កីឡាជាតិ
ជាតិ
គ្រូបង្វឹក​វេ​ស្ទើ​ន​ភ្នំពេញ​រង​ពិន័យ​១​ប្រកួត ដោយសារ​ប្រើស​ម្តី​មិនល្អ​ដាក់​អាជ្ញាកណ្តាល​
30, Sep 2017 , 11:32 am        
រូបភាព
ដោយ:
 
​គ្រូបង្វឹក​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​លោក ស៊ុំ វណ្ណា ត្រូវ​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​ដាក់ពិន័យ​មិន​ឲ្យ​ដឹកនាំ​ក្រុម​ចូលរួម​មួយ​ប្រកួត​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល ក្រោយ​លោក​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ​ដាក់​មន្ត្រី​អាជ្ញាកណ្តាល​។ លោក ស៊ុំ វណ្ណា មាន​សិទ្ធ​ប្តឹងទៅ​គណៈកម្មការ​ឧទ្ធរណ៍​បើ​មិន​ពេញចិត្ត​ចំពោះ​ការពិន័យ​នេះ បើ​ពុំ​នោះទេ ការសម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​។

 
​យោងតាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​វិន័យ​របស់ FFC កាលពី​ថ្ងៃទី​២៩ ខែកញ្ញា លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​រង​ពិន័យ​មិន​អនុញ្ញាត ឲ្យ​ចូលរួម​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ចំនួន​១​ប្រកួត និង​ទឹកប្រាក់​៣០​ម៉ឺន​រៀល​ក្រោម​បទ​ចោទ​ជេរប្រមាទ និង​គំរាមកំហែង​មន្ត្រី​អាជ្ញាកណ្តាល​។ ការចោទប្រកាន់​នេះ​កើតឡើង​ក្នុងជំនួប​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ប្រកួត​ចាញ់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ៣-២ ក្នុង​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា​។​
 
​មាត្រា ៥៩ បទ​គំរាមកំហែង នៃ​ក្រមសីលធម៌​និង​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ចែងថា ជន​ណា​ដែល​បំភ័យ​មន្ត្រី​នៃ​ការប្រកួត​ដោយ​ការគំរាមកំហែង​ខ្លាំងក្លា នឹង​ទទួល​ទណ្ឌកម្ម​ដោយ​រង​ការព្យួរ​១​ប្រកួត និង​ពិន័យ​ជា​ប្រាក់​យ៉ាងហោចណាស់​ចំនួន​៣០​ម៉ឺន​រៀល​។ 
 
​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក អេង ពៅ​ទិ​ត្យ ប្រធាន​គណៈកម្មកា​រវិ​ន័យ​បាន​បញ្ជាក់ថា លោក ស៊ុំ វណ្ណា មាន​សិទ្ធ​ប្តឹង​ទៅកាន់​គណៈកម្មការ​ឧទ្ធរណ៍​ក្នុង​រយៈពេល​៥​ថ្ងៃក្រោយ​ចេញ​សេចក្តីសម្រេច បើ​មិន​ពេញចិត្ត​ចំពោះ​ការចោទប្រកាន់​នេះ​។ តែបើ​មិនមាន​ការប្តឹង​នោះទេ ការសម្រេច​នេះ​នឹង​ចូល​ធរមាន​តែម្តង​៕     
 
 

Tag:
 បាល់ទាត់​
  ស៊ុំ វណ្ណា​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com