កីឡាជាតិ
ជាតិ
ថ្នាក់ដឹកនាំ​ក្លិប​បាល់ទាត់​សោកស្តាយ​ចំពោះ​ការបាត់បង់​ស្ថាបត្យករ​ពហុ​កីឡដ្ឋាន​ជាតិ​
29, Sep 2017 , 5:19 pm        
រូបភាព
ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ថតអនុស្សាវរីយ៍នៅពហុកីឡដ្ឋាន​ជាតិ។ រូបថត​ហ្វេសប៊ុក
ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ថតអនុស្សាវរីយ៍នៅពហុកីឡដ្ឋាន​ជាតិ។ រូបថត​ហ្វេសប៊ុក
ដោយ:
​មរណភាព​របស់​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជា​កំពូល​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​កីឡា គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) រួមទាំង​ក្លិប​បាល់ទាត់​មួយចំនួន​នៅ​កម្ពុជា​បង្ហាញ​នូវ​ការសោកស្តាយ​។ ថ្នាក់ដឹកនាំ​កីឡា​ទាំងនោះ​បានចាត់ទុក​មរ​ណ​ភាព​នេះ​ថា​ជាការ​បាត់បង់​ស្ថាបត្យករ និង​ធនធាន​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។



​ក្លិប​បាល់ទាត់​ចម្ការកៅស៊ូ​បឹងកេត​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ និង​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​មរណភាព​របស់​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជា​កំពូល​ស្ថាបត្យកម្ម​មួយរូប​របស់​កម្ពុជា​។ ក្លិប​នេះ​បានចាត់ទុក​មរណភាព​នេះ​ថា ជាការ​បាត់បង់​ធនធាន​ស្ថាបត្យករ​ដ៏​ចំណាន​មួយរូប​របស់​ខ្មែរ​។

«​លោក វណ្ណ ម៉ូលីវណ្ណ ជា​បុគ្គល​មាន​ភាពល្បីល្បាញ​នៅក្នុង​សង្គម​ស្ថាបត្យកម្ម​ថ្មី​របស់​ខ្មែរ ដែលមាន​ការរីកចំរើន​ខ្លាំង​នៅក្នុង​ទសវត្ស​ឆ្នាំ​១៩៥០ និង​ឆ្នាំ​១៩៦០ លោក​បាន​បន្សល់ទុក​ស្នាដៃ​ជាច្រើន​សម្រាប់​ជាតិ​រួមមាន ពហុ​កីឡដ្ឋាន​ជាតិ វិមានឯករាជ្យ សាលសន្និសីទ​ចតុមុខ និង​អាគារ​សំខាន់ៗ​ផ្សេងៗ​ជាច្រើន​ទៀត​»​។ នេះ​ជា​សារ​របស់​ក្លិប​បឹងកេត​ដែល​លើកសរសើរ​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ និង​ស្នាដៃ​របស់លោក​។ 

​តាមរយៈ​សារ​រំលែក​ទុក្ខ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្លិប​ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​រួមជាមួយ​មន្ត្រី​ទាំងអស់​មានការ​រន្ធត់​ចិត្ត​យ៉ាងខ្លាំង​ពេល​បាន​លឺដំណឹង​ដ៏​ក្រៀមក្រំ​នៃ​មរណភាព​របស់​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជា​បិតា​ស្ថាបនិក​កម្ពុជា​។ 

​សូម​រម្លឹកថា លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៩១​ឆ្នាំ​នា​វេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២0១៧​។ សព​របស់​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ​រូបនេះ​កំពុង​ប្រារព្ធ​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​របស់លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ស្ថិតក្នុង​ភូមិ​មណ្ឌល ៣ សង្កាត់​ស្លក្រាម  ក្រុង​សៀមរាប ខេត្តសៀមរាប​។ ហើយ​សព​របស់លោក​នឹង​ដង្ហែ​ទៅ​បូ​ជានា​រសៀល​ថ្ងៃអាទិត្យ ទី​០១ ខែតុលា នៅក្នុង​វត្ត​ឥន្ទ្រ​កោ​សី ស្ថិតនៅ​ក្នុងភូមិ​ទ្រាំង ឃុំ​ស្លក្រាម ខេត្តសៀមរាប​៕


Tag:
 ​បឹងកេត​
  ក្រសួងការពារជាតិ​
  ស្វាយរៀង​
  វណ្ណ ម៉ូលីវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com