ជាតិ
សេដ្ឋកិច្ច
ទេសចរណ៍​ជា​ឱសថ​ព្យាបាល​ជំងឺ និង​ជា​ក្បាលម៉ាស៊ីន​រុញ​កំណើនសេដ្ឋកិច្ច​
29, Sep 2017 , 4:43 pm        
រូបភាព
​ភ្នំពេញ​៖ វិស័យ​ទេសចរណ៍​ត្រូវបាន​ពិភពលោក​ទាំងមូល​ចាត់ទុកជា​ឆ្អឹងខ្នង​ដ៍​សំខាន់​ក្នុងការ​រុញច្រាន​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​នីមួយៗ​ក្នុងនោះ ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។ វិស័យ​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​បាន​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ដ៏​មាន​ប្រសិទ្ធភាព​តាមរយៈ​ការ​រុញច្រាន​កំណើនសេដ្ឋកិច្ច​ជាង​រៀងរាល់ឆ្នាំ​។



​នាពេល​កន្លងមក នៅពេលដែល​គេ​និយាយ​ពី​វិស័យ​ទេសចរណ៍ គេ​ច្រើន​និយាយ​តែ​ពី​ចំនួន​ទេសចរ​បរទេស រីឯ​ចំនួន​ទេសចរ​ក្នុងស្រុក​ហាក់បីដូចជា​ត្រូវបាន​គេ​មើលរំលង​។ ផ្ទុយទៅនឹង​ទស្សន​ខាងលើនេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​សង្កត់ធ្ងន់ថា ទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​មាន​សារៈសំខាន់​ដូចគ្នា​។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​៖«​ទេសចរ​ក្នុងស្រុក​ជួយ​ម៉ាក្រូសេដ្ឋកិច្ច​ធំ​ណាស់​។ ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ម្តងៗ ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្លាក់ចុះ ដូច្នេះ ទេសចរ​ក្នុងស្រុក​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយៗ ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​»​។



​ការលើកឡើង​ពី​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​របស់លោក ថោង ខុន បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែកញ្ញា​កន្លងមក​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​ក្នុងជំនួប​ជាមួយ​ក្រុមការងារ​នៃ​កម្មវិធី​«Mercedes និង​កំណប់​អាថ៌កំបាំង​»​។ កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​រថយន្ត Mercedes-Benz ជាមួយ ក្រុមហ៊ុន​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​ក្រុមហ៊ុន សារព័ត៌មាន Fresh News ក្នុង​គោលដៅ​ជំរុញ លើកកម្ពស់​តំបន់​ទេសចរណ៍​សក្តានុពល និង​ផលិតផល​អត្តសញ្ញាណ​នៃ​ខេត្ត​នីមួយៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​ជំនួប​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន ប្រកាស​ជា​សាធារណៈ​គាំទ្រ​គម្រោង​ដែល​បង្កើតឡើង​ដោយ ក្រុមហ៊ុន​រថយន្ត Mercedes-Benz ក្រុមហ៊ុន​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​ក្រុមហ៊ុន សារព័ត៌មាន Fresh News ព្រោះ​កម្មវិធី​នេះ ជួយ​គាស់​រំលើង និង​បង្ហាញ​តំបន់​ទេសចរណ៍​អាថ៌កំបាំង​នៅតាម​បណ្តា​ខេត្ត​នីមួយៗ​ទៅកាន់​ទេសចរ​ក្នុងស្រុក និង​បន្ទាប់មក ទៅកាន់​ទេសចរ​បរទេស​។

​ក្រៅពី​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ តំបន់ឆ្នេរ កម្ពុ​ជាមាន​ល​ក្តា​នុព​ល​ផ្នែក​ទេសចរណ៍ធម្មជាតិ​។ នៅក្នុង​ទេសចរណ៍ធម្មជាតិ​នេះ លោក ថោង ខុន បាន​បែងចែក​ពីរ​។ ទី​១ ទេសចរណ៍ធម្មជាតិ (Eco tourism) និង​ទី​ពីរ ទេសចរណ៍ធម្មជាតិ​ដែរ តែ​ជា​ប្រភេទ​ទេ​សចណ៍​បែប​ផ្សងព្រេង​។

​លោក រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា​៖«Eco tourism កម្ពុជា មិន​ចាញ់​គេ​ទេ​។ កុំ​ថា យើង​លើសគេ តែ​យើង​មិន​ចាញ់​គេ​ទេ​។ ភាព​ស្អាត និង​ប៉ៃ​តង​ទាក់ទាញ​ណាស់​»​។ លោក ខុន បង្ហាញ​ឆន្ទៈ​ខ្ពស់​ថា​៖«​យើង​ចង់​នាំ​អង្ករ​ចេញ ហើយ​នាំ​ទេសចរ​ចូល​»​។



​វិស័យ​ទេសចរណ៍​មិនមែន​គ្រាន់តែ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ទេសចរណ៍ គឺជា​ឱ​ថស​ព្យាបាល​ជំងឺ​។ លោក ឃុន ចាន់ថា នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Mercedes-Benz ដែលមាន​គំនិត​បង្កើត​កម្មវិធី Mercedes និង​កំណប់​អាថ៌កំបាំង បាន​ប្រៀបធៀប​ធម្មជាតិ​ពិតៗ​ទៅនឹង​ឱសថ​។ លោក ចាន់ថា លើកឡើង​នៅ​ចំពោះ​លោក ថោង ខុន ថា​៖«​ក្រៅពី​លើកកម្ពស់​ជីវភាព​គ្រួសារ សេដ្ឋកិច្ចជាតិ ទេសចរណ៍ គឺជា​ឱសថ​ព្យាបាល​ជំងឺស្ត្រេស​មួយ​ដែរ​»​។

​បើ​យោងតាម​លោក ថោង ខុន នៅ​ឆ្នាំ​២០៣០​ខាងមុខ ពិភពលោក​ផ្តោតលើ​ការ​អភិ​វិ​វ​ឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​ដោយ​ផ្អែកលើ​វិស័យ​ទេសចរណ៍​ជា​ចម្បង​។ កាលពី​ឆ្នាំ​ពី​២០១៦​កន្លងមក ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​ជាង​៥​លាន​នាក់​ដោយ​ទទួលបាន​ប្រាក់ចំណូល​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​នេះ គេ​នៅ​មិនទាន់​គិតពី​ទេសចរ​ក្នុងស្រុក​នៅឡើយ​ទេ​៕


Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com