ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ បដិសេធ​ជា​លើក​ទី​៣ ចំពោះ​សំណើ​តំណាងរាស្ត្រ ដែល​សុំ​ចូលជួប​ឯកឧត្តម កឹម សុខា ​
29, Sep 2017 , 10:26 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ នៅតែ​មិន​ឲ្យ​ក្រុមតំណាងរាស្ត្រ​ចូលជួប​ឯកឧត្តម កឹម សុខា ក្នុង​ពន្ធនាគារ ដដែល​។ ហេតុផល​លើក​ទី​៣​នេះ ដែល​ចៅក្រម​ស៊ើបសួរ ឆ្លើយ​ទៅ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​ខុសពី​ហេតុផល កាលពី​លើកទីមួយ​និង​លើក​ទី​ពីរឡើយ​។

ការព្យាយាម​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ចូលជួប​ឯកឧត្តម កឹម សុខា ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ច្រានចោល​ម្តង​ហើយ​ម្តងទៀត​។ បើ​គិត​ទៅ នេះ​ជា​លើក​ទី​បី​ហើយ ដែល​សំណើ​របស់​ក្រុមតំណាងរាស្ត្រ ត្រូវ​បរាជ័យ​។ ហើយ​សំណើ​លើក​ទី​បី​នេះ គឺ​លោក សួន រី​ដា តំណាងរាស្ត្រ​មួយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកសរសេរ​ផ្ញើ​ទៅកាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​សុំចូល​ជួប​ឯកឧត្តម កឹម សុខា​។

សម្រាប់​សំណើ​លើក​ទី​បី​នេះ ចៅក្រម​ស៊ើបសួរ បាន​ឆ្លើយ​ទៅ​លោក សួន រី​ដា តាមរយៈ​លិខិត​ថា សំណុំរឿង កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ ដូច្នេះ មានតែ​មេធាវី និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ ដែល​អាច​ទទួល​បានកា​រ​អនុញ្ញាត​ឲ្យ​ចូលជួប​ឯកឧត្តម កឹម សុខា ក្នុង​ពន្ធនាគារ រី​អ្នក​ផ្សេងទៀត ពុំ​អាច​ទទួលបាន​ការអនុញ្ញាត​នោះទេ​។ ហេតុផល​ខាងលើនេះ គឺ​ដូចគ្នា​នឹង​ហេតុផល​ទាំង​ពីរលើក​កន្លងមក ដែល​ចៅក្រម​ស៊ើបសួរ បាន​ឆ្លើយតប​ទៅកាន់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ 

លោក សួន រី​ដា ដែលជា​ម្ចាស់​សំណើ​លើក​ទី​បី​នេះ បាន​ប្រាប់​សារព័ត៌​ថ្មីៗ​ថា ឯកឧត្តម កឹម សុខា ជា​ជន​ត្រូវ​ចោទ មិនទាន់​ក្លាយជា​អ្នកទោស​នោះទេ ដូច្នេះ នៅតែមាន​សិទ្ធិ​ជួប​ក្រុមគ្រួសារ រួមទាំង​អ្នក​ទៃ​ផងដែរ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ហេតុផល​របស់​ចៅក្រម​ស៊ើបសួរ គ្រាន់តែ​ជាហេតុ​ផល​របស់​ភាគី​តែ​ម្ខាង​ប៉ុណ្ណោះ​។ ហើយ​គាត់ បកស្រាយ តាមតែ​គាត់​ចង់បាន​»​។

ការដែល​ចៅក្រម​ស៊ើបសួរ មិន​ព្រម​អនុញ្ញាត​បែបនេះ បានធ្វើ​ឲ្យ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​គម្រោង​ទៅមុខ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ជា​រៀងរាល់ថ្ងៃ​ចន្ទ ដើម្បី​ទាមទារ​សុំ​ចូលជួប​ឯកឧត្តម កឹម សុខា​។ បើតាម​លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​អះអាង​កន្លងមក ក្រុមតំណាងរាស្ត្រ មិនមាន​មធ្យោបាយ​អ្វី​ផ្សេង​នោះទេ ក្រៅតែពី​ការ​ទៅ​ទាមទារ​នៅមុខ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ប្រសិនបើ ចៅ​ក្រោម​ស៊ើបសួរ នៅតែ​មិន​អនុញ្ញាត​ឲ្យ​ចូលជួប​ឯកឧត្តម កឹម សុខា​។

រហូតមកដល់​ពេលនេះ ឯកឧត្តម កឹម សុខា បាន​ជាប់ពន្ធនាគារ​ជិត​មួយខែ​ហើយ​។ ក្នុង​រយៈពេល​ជិត​មួយខែ​នេះ អ្នក ដែល​បាន​ទៅ​ចូល​សួរសុខទុក្ខ​ឯកឧត្តម កឹម សុខា គឺ​មានតែ​ក្រុមគ្រួសារ​និង​ក្រុម​មេធាវី ប៉ុណ្ណោះ​៕



© រក្សាសិទ្ធិដោយ thmeythmey.com