ជាតិ
កម្ពុជា គ្រោង​បង្កើត​តំបន់​ខ្លាធំ នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌល​គី​រី
30, Sep 2017 , 7:59 pm        
រូបភាព
Front រូបភាពីហ្វេសប៊ុកក្រសួងបរិស្ថាន
Front រូបភាពីហ្វេសប៊ុកក្រសួងបរិស្ថាន
ដោយ:
 កម្ពុជា កំពុង​សិក្សា និង​ប្រមូល​ព័ត៌មាន​មួយចំនួន  ដើម្បី​បង្កើត​តំបន់​សត្វ​ខ្លាធំ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌល​គី​រី​។ ទន្ទឹមនឹងនេះ អ្នកពាក់ព័ន្ធ ក៏បាន​ជួបជុំគ្នា ដើម្បី​សិក្សា ប្រមូល​ព័ត៌មាន​ពី​របៀប​ដែល​កម្ពុជា អាច​នាំ​សត្វ​ខ្លា ពី​ប្រទេស​ឥណ្ឌា​មក​បង្កាត់ និង​ចុះទៅ​ខេត្ត​មណ្ឌល​គី​រី​ផ្ទាល់ ដើម្បី​ពិនិត្យ​ទីតាំង​គម្រោង​នេះ​ផង​។​


​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន អង្គការ​WWF ដៃគូ​ពាក់ព័ន្ធ​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន និង​មកពី​ប្រទេស​ឥណ្ឌា បាន​ជួបជុំគ្នា​នៅ​ភ្នំពេញ និង​ចុះទៅពិនិត្យ​ជាក់ស្តែង​នៅ​ខេត្ត​មណ្ឌល​គី​រី រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ដើម្បី​បង្កើត​តំបន់​សត្វ​ខ្លាធំ​នៅ​កម្ពុជា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន ដែល​បាន​ស្រង់​សម្តី លោក មាស សុផល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ ទៀតថា ការជួបជុំ​នេះ ក៏​ដើម្បី​ប្រមែប្រមូល​ព័ត៌មាន​នានា ពី​របៀប​ដែល​កម្ពុជា អាច​នាំ​សត្វ​ខ្លា ពី​ប្រទេស​ឥណ្ឌា​មក​បង្កាត់​ផងដែរ​។ ព័ត៌មាន​ទាំងនោះ នឹងត្រូវ​បញ្ចូល​ទៅក្នុង​ការបង្កើត​ផែនការ​ប្រតិ​ប​ត្ដិ​ការ សម្រាប់​ការដាក់​កម្រិត​សត្វព្រៃ នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​។ នេះ​បើតាម លោក មាស សុផល ដដែល​។ 

  
 
​ក្រសួងបរិស្ថាន ក៏បាន​ស្រង់​សម្តី លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​អង្គការ WWF ចំពោះ​គម្រោង​បង្កើត​តំបន់​សត្វ​ខ្លាធំ នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌល​គី​រី​នេះដែរ​។ លោក សេង ទៀក បញ្ជាក់ថា ការនាំ​ចូល​សត្វ​ខ្លាធំ​ត្រឡប់មកវិញ អាចធ្វើ​ឲ្យ​តំបន់​ពិសេស​មួយ​នេះ អាច​រក្សាបាន​ទៅ​អនាគត និង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​មួយ​នៅ​ខេត្ត​ប៉ែក​ឦសាន​នៃ​កម្ពុ​ជាមួយនេះ​។  
 
​សូមបញ្ជាក់ថា ការសិក្សា​កាលពី​ឆ្នាំ​២០០៧ បាន​រកឃើញថា សត្វ​ខ្លាធំ មាន​ប្រមាណ​ពី​១០ ទៅ​១៥​ក្បាល នៅ​ក្នង​ព្រៃ​កម្ពុជា ហើយ​តាម​ការពិនិត្យ និង​វាយតម្លៃ សត្វ​ខ្លាធំ បាន​បាត់​វត្តមាន​អស់​ជាង​មួយឆ្នាំ​កន្លងមក​។ 
 
​សម្រាប់ លោក មាស សុផល ការបង្កើត​តំបន់​ខ្លាធំ គឺ​ឈាន​ឆ្ពោះទៅរក​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ដើម្បី​ផលប្រយោជន៍​សម្រាប់​ជំនាន់​នេះ និង​ក្រោយ និង​ប្រយោជន៍​សម្រាប់​តំបន់​អភិរក្ស​ផងដែរ​។​
 
​សូមជម្រាបថា បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់​អភិរក្ស និង​ការពារ​ធនធានធម្មជាតិ​ចំនួន​៤៦ កន្លែង និង​ច្រក​អភិរក្ស​ជីវចម្រុះ (​ភាគ​ខាងកើត​ខាងជើង​និង​ភ្នំក្រវាញ​) គ្របដណ្តប់​លើ​ផ្ទៃដី   សរុប​ជាង​៧.៤ លាន​ហិកតា​។ ដោយឡែក ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្ត​មណ្ឌល​គី​រី គ្របដណ្តប់​លើ​ផ្ទៃដី ៣៧២,៩៧១​ហិកតា ដែលជា​តំបន់​សម្បូរ​ជីវៈចម្រុះ ដែល​រក្សាបាន​ប្រព័ន្ធ​អេកូ​ស៊ី​យ៉ាង​ប្រសើរ ភ្ជាប់​ជាមួយនឹង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច និង​ជម្រក​សត្វព្រៃ​លំផាត់ ក្នុង​ខេត្ត​នេះ​ផងដែរ​៕

 

Tag:
 ខ្លាធំ​
 ​បរិស្ថាន​
  WWF
 ​ កម្ពុជា​-​ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com