កីឡាជាតិ
ជាតិ
ក្រុម​ជម្រើសជាតិ​កម្ពុជា​ជួប​ប្រកួត​មិត្តភាព​ជាមួយ​ឥណ្ឌូណេស៊ី​មុន​ធ្វើដំណើរ​ទៅ​ជួប​វៀតណាម​
30, Sep 2017 , 3:14 pm        
រូបភាព
លោក Leonardo និយាយពេលចូលរួមសន្និសីទសារព័ត៌មានមុនជំនួបជាមួយអាហ្វហ្គានីស្ថាន
លោក Leonardo និយាយពេលចូលរួមសន្និសីទសារព័ត៌មានមុនជំនួបជាមួយអាហ្វហ្គានីស្ថាន
ដោយ:
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​កំដៅ​សាច់ដុំ​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី​នៅ​សប្តាហ៍​ក្រោយនេះ​។ ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​បច្ចេកទេស​សម្រាប់​ត្រៀម​ជួប​ជាមួយ​វៀតណាម​ក្នុង​វគ្គ​ជម្រុះ​ជើង​ទី​២​នៃ​ព្រឹត្តិការណ៍ AFC Asian Cup 2019 នា​ថ្ងៃទី​១០ ខែតុលា ខាងមុខនេះ​។​

 
​ដើម្បី​ត្រៀម​ជួប​ក៏ដូចជា​សងសឹក​វៀតណាម​នា​ថ្ងៃទី​១០ ខែតុលា នៅ​កីឡដ្ឋាន My Dinh Stadium ក្នុង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ Leonardo Vitorino ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី​នា​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៤ ខែតុលា នៅ​កីឡដ្ឋាន​ជាតិ Patriot Candrabaga Stadium​។ 
 
​មុន​ជំនួប​រវាង​ក្រុម​ទាំងពីរ​ខាងលើ​ក៏មាន​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម U19 កម្ពុជា​ជាមួយ​ក្រុម U19 ឥណ្ឌូណេស៊ី​មួយគូ​ទៀតផង​ដែរ ដោយ​ជំនួប​នេះ​ធ្វើឡើង​នា​វេលា​ម៉ោង​៦​ល្ងាច​នៅលើ​កីឡដ្ឋាន​ដូចគ្នា​។ តែ​យ៉ាងណា ពេលវេលា​ទាំងនេះ​អាចមាន​ការប្រែប្រួល ព្រោះ​កំពុង​រងចាំ​សេចក្តីសម្រេច​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​។​
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រមូលផ្តុំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​សម្រាប់​ការប្រកួត​ទាំងនេះ​នៅ​ថ្ងៃទី​១ ខែតុលា មុន​ធ្វើដំណើរ​ទៅកាន់​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​២ ខែតុលា​។ គួររំលឹកថា ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​វៀតណាម​ក្នុង​លទ្ធផល ២-១ នា​វគ្គ​ជម្រុះ​ជើង​ទី​១​នៃ​ព្រឹត្តិការណ៍ AFC Asian Cup 2019 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៥ ខែកញ្ញា​។​
 
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង​២៣​នាក់​រួមមាន​៖ - អ្នកចាំទី ស៊ូ យ៉ា​ទី​, អ៊ុំ សេរី​រ័ត្ន​, កែវ សុខ​សិលា - ខ្សែការពារ ណុប តុលា​, សឿ​យ វិសាល​, នេន សុធា​រ័ត្ន​, ឆុំ ភី​សា​, សឿត បារាំង និង ស ពិសិដ្ឋ - ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម​, រស់ សំអឿន​, ឈិន ឈឿន​, ទិ​ត្យ ឌី​ណា​, ប៊ី​ន ចន្ថា​ធា​រី​, សុះ ស៊ូ​ហា​ណា​, អ៊ិន សូ​ដា​វីដ​, ប្រាក់ ធី​វា​, ជួន ចាន់​ចាវ និង អ៊​ន ចាន់​ប៉ូ​លីន - ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង​, ឃួន ឡា​បូ​រ៉ាវី និង ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ​៕       
 

Tag:
 បាល់ទាត់​
  AFC Asian Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com