ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជិត​១​ខែ ចំនួន​ថ្មី​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត មានតែ​ជាង ២​សែន​នាក់​
30, Sep 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ លទ្ធផល​បណ្តោះអាសន្ន ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា ចំនួន​ថ្មី​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត មាន​ជាង ២.៣​សែន​នាក់ ដោយ​គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២0១៧​។ ប៉ុន្តែ ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ មិន​រាប់បញ្ចូល​នោះទេ ព្រោះ​៣​ថ្ងៃនេះ ស្ថិតក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​តម្រូវ​ឲ្យ​គ​.​ជ​.​ប ផ្អាក​ការចុះឈ្មោះ​។


​ផ្អែកលើ​ប្រភពពី​គ​.​ជ​.​ប ដដែល ចំនួន​ចាស់​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​២0១៦ មាន​ជិត ៨​លាន​នាក់​។ ដូច្នេះ បើ​បូក​ចំនួន​ចាស់​និង​ចំនួន​ថ្មី ប​ញ្ជូ​ល​គ្នា ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បច្ចុប្បន្ន មាន​ជាង ៨.១​លាន​នាក់​ហើយ​។ 
 
​ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ ប្រជាពលរដ្ឋ ដែល​មិនទាន់​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រូវតែទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ នឹងត្រូវ​បញ្ចប់ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧​។ 
 
​ចំណែកឯ ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ កាលពី​ឆ្នាំ​២0១៦ នឹងមាន​ឈ្មោះ​ក្នុង​បញ្ជី ហើយ​អាច​ទៅ​បោះឆ្នោត ក្នុង​ឆ្នាំ​២0១៨​តែម្តង ដោយ​មិន​តម្រូវ​ឲ្យ​ទៅ​ចុះឈ្មោះ​ម្តង​ទៀតឡើយ​។ ប៉ុន្តែ​ពួកគេ ក៏​ត្រូវតែទៅ​ពិនិត្យ​ឈ្មោះ​របស់ខ្លួន​ឡើងវិញ​ដែរ ដែល​ត្រូវបាន​បិទ​ផ្សាយ​នៅតាម​ឃុំ​-​សង្កាត់​៕
 
 
 

Tag:
 បោះឆ្នោតជាតិ​
  ចុះឈ្មោះ​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com