ជាតិ
បណ្ណាល័យ​សាធារណៈ​តម្លៃ ៤០​ម៉ឺន​ដុល្លារ​នៅ​ខេត្តកំពង់ស្ពឺ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​!
30, Sep 2017 , 2:43 pm        
រូបភាព
ដោយ:
 
​កំពង់ស្ពឺ​៖ «​បណ្ណាល័យ​កំពង់ស្ពឺ​» ដែលជា​បណ្ណាល័យ​សាធារណៈ​ដំបូង​របស់​ខេត្តកំពង់ស្ពឺ ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​៣០​ខែកញ្ញា​នេះ​។


​បណ្ណាល័យ​កំពង់ស្ពឺ មាន​ទំហំ​ទទឹង ១៦​ម៉ែត្រ និង​បណ្ដោយ​៣០​ម៉ែត្រ និង​មាន​កម្ពស់​ពីរ​ជាន់​។ ជាន់​ទីមួយ​មាន​៦​បន្ទប់ និង​ជាន់​ទី​ពីរ​មាន​៥​បន្ទប់ ដែលមាន​ទាំង​សាលប្រជុំ​ផងដែរ​។  បណ្ណាល័យ​នេះ ត្រូវបាន​សាងសង់​ដោយ​ចំណាយ​ថវិកា​សរុប ៤០​ម៉ឺន​ដុល្លារ ដែល​តម្លៃ​នេះ​រាប់បញ្ចូល​គ្រឿង​បរិក្ខា និង​ទីធ្លា របង​ជុំវិញ​។  បណ្ណាល័យ​នេះ ស្ថិតនៅក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​
​ការបង្កើត​បណ្ណាល័យ​នេះ គឺ​ស្ថិតក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ដែលមាន​ការចូលរួម​ឧបត្ថម​ពី​សំណាក់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​លោក លី យ៉ុង​ផាត់ ប្រធាន​ក្រុមហ៊ុន LYP Group  ព្រមទាំង​អង្គការ​ដៃគូ និង​បណ្ដា​ក្រុមហ៊ុន​មួយចំនួនទៀត​។ 

  
 
​គោលបំណង​នៃ​ការសាងសង់​បណ្ណាល័យ​នេះ​ឡើង គឺ​ដើម្បី​ផ្ដល់​ជាទី​តាំង​សិក្សា​ស្រាវជ្រាវ​មួយ​ប្រកបដោយ​គុណភាព និង​ផាសុកភាព​ដល់​សាធារណជន ជាពិសេស​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​។ បណ្ណាល័យ​ដែលមាន​ផ្ទុក​សៀវភៅ​ជាង ២​ម៉ឺន​ក្បាល​នេះ ក៏មាន​បន្ទប់​កុំព្យូទ័រ ដែល​អ្នកស្រាវជ្រាវ​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ទាញយក​ឯកសារ​ផ្សេងៗ​ផងដែរ​។​
 
​លោក សឿង សារ៉ាន់ ដែលជា​ប្រធាន​បណ្ណាល័យ​កំពង់ស្ពឺ​នេះ បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​នោះ​ថា សមិទ្ធផល​នេះ​បានធ្វើ​ឲ្យ​ខេត្តកំពង់ស្ពឺ​មាន​បណ្ណាល័យ​សាធារណៈ​ដំបូងបង្អស់ ដែល​ផ្ដល់ឱកាស​ដល់​សាធារណជន​ទូទៅ​បាន​ចូល​អាន និង​ស្រាវជ្រាវ​សំណៅ​ឯកសារ​ជាច្រើន​ប្រភេទ​។​
 
​លោក សឿង សារ៉ាន់ បន្ថែមថា លើសពី​កន្លែង​សម្រាប់​អាន បណ្ណាល័យ​កំពង់ស្ពឺ​នេះ នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​យុវជន​សំខាន់​មួយ​ដែល​ផ្ដល់ឱកាស​ជួបជុំ ស្រាវជ្រាវ និង​ចែករំលែក​ចំណេះដឹង តាមរយៈ​សាលប្រជុំ និង​សាលសន្និសីទ​ក្នុង​បណ្ណាល័យ​៕ 

 

Tag:
 អប់រំ​
  បណ្ណាល័យ​កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com