អន្តរជាតិ
ម៉ាឡេស៊ី​បាន​ហាម​ប្រជាជន​ខ្លួន​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង ព្រោះ​ភាព​តានតឹង​កើនឡើង​
29, Sep 2017 , 11:39 pm        
រូបភាព
រូបភាព៖ Asia Corrrespondent
រូបភាព៖ Asia Corrrespondent
ដោយ:
​ម៉ាឡេស៊ី​បាន​ហាមប្រាម​ប្រជាជន​ខ្លួន​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​រហូត​ទាល់តែ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ត្រលប់មក​ជាធម្មតា​វិញ​។ ម៉ាឡេស៊ី​បានសម្រេច​ចិត្ត​ដូច្នេះ ក៏​ដោយសារតែ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នុយក្លេអ៊ែរ​ដែល​នៅ​មិនទាន់​ធូរស្រាល​នៅឡើយ​។​



​ក្រសួងការបរទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​បាន​ហាមឃាត់​ប្រជាជន​របស់ខ្លួន​ក្នុងការ​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​រហូត​ទាល់តែ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​មាន​ភាព​ធូរស្រាល​។ ម៉ាឡេស៊ី​ហាមឃាត់​ប្រជាជន​ខ្លួន​បែបនេះ នោះ​ក៏​ដោយសារតែ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​នៅ​មិនទាន់​ថមថយ​ទេ​។​

​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ស្រង់​សេចក្តីថ្លែងការណ៍រ​បស់​ក្រសួង​ការបទេស​ម៉ាឡេស៊ី​ថា​៖«​ម៉ាឡេស៊ី​នឹង​ដក​ការហាមឃាត់​ក្នុងការ​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​វិញ ដរាបណា​ស្ថានភាព​តានតឹង​នៅ​ទីនោះ​ត្រលប់មក​ធម្មតា​វិញ​»​។​

​កាលពីដើម​ខែកញ្ញា ក្រសួងការបរទេស​សិ​ង្ហ​បុរី ក៏បាន​ដាស់តឿន​ប្រជាជន​ខ្លួន​ឲ្យ​ចៀសវាង​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​ផងដែរ បើសិនជា​គ្មាន​ការចាំបាច់​។ ម្យ៉ាងទៀត សិង្ហ​បុរី​មិនមាន​ស្ថានទូត​នៅ​កូរ៉េខាងជើង​ឡើយ ដូច្នេះ​ជនជាតិ​សិង្ហ​បុរី​នឹង​ពិបាក​ទទួល​ជំនួយ បើសិនជា​ពួកគេ​ជួប​បញ្ហា​។​

​សូម​ជម្រាប​ដែរ​ថា ទាក់ទិន​នឹង​ការហាមឃាត់​នេះ សហព័ន្ធ​បាល់ទាត់​អាស៊ាន​ម៉ាឡេស៊ី​បាន​និយាយថា ម៉ាឡេស៊ី​បាន​ពន្យារពេល​ប្រកួត​រវាង​ក្រុម​ម៉ាឡេស៊ី និង​កូរ៉េខាងជើង​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៥​ខែតុលា​៕


Tag:
 ម៉ាឡេស៊ី​
 ​ សិង្ហ​បុរី​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com