អន្តរជាតិ
ទំនាក់ទំនងចិន-អាមេរិកអាចនឹងប្រសើរក្រោយទស្សនកិច្ចលោក ត្រាំ នៅចិនខែវិច្ឆិកា
× ចិន និងអាមេរិករំពឹងថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរនឹងផ្លាស់ប្តូរទៅរកភាពល្អប្រសើរនៅពេលខាងមុខពោលគឺនៅក្រោយដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅខែវិច្ឆិកាខាងមុខ។ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតការទូតជាច្រើនត្រូវគេរៀបចំឡើងជាបន្តបន្ទាប់ដើម្បីត្រៀមពង្រឹងទំនាក់ទំនង និងទទួលទស្សនកិច្ចរបស់លោក ត្រាំផង។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិននៅខែវិច្ឆិកាខាងមុខ។ គេរំពឹងថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋអាមេរិក និងការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនៅចិនក្រោយសមាជបក្សកុម្មុយនីស្តចិនខែតុលាខាងមុខ នឹងនាំឲ្យទំនាក់ទំនងទ្វេភាគីដែលធ្លាក់ចុះនោះត្រឡប់ទៅរកភាពល្អប្រសើរផង។
មុនមានដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នេះ គេឃើញភាគីទាំងសងខាងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចការទូតជាបន្តបន្ទាប់ផងដែរ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរផ្សាយថា ឧបទនាយករដ្ឋមន្ត្រីលោកស្រី Liu Yandong ធ្វើជាអធិបតីរួមជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិននៃវេទិកាសន្ទនាសង្គមនិងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងអាមេរិក និងចិននៅក្រុងវ៉ាស៊ីនតោនផង។
ក្នុងវិធីនេះ លោកស្រីបានប្រាប់លោក ធីល័រសិនថា ចិននិងអាមេរិកគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងដោះស្រាយរាល់ការយល់ឃើញខុសគ្នាឲ្យមានប្រសិទ្ធភាពដើម្បីធានាថា ទំនាក់ទំនងទ្វេភាគីនឹងអាចលូតលាស់យ៉ាងមានស្ថិរភាព។
លោកស្រី Liu Yandong ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផងដែរ។ លោក ដូណាល់ ត្រាំ បានលើកឡើងផងថា វាជារឿងចាំបាច់ដែលអាមេរិក និងចិនត្រូវបង្កើនកម្រិតនៃការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន ហើយលោកក៏ទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅកាន់ក្រុងប៉េកាំងមកដល់ដែរ។
ដោយឡែក រដ្ឋមន្ត្រីការបទេសអាមេរិកលោក ធីល័រសិន ក៏បានចេញដំណើរទៅកាន់ក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍ទី ២៨ កញ្ញាម្សិលមិញនេះដែរ ដើម្បីជជែកពិភាក្សាជាមួយមេដឹកនាំចិនរឿងបញ្ហាសន្តិសុខតំបន់ និងត្រៀមទទួលទស្សនកិច្ចលោក ត្រាំនៅប៉េកាំង។
លោក ធីល័រសិន នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី និងទីប្រឹក្សារដ្ឋលោក Yang Jiechi ផងដែរហើយប្រធានបទសំខាន់នៃកិច្ចពិភាក្សាគឺ កូរ៉េខាងជើង៕
Tag:
ដូណាល់ ត្រាំ
ចិន
រិច ធីល័រសិន
Liu Yandong
© រក្សាសិទ្ធិដោយ thmeythmey.com