ជាតិ
​​​ន​យោ​បាយ​ជាតិ​
អង្គការ​ជាតិ​-​អន្តរជាតិ មួយចំនួន ត្រូវបាន​បិទ​និង​ផ្អាក​សកម្ម​ភាពជា​បន្តបន្ទាប់​
30, Sep 2017 , 9:58 am        
រូបភាព
 
​ភ្នំពេញ​៖ ក្នុង​រយៈកាល​ចុងក្រោយ​នេះ យ៉ាងហោច មាន​អង្គការ​ជាតិ​-​អន្តរជាតិ​ចំនួន​បី ត្រូវបាន​បិទ​និង​ផ្អាក​សកម្មភាព​។ អង្គការ​សមធម៌​កម្ពុជា ត្រូវបាន​ផ្អាក​សកម្ម​ភាពជា​បណ្តោះអាសន្ន ហើយ​អង្គការ​មាតា​ធម្មជាតិ ត្រូវបាន​បិទ​ចោល​តែម្តង​។ រីឯ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​របស់​អាមេរិក ត្រូវបាន​បិទ​ចោល​ដូចគ្នា​។ ក្រៅពី​អង្គការ ស្ថាប័ន​សារព័ត៌​មួយចំនួន ក៏បាន​រង​វិធានការ​ក្តៅ​ពី​រដ្ឋាភិបាល​ដែរ​។   


​ចុងខែ​កញ្ញា ឆ្នាំ​២0១៧​នេះ ក្រសួងមហាផ្ទៃ បានសម្រេច​ផ្អាក​សកម្មភាព​របស់​អង្គការ​សមធម៌​កម្ពុជា ជា​បណ្តោះអាសន្ន​។ ការផ្អាក​នេះ ធ្វើឡើង​តាមរយៈ​សេចក្តីជូនដំណឹង​មួយ ដែល​ក្រសួងមហាផ្ទៃ បាន​ផ្ញើ​ទៅកាន់​អង្គការ​សមធម៌​កម្ពុជា​។​
 
​ក្រសួងមហាផ្ទៃ​លើក​ហេតុផល​ក្នុង​លិខិត​នោះ​ថា អង្គការ​សមធម៌ បានធ្វើ​សកម្មភាព​ផ្ទុយទៅនឹង​លក្ខន្តិក​របស់ខ្លួន និង​ខុស​ទៅនឹង​បទបញ្ញត្តិ ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ យ៉ាងណា ការផ្អាក​នេះ គឺមាន​រយៈពេល​យ៉ាងយូរ តែ​៣០​ថ្ងៃ​ប៉ុណ្ណោះ អាច​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ឡើងវិញ ប្រសិនបើ​អង្គការ​សមធម៌​កម្ពុជា បំពេញ​កាតព្វកិច្ច ឲ្យ​បាន​ត្រឹមត្រូវ តាម​ការទាមទារ​រប​ស់​ក្រសួងមហាផ្ទៃ​។ 
 
​អង្គការ​សមធម៌​កម្ពុជា ត្រូវ​ផ្តល់​ឲ្យ​ក្រសួងមហាផ្ទៃ នូវ​ឯកសារ​មួយចំនួន ដែល​រួមមាន គណនី​សម្រាប់​ប្រតិបត្តិ របាយការណ៍​ហិរញ្ញវត្ថុ របាយការណ៍​បូកសរុប​ការងារ និង​របាយការណ៍​ស្តីពី​ជម្លោះ​រវាង​អង្គការ​របស់ខ្លួន ជាមួយ​ក្រុមហ៊ុន ភ្នំពេញ​ស៊ូ​ហ្គើ (Phnom Penh Suger)​។ ទាំងនេះ គឺជា​ការទាមទារ​រប​ស់​ក្រសួងមហាផ្ទៃ ដោយបាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងករណី​មិន​អនុវត្តតាម​ការជូនដំណឹង​នេះ ក្រសួងមហាផ្ទៃ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។​
 
​មុន​អង្គការ​សមធម៌​កម្ពុជា ត្រូវបាន​ផ្អាក​សកម្មភាព ក្រសួងមហាផ្ទៃ បាន​ប្រកា​បិទ​អង្គការ​មួយ​រួចទៅហើយ នោះ​គឺ​អង្គការ​មាតា​ធម្មជាតិ​។ ប៉ុន្តែ​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ ពុំបាន​បញ្ជាក់​ពី​ហេតុផល​អំពី​ការបិទ​អង្គការ​មាតា​ធម្មជាតិ​នោះទេ​។ 
 
​អង្គការ​មាតា​ធម្មតា​ជាតិ កាលពី​មិនទាន់​ត្រូវបាន​បិទ ហាក់​សកម្ម​យ៉ាងខ្លាំង​ក្នុង​កិច្ចការងារ​ដែល​ពាក់ព័ន្ធ​នឹង​ព្រៃឈើ ជាពិសេស​នៅក្នុង​តំបន់​អា​រ៉ែ​ង​។ ហើយ​រយៈកាល​ចុងក្រោយ​នេះ អង្គការ​មាតា​ធម្មជាតិ បានចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ការនាំ​ខ្សាច់​កម្ពុជា ចេញទៅ​ក្រៅប្រទេស​។​
 
​មិនមែន​តែ​អង្គការ​ជាតិ​នោះទេ អង្គការ​អន្តរជាតិ ដែលមាន​សកម្មភាព​នៅ​កម្ពុជា ក៏ត្រូវ​បាន​បិទ​ចោល​ដែរ​។ កាលពី​អំឡុង​ខែសីហា ឆ្នាំ​២0១៧ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI របស់​សហរដ្ឋអាមេរិក ដែលមាន​វត្ត​មាននៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣​មក​នោះ ត្រូវបាន​រដ្ឋាភិបាល ប្រកាស​បិទ​ចោល​។ ការធ្វើ​ខុសច្បាប់​ស្តីពី​សារពើពន្ធ​និង​ច្បាប់​ស្តីពី​សមាគម គឺជា​ហេតុផល ដែល​រដ្ឋាភិបាល សម្រេច​បិទ​អង្គការ​នេះ​ចោល​។ 
 
​ក្រៅពី​ក្រុម​អង្គការ​ខាងលើ ស្ថាប័ន​សារព័ត៌មាន​ខ្លះ ក៏​រង​វិធានការ​ក្តៅ​ពី​សំណាក់​រដ្ឋាភិបាល​ផងដែរ​។ កាសែត ខេ​ម​បូ​ឌា ដេលី ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច ទាមទារ​ឲ្យ​បង់ពន្ធ​ជាង​៦​លាន​ដុល្លារ ចូល​រដ្ឋ​។ ក្រោយមក កាសែត ដែលមាន​អាយុកាល​ជាង​២0​ឆ្នាំ​នៅ​កម្ពុ​ជាមួយនេះ ក៏​សម្រេច​បិទ​ការិយាល័យ​និង​ការផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ខ្លួនឯង​។ 
 
​រីឯ វិទ្យុ​អាស៊ីសេរី បានសម្រេច​បិទ​ការិយាល័យ​របស់ខ្លួន នៅក្នុង​រាជធានី​ភ្នំពេញ​មួយរយៈ​។ ការបិទ​ការិយាល័យ​មួយរយៈ​នេះ គឺ​បន្ទាប់ពី​មាន​បញ្ហា​ផ្លូវច្បាប់​ជាមួយនឹង​ក្រសួង​ព័ត៌មាន​។ សម្រាប់​ក្រសួង​ព័ត៌មាន វិទ្យុ​អាស៊ីសេរី បានដាក់​ការិយាល័យ​របស់ខ្លួន ដោយ​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​។ ប៉ុន្តែ វិទ្យុ​អាស៊ីសេរី អះអាង​តាមរយៈ​សេចក្តីថ្លែងការណ៍​ថា ការបិទ​ការិយាល័យ​របស់ខ្លួន​មួយរយៈ គឺ​ដោយសារតែ​មានការ​បង្ក្រាប​ពី​សំណាក់​រដ្ឋាភិបាល​។​
 
​ដោយឡែក វិទ្យុ​ពីរ​ទៀត គឺ VOA និង VOD ក៏ត្រូវ​បាន​បញ្ឈប់​ការផ្សាយ​បន្ត នៅតាម​វិទ្យុ​នានា ផងដែរ​៕ 
 
 

Tag:
 អង្គការ​
  រដ្ឋាភិបាល​
  បិទ
© រក្សាសិទ្ធិដោយ thmeythmey.com