អន្តរជាតិ
អង្គការសហប្រជាជាតិបានស្នើមីយ៉ាន់ម៉ាអនុញ្ញាតិឲ្យភ្នាក់ងារមនុស្សធម៌ចូលអន្តរាគមន៍
× អង្គការសហប្រជាជាតិបានស្នើមីយ៉ាន់ម៉ាឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ា និងអនុញ្ញាតិឲ្យភ្នាក់ងារមនុស្សធម៌ចូលទៅអន្តរាគមន៍ផ្តល់ជំនួយជាដើម។ ការស្នើសុំនេះកើតឡើងបន្ទាប់ពីមានការចោទប្រកាន់ថា មីយ៉ាន់ម៉ាធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ា និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានរិះគន់មីយ៉ាន់ម៉ាជុំវិញការធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ាដែលបង្កឲ្យជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ប្រាំសែននាក់រត់ភៀសខ្លួនទៅបង់ក្លាដែស។ សកម្មភាពរបស់មីយ៉ាន់ម៉ាក៏បានបង្កឲ្យមានវិបត្តិមនុស្សជាតិ និងការរំលោភបំពានសិទ្ធិមនុស្ស ធ្ងន់ធ្ងរផង។
ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្ដីលោក Antonio Guterres ដូច្នេះថា៖«អង្គការសហប្រជាជាតិបានទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមួយចំនួនធំដែលរត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញដូចជា ការប្រើអំពើហិង្សា ការបាញ់សម្លាប់ និងការរំលោភបំពានផ្លូវភេទជាដើម។ ដូច្នេះហើយ យើងត្រូវតែបញ្ឈប់អំពើហិង្សានេះជាបន្ទាន់»។
លោក Antonio Guterres ក៏បានអំពាវនាវឲ្យមីយ៉ាន់ម៉ាអនុញ្ញាតិឲ្យក្រុមផ្តល់ជំនួយមនុស្សធម៌ចូលអន្តរាគមន៍ក៏ដូចជាអនុញ្ញាតិឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់មកវិញដោយស្ម័គ្រចិត្ត និងសុវត្ថិភាព។ប៉ុន្តែបច្ចុប្បន្នចាំបាច់ណាស់ត្រូវមានចំណាត់ការបន្ទាន់ដើម្បីកាត់បន្ថយទុក្ខលំបាកជនជាតិរ៉ូហ៊ីងយ៉ា ទប់ស្កាត់អស្ថេរភាព ដោះស្រាយដើមហេតុនៃការធ្វើទុក្ខបុកម្នេញ និងស្វែងរកដំណោះស្រាយយូរអង្វែងផង។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានកត់សម្គាល់ថា ការធ្វើទុក្ខបុកម្នេញរបស់កងសន្តិសុខមីយ៉ាន់ម៉ាបង្កឲ្យមានភាពចលាចលនៅរដ្ឋ Rakhine ហើយក៏បានគំរាមកំហែងដល់ជនជាតិរ៉ូហ៊ីងយ៉ាដែលបានរត់ភៀសខ្លួនចំនួន ២៥ម៉ឺននាក់ផងដែរ។
សូមរម្លឹកបន្តិចថា នៅថ្ងៃទី ២៥ខែសីហា ក្រុមសន្តិសុខមីយ៉ាន់ម៉ាបានប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ហើយបណ្ដាលឲ្យជនជាតិរ៉ូហ៊ីងយ៉ាមួយចំនួនធំបានរត់ភៀសខ្លួនទៅបង់ក្លាដែសតាមព្រំដែនគោក និងទឹក៕
Tag:
អង្គការសហប្រជាជាតិ
Antonio Guterres
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com