ជាតិ
ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ៖«​រៀន និង​ស្រាវជ្រាវ​មិនចេះចប់​ទេ​»
30, Sep 2017 , 6:59 pm        
រូបភាព
 
​ភ្នំពេញ​៖ ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ​១៩២៦ នៅក្នុង​ខេត្តកំពត ។ លោក គឺជា​សិស្ស​ទី​១​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩៤៤ ។ នៅ​ឆ្នាំ​១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណភាព​ក្នុង​អាយុ​៩១​ឆ្នាំ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា នៅ​ខេត្តសៀមរាប​។​

 
​បើទោះបីជា​លោក វណ្ណ ម៉ូលីវណ្ណ មាន​វ័យ​ចំណាស់​ក៏​លោក​នៅតែ​ស្រឡាញ់​សៀវភៅ​ដដែល​។ នៅក្នុង​គេហដ្ឋាន​របស់លោក​នៅក្នុង​ខេត្តសៀមរាប គេ​សង្កេតឃើញ​សៀវភៅ​ជាច្រើន​ក្បាល​ដែល​ភាគច្រើន​និយាយ​ពី​ស្ថាបត្យកម្ម ហើយ​ជាពិសេស គឺជា​សៀវភៅ​ដែល​លោក​សរសេរ ឬ​សៀវភៅ​ដែល​អ្នកនិពន្ធ​ផ្សេង​សរសេរ​ពី​ស្នាដៃ​ស្ថាបត្យកម្ម​របស់លោក​។ 

  
 
​លោក វណ្ណ ម៉ូលីវណ្ណ គឺជា​ស្ថាបត្យករ​ឯក​របស់​ខ្មែរ​ដែល​ទទួលបាន​ភាព​ល្បីល្បាញ​នៅលើ​ពិភពលោក​។ លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​បុគ្គល​ស្មោះត្រង់ ហ្មត់ចត់ និង​ចេះ​តស៊ូ​ក្នុង​ជីវិត​គួរអោយ​កត់​កោតសរសើរ​។ កើត​ក្នុង​ត្រកូល​ក្រីក្រ តែ​លោក វណ្ណ តស៊ូ​ព្យាយាម​សិក្សា​រហូត​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សារ​នៅក្នុង​ប្រទេស​បារាំង​។ ហើយ​នៅ​ទីបញ្ចប់ លោក​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​គ្រប់​ទីកន្លែង​។
 
  
 
​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​កាលពីដើមឆ្នាំ​២០១៥​កន្លងមក​នៅក្នុង​ខេត្តសៀមរាប លោក វណ្ណ ម៉ូលីវណ្ណ បាន​និយាយថា​៖«​រៀន និង​ស្រាវជ្រាវ មិនចេះចប់​ទេ​។ ខ្ញុំ​អាយុ​ប៉ុន​ហ្នឹងហើយ ខ្ញុំ​នៅតែ​សរសេរ​និក្ខេបបទ​។ មិនមែន​ចេញមក​ពីសា​លា ហើយ​ចប់​នោះទេ​»​។ នេះ​គឺជា​អត្ថាធិប្បាយ​របស់លោក​ឆ្លើយ​ទៅកាន់​អ្នកកាសែត​ដែល​សួរ​លោក​ថា តើ​រៀន​ដូចម្តេច​ដើម្បី​ឲ្យ​ពូកែ​ដូច​លោក​។ 
 
​លោក វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ​១៩២៦ នៅក្នុង​ខេត្តកំពត ហើយ​លោក​ទើប​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កាលពី​ឆ្នាំ​២០០៨​កន្ល​មក ពោលគឺ​ក្នុងពេលដែល​លោក​មាន​អាយុ​៨២​ឆ្នាំ​។ និក្ខេបបទ​បណ្ឌិត​របស់លោក​និយាយ​ពី​ទីក្រុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​-​អតីតកាល និង​បច្ចុប្បន្ន​»៕ 
 


 








© រក្សាសិទ្ធិដោយ thmeythmey.com