ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន បន្ត​រិះគន់​អាមេរិក ខណៈ​អាមេរិក​រក្សា​ភាពស្ងប់ស្ងាត់​វិញ​
30, Sep 2017 , 8:19 am        
រូបភាព
 
​ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល​អាមេរិក ពាក់ព័ន្ធ​នឹង​បញ្ហា​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​អាមេរិក​ថមថយ​សម្ដី​តបត​ជាមួយ​រដ្ឋាភិបាល​។

 
​បើទោះជា​អាមេរិក បាន​ថមថយ​ពាក្យសម្ដី​ចេញមុខ​តវ៉ា ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា​ហើយ​ក្តី ប៉ុន្តែ​សម្ដេច ហ៊ុន សែន ហាក់​មិនទាន់​បញ្ឈប់​សម្តី​រិះគន់​ទៅលើ​អាមេរិក​ឡើយ​។ បន្ទាប់ពី​ចោទ​រដ្ឋាភិបាល​អាមេរិក នៅ​ពី​ក្រោយខ្នង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ដែល​រដ្ឋាភិបាល​កម្ពុជា ហៅថា អំពើ​ក្ប​ត​ជាតិ ក្នុង​គោលបំណង​ចង់​ផ្ដួលរំលំ និង​បង្ក​អសន្តិសុខ​ក្នុងប្រទេស​នោះ នាយករដ្ឋមន្ត្រី ក៏​បន្ត​រិះគន់​អាមេរិក​ដដែល លើ​បញ្ហា​ទម្លាក់​គ្រាប់បែក​ក្នុងប្រទេស​កម្ពុជា ។ 
 
​ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែង​បែប​ចំអក​ឲ្យ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ទៅ​ពិនិត្យមើល​គ្រាប់បែក​គីមី ដែល​រដ្ឋាភិបាល បាន​រកឃើញ​នៅក្នុង​ទឹកដី​ខេត្តស្វាយរៀង និង​ស្នើ​ឲ្យ​រក​ដំណោះស្រាយ​យក​គ្រាប់បែក​គីមី​នេះ​ចេញពី​ប្រទេស​កម្ពុជា​ផង ដោយ​កុំ​ចេះតែ​ទារប្រាក់​បំណុល​ពី​កម្ពុជា​។ ថ្លែង​បែបនេះហើយ នាយករដ្ឋមន្ត្រី ក៏​រិះគន់​ទៀតថា អាមេរិក​មិនដែល​អើពើ​នឹង​ការស្នើសុំ​របស់​រដ្ឋាភិបាល ឲ្យ​ជួយ​សម្អាត​និង​ប្រមូលយក​គ្រាប់បែក​គីមី​កប់​ក្នុង​ដី​ទាំងនេះ​ចេញ​ឡើយ​។​
 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត កាលពី​ថ្ងៃទី​២៨ កញ្ញា សម្ដេច ហ៊ុន សែន និយាយ​បែប​ផ្លែផ្កា​ឲ្យ​អាមេរិក​យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវ គ្រាប់បែក​គីមី​នេះ វា​នៅ​ខេត្តស្វាយរៀង​របស់​យើង អញ្ចឹង​ដើម្បី​យក​វា​ចេញ​ត្រូវ​ជម្លៀស​ប្រជាជន​ប៉ុន្មាន​ពាន់​នាក់ ប៉ុន្មាន​ពាន់​គ្រួសារ​នោះ បើទោះបី​យ៉ាងម៉េច​ក៏ដោយ នេះ​ជា​បញ្ហា​របស់​យើង​។ ខ្ញុំ​បាន​និយាយថា សុំ​ឲ្យ​អាមេរិក​មក​យក ប៉ុន្តែ​ចាំ​ទៅ ដេក​ទាល់តែ​ថ្ងៃ​ងាប់​ទៀត ក៏​មិនទាន់​អាមេរិក មក​យក​ដែរ​គ្រាប់​[​បែក​]​ហ្នឹង​នោះ អញ្ចឹងទេ​សុវត្ថិភាព​ខ្លួនឯង យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​គណៈកម្មការ​ជាតិ អាវុធ​គីមី​របស់​យើង​»​។​
 
​ក្រៅពី​លើកឡើង​នូវ​ចំណុច​ទាំងនេះ សម្ដេច បាន​រំ​ឮ​ក​ពី​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ពី​សំណាក់​បរទេស​ថា ការ​លូកដៃ​ពី​ប្រទេស​ខាងក្រៅ​នេះ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជួបប្រទះ​នៅ​បញ្ហា​ឥតឈប់ឈរ​។ ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកាន់យក​គោលនយោបាយ​ជាតិនិយម ដើម្បី​ប្រឆាំងនឹង​ការជ្រៀតជ្រែក​របស់​បរ​ទេស​ផងដែរ​។​
 
​តែ​យ៉ាងណា​ការរិះគន់​របស់​រដ្ឋាភិបាល​កម្ពុជា មកលើ​អាមេរិក​ជា​បន្តបន្ទាប់​នេះ មិនមាន​ការ​ប្រតិកម្ម​តបត​ពី​សំណាក់​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឡើយ​។ ទូត​អាមេរិក ហាក់ដូចជា​ថមថយ​ស​ម្តី​ខ្លួន​និង​រក្សា​ភាពស្ងប់ស្ងាត់​វិញ បន្ទាប់ពី​ចេញ​សារ​ចុងក្រោយ ដែល​បាន​ប្រាប់​ឲ្យ​ប្រជាជន​អាមេរិក កំពុង​រស់នៅ​ប្រទេស​កម្ពុជា បង្កើន​ការប្រុងប្រយ័ត្ន​នៅពេល​ធ្វើដំណើរ​ទៅណា​មក​ណា ដោយសារតែ​អាចមាន​ភាពចលាចល​កើតឡើង​ជាយថាហេតុ នៅពេល​ណាមួយ​ដែល​មិនបាន​ដឹង​មុន ។ ដោយសារតែ​សារ​នយោបាយ​បែបនេះហើយ ទើប​ធ្វើ​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ការមិន​ពេញចិត្ត និង​រិះគន់​អាមេរិក​ម្ដង​ហើយ​ម្ដងទៀត​បែបនេះ​។​
 
​សម្រាប់​អ្នកវិភាគ​វិញ សម្ដី​ប្រមុខ​រដ្ឋាភិបាល​រិះគន់​អាមេរិក​នេះ វា​មិនមែនជា​រឿង​ដែល​ខុសឆ្គង​នោះទេ ខណៈ​កម្ពុជា គឺជា​ប្រទេស​មាន​ឯករាជ្យ និង​អធិបតេយ្យភាព​ពេញលេញ​។ ប៉ុន្តែ​អ្នកវិភាគ ឲ្យ​យោបល់​ថា រដ្ឋាភិបាល គួ​តែ​រក​ដំណោះស្រាយ​ជាមួយ​អាមេរិក​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ពោលគឺ​កុំ​ទាន់​អាល​ឈ្លោះ​ជាមួយ​ប្រទេស​មហាអំណាច ដរាបណា​កម្ពុជា មិនទាន់​អាច​ពឹងពាក់​ខ្លួន​បាន​៕   
 
 
 
 

Tag:
 ហ៊ុន សែន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com