ដាច់ខាត​រាល់​ប្រទេស​ទាំងឡាយណា​ដែលមាន​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​។ គេ​រំពឹងថា សិង្ហ​បុរី​ប្រហែលជា​នឹង​ផ្តាច់ចំណង​យោធា​យូរអង្វែង​ជាមួយ​តៃវ៉ាន់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​នោះ​ជាក់​ជាមិនខាន​។​



​ក្រោយ​មានដំណើរ​ទស្សនកិច្ចរ​ដ្ឋ​មន្ត្រី​ការពារជាតិ​សិង្ហ​បុរី​ទៅកាន់​ប្រទេស​ចិន តំណាង​ក្រសួងការពារជាតិ​ចិន​អះអាងថា ខ្លួន​ចង់​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​សិង្ហ​បុរី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ផង​នៅពេល​ខាងមុខ​។ ប៉ុន្តែ​ចិន​នៅតែ​បញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ប្រឆាំង​រាល់​ប្រទេស​ទាំងឡាយ​ដែលមាន​ទំនាក់ទំនង​យោធា​ជាមួយ​តៃវ៉ាន់​ផង ក្នុងនោះ​មាន​សិង្ហ​បុរី​ដែរ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី​លោក  Ng Eng Hen បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ចិន​កាលពី​សប្តាហ៍​មុន ហើយ​វា​មានការ​វាយតម្លៃ​ផងដែរ​ថា សិង្ហ​បុរី​អាច​នឹង​បញ្ចប់​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​យោធា​មួយ​កោះ​តៃវ៉ាន់​ផង​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ កញ្ញា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​លោក Wu Qian  បាន​អះអាងថា ទំនាក់ទំនង​យោធា​ចិន​ជាមួយ​សិង្ហ​បុរី​ល្អប្រសើរ​ទៅមុខ​ហើយ​នៅពេល​បច្ចុប្បន្ន ហើយ​ចិន​ចង់​ពង្រឹង​ទំនាក់ទំនង​នេះ​បន្ថែមទៀត​។

​លោក Wu Qian បានលើកឡើង​ដូច្នេះ​៖«​ចិន​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សិង្ហ​បុរី​ដើម្បី​បង្កើត​លក្ខខណ្ឌ​សមស្រប​មួយ​ដើម្បី​អភិវឌ្ឍ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​យោធា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នៅពេល​ខាងមុខ​»​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ​បាន​សង្កត់ធ្ងន់ថា ចិន​នៅតែ​ជំទាស់​រាល់​ប្រទេស​ដែល​បន្ត​ទំនាក់ទំនង​យោធា​ជាមួយ​តៃវ៉ាន់​ដូចគ្នា​។ លោក​បាន​បញ្ជាក់ថា​៖« អ្វីដែល​ខ្ញុំ​ចង់សង្កត់ធ្ងន់​នោះ​គឺ តៃវ៉ាន់​ជា​ផ្នែក​មួយ​ដែល​មិនអាច​បំបែក​បាន​របស់​ចិន ហើយ​យើង​ជំទាស់​ដាច់ខាត​រាល់​ប្រទេស​ដែលមាន​ទំនាក់​ទំនងជា​ផ្លូវការ ឬ​ចំណង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​យោធា​ជាដើម​ជាមួយ​កោះ​នេះ​»​។​

​ថ្វីបើ​គ្មាន​ចំណង​ការទូត​ផ្លូវការ​ក៏ដោយ សិង្ហ​បុរី​និង​តៃវ៉ាន់​មាន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយគ្នា ក្រោម​គម្រោង «Starlight Plan» ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ការចុះហត្ថលេខា​រវាង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ក្វាន់​យូ និង​មេដឹកនាំ​តៃវ៉ាន់ Chiang Ching-kuo ឆ្នាំ ១៩៧៥​មកម្ល៉េះ​។ ស្ថិតក្រោម​កិច្ចសហប្រតិបត្តិការ​នេះ សិង្ហ​បុរី​បញ្ជូន​កងទ័ព​ខ្លួន​ទៅ​ហ្វឹកហ្វឺន​នៅ​តៃវ៉ាន់​ស្ទើរ​រៀងរាល់ឆ្នាំ​។ ទង្វើ​នេះ​ធ្វើ​ឲ្យ​ចិន​ឃ្នើសចិត្ត​ដែរ​កន្លងមក​។

​ប៉ុន្តែ គួរ​ឲ្យ​កត់សម្គាល់​ទំនាក់ទំនង​ចិន និង​សិង្ហ​បុរី​កាន់តែ​ល្អក់កករ បន្ទាប់ពី​អាជ្ញាធរ​ហុងកុង​ចាប់បាន​នាវា​ដឹក​រថយន្តយោធា​ចំនួន​ប្រាំបួន​គ្រឿង​របស់​សិង្ហ​បុរី​ដែល​ធ្វើដំណើរ​ពី​កោះ​តៃវ៉ាន់​ទៅ​សិង្ហ​បុរី​បន្ទាប់ពី​មានការ​ហ្វឹកហ្វឺន​ចប់សព្វគ្រប់​នៅ​ចុងឆ្នាំ ២០១៦​នោះ​។ បញ្ហា​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ភាគី​ទាំងពីរ​ផងដែរ​។​

​ជាក់ស្តែង មហា​យក្ស​ចិន​មិន​អញ្ជើញ​មេដឹកនាំ​សិង្ហ​បុរី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ខែឧសភា​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ពាក់ព័ន្ធ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែរ​។

​ប៉ុន្តែ​វត្តមាន​នាយករដ្ឋមន្ត្រី​សិង្ហ​នៅក្នុង​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន និង​មានការ​ប្តេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ផង​នោះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការវិវត្ត​នៃ​ចំណងមិត្តភាព​រវាង​គូភាគី ហើយ​វា​អាច​នឹង​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការឈាន​ដល់ទី​បញ្ចប់​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​តៃវ៉ាន់ និង​សិង្ហ​បុរី​ដែរ​។ សិង្ហ​បុរី​ប្រហែលជា​ត្រូវ​សម្រេចចិត្ត​បោះបង់​តៃវ៉ាន់ ដើម្បី​ជ្រើស​រើសយក​ចិន​វិញ​ដើម្បី​បាន​ប្រយោជន៍​យូរអង្វែង​៕


Tag:
 ចិន​
  តៃវ៉ាន់​
  Ng Eng Hen
  Wu Qian
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com