អន្តរជាតិ
ដើម្បី​សុខភាព​ប្រជាជន និង​ប្រែក្លាយជា​ប្រទេស​គ្មាន​ផ្សែង សិង្ហ​បុរី​ដាក់​បម្រាម​បន្ថែម​លើ​ការជក់បារី
30, Sep 2017 , 9:39 pm        
រូបភាព
ដោយ:
 
​រដ្ឋាភិបាល​សិង្ហ​បុរី បានចេញ​បម្រាម​ថ្មី​ដើម្បី​រឹតត្បិត​លើ​ការជក់បារី​ទាំង​កន្លែង​សាធារណៈ និង​ឯកជន ជាពិសេស​នោះ​នៅតាម​ស្ថាប័ន​អប់រំ ។ បម្រាម​ថ្មី​នេះ មាន​ទិសដៅ​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដល់​អ្នក​ជក់បារី​ដោយ​ប្រយោល និង​ជាពិសេស​នោះ​ដើម្បី​វិ​វត្ត​ទៅដល់​គោលដៅ​«​សិង្ហ​បុរី​គ្មាន​ផ្សែង​» ។​

 
​ចាប់ពី​ថ្ងៃទី​០១ ខែតុលា តទៅ ការជក់បារី​នៅក្បែរ​បរិវេណ​ខាងក្រៅ​សាកលវិទ្យាល័យ វិទ្យាស្ថាន​អប់រំ​ឯកជន និង​នៅ​ឡាន​ឯកជន​របស់​ក្រុមហ៊ុន Uber និង Grab នឹងត្រូវ​ចាត់ទុកថា​ជា​អំពើ​ល្មើស ។ ជន​ទាំងឡាយណា ដែល​បំពាន​នឹង​បម្រាម​នេះ នឹងត្រូវ​ទទួល​ការផាកពិន័យ ។ នេះ​គឺជា​បម្រាម​ថ្មី​របស់​ភ្នាក់ងារ​បរិស្ថាន​ជាតិ​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​ដើម្បី​រឹតត្បិត​លើ​ការជក់បារី ។ 
 
​តាម​បម្រាម​ថ្មី​បន្ថែម​របស់​ភ្នាក់ងារ​បរិស្ថាន​ជាតិ ពលរដ្ឋ ក៏​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ជក់បារី​នៅ​តំបន់​ក្បែរ​វិ​ទ្យ​សា្ថ​ន​អប់រំ ដូចជា​មជ្ឈមណ្ឌល​ថែទាំ​កុមារ សា​លាម​ត្តេ​យ្យ  និង​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ជាដើម ។ ផ្សារ​ទំនើប ការិយាល័យ មន្ទីរពេទ្យ ឧទ្យាន ចំណតរថយន្ត និង​ចំណុចប្រសព្វ​នៃ​អគារ ក៏​ត្រូវបាន​រាប់បញ្ចូល​ក្នុង​តំបន់​ដែល​ហាមឃាត់​មិន​ឲ្យ​ជក់បារី​ផងដែរ ។​
 
​គោលបំណង​នៃ​ការចេញ​បម្រាម​ថ្មី​បន្ថែម​នេះ ដើម្បី​ធានា​ពី​សុខភាព ក៏ដូចជា​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដល់​អ្នក​ដែល​ជក់បារី​ដោយ​ប្រយោល ពោលគឺ អ្នក​ដែល​ស្រូប​ផ្សែង​បារី​ពី​អ្នក​ជក់​ដោយផ្ទាល់ និង​ពិសេស​នោះ ដើម្បី​ជា​ការវិវត្ត​សិង្ហ​បុរី​ឲ្យ​ប្រែក្លាយជា​ប្រទេស​ដែល​គ្មាន​ផ្សែង​តែម្តង ។ តាមពិតទៅ​បម្រាម​លើ​ការជក់បារី​ទាំង​ទីកន្លែង​សាធារណៈ និង​ទី​ឯកជន​មួយចំនួន ត្រូវបាន​អនុវត្ត​នៅ​សិង្ហ​បុរី​តាំងពី​ឆ្នាំ​១៩៧0​មកម្ល៉េះ ដោយ​គ្រាន់តែ​បម្រាម​ថ្មី​នេះ បានបញ្ជាក់​បន្ថែម​កន្លែង​ថ្មី​ប៉ុណ្ណោះ ។​
 
​តាម​ការបញ្ជាក់​របស់​ភ្នា​ក់​ជាតិ​ដដែល​នេះ បម្រាម​ថ្មី​លើ​ការ​រិត​ត្បិត​ការជក់បារី​នេះ នឹងត្រូវ​ចូល​ជា​ធរមាន​ពេញលេញ​នៅ​ថ្ងៃទី​០១ មករា ឆ្នាំ​២០១៨ ពោលគឺ រដ្ឋាភិបាល​សិង្ហ​បុរី ទុក​រយៈពេល​បី​ខែ​ចាប់ពី​ថ្ងៃទី​០១​តុលា ដល់​ថ្ងៃទី​៣១ ធ្នូ ដើម្បី​ផ្សព្វផ្សាយ និង​ទុកពេល​ឲ្យ​ពលរដ្ឋ​អាច​សម្របសម្រួល​ជាមួយនឹង​បម្រាម​ថ្មី​នេះ​សិន ។ អំពើ​ល្មើស​ក្នុង​រយៈពេល​បី​ខែ​នេះ ពួកគេ​គ្រាន់តែ​ទទួលបាន​ការណែនាំ និង​ព្រមាន​ប៉ុណ្ណោះ ៕ 

Tag:
 សិង្ហ​បុរី​
  គោលនយោបាយ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com