អន្តរជាតិ
នៅ​បាងកក នំពុម្ព​រាង​លិង្គ​លក់ដាច់ ប៉ុន្តែ​ក៏​រង​នូវ​ការរិះគន់​ខ្លាំង​ផងដែរ​
30, Sep 2017 , 10:39 pm        
រូបភាព
ដោយ: ធីតា
 ​ការ​ភ្លក់​រសជាតិ​នំពុម្ព​មិនមាន​អ្វី​ចោទ​ជា​បញ្ហា​នោះឡើយ ប៉ុន្តែ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នំ​ដែលមាន​ស្នូល Hot Dog នេះ កំពុង​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ដោយសារតែ​វា​មាន​រូបរាង​ដូច​លិង្គ​។ ទោះ បី​ជា​យ៉ាងណាក៏ដោយ របរ​ថ្មី​របស់​ស្ត្រី​ឈ្មោះ  Ketnita Prasertsomboon កំពុង​លក់ដាច់ និង​ទាក់ទាញ​អតិថិជន​ដែលជា​ទេសចរ​បរទេស​ជាច្រើន​។​

 
​ឃ្លី​ប​វីដេអូ​ស្តីពី​អាជីវកម្ម​លក់​នំពុម្ព​រាង​លិង្គ​នៅក្នុង​ទីក្រុង​បាងកក ទាក់ទាញ​បាន​ចំនួន​ទស្សនា​ជិត​២០​លាន​ដង បើ​គិត​ចាប់តាំងពី​ថ្ងៃទី​១៦ ខែកញ្ញា​មក​។ វា​ជា​របរ​រកស៊ី​ថ្មី​របស់​អ្នកស្រី Ketnita Prasertsomboon បន្ទាប់ពី​បានឃើញ​ការរកស៊ី​ទំនិញ​ដែលមាន​រូប​លិង្គ​តាម​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​។​
 

​នំចំណី​ដែល​ប្រកបដោយ​ការច្នៃប្រឌិត​របស់​អ្នកស្រី Ketnita មាន​ទីផ្សារ​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវទេសចរ​បរទេស​។ ទន្ទឹមនឹង​ទទួលបាន​ចំណូល​កាក់កប អតីត​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​រូបនេះ ក៏​ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ផងដែរ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ Amarin TV អ្នកស្រី Ketnita បាន​រៀបរាប់ថា​៖ «​មនុស្ស​មួយចំនួន​ស្តីបន្ទោស​ថា ខ្ញុំ​បានធ្វើ​ទង្វើ​មិន​គប្បី​។ ខ្ញុំ​ពិតជា​ស្មុ​គ្រ​ស្មាញ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ព្យាយាម​តវ៉ា​អ្វី​ឡើយ​។ ខ្ញុំ​នៅតែ​បន្តធ្វើ​រហូតដល់​មនុស្ស​ទូទៅ​គិតថា វា​ជា​នំចំណី​ដ៏​សាមញ្ញ​មួយ​»​។​
 
​មេ​ចុងភៅ​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​បាងកក បាន​ណែនាំ​អ្នកស្រុក​ឲ្យ​ធ្វើពហិកា​ញ៉ាំ​នំ​រាង​លិង្គ​របស់​អ្នកស្រី Ketnita​។ លោក Yingsak Chonglertjetsadawong បាន​អះអាងថា​៖ «​ខ្ញុំ​ប្រក​បរបរ​ចុងភៅ​រាប់សិប​ឆ្នាំ តែ​ខ្ញុំ​មិនដែល​ប្រទះ​ចំណីអាហារ​ដូច​ប្រដាប់ភេទ​បែបនេះ​ឡើយ​»​។​
 
 
 
​លោក​បាន​ចោទ​ជា​សំណួរ​តាម​ហ្វេ​ស​ប៊ុ​កថា​៖ «​តើ​អ្នកនឹង​ទិញ​នំ​បែបនេះ ជូន​ឪពុកម្តាយ​ដែរ​ទេ​? តើ​អ្នកទិញ​វា​ប្រគេន​ព្រះសង្ឃ​ដែរ​ទេ​? ចុះបើ​ក្មេងស្រី​អាយុ​៧ ឬ​៨​ឆ្នាំ ដើរ​ញ៉ាំ​តាមផ្លូវ តើ​អ្នកឃើញ​រូបភាព​អ្វីខ្លះ​? នារីៗ​នាំគ្នា​ថតរូប​ពី​សកម្មភាព​ញ៉ាំ​នំ​លិង្គ វា​ជា​គំរូ​ដ៏​អាក្រក់​បំផុត​សម្រាប់​យុវជន​»​។​
 
​ថៃ​ជា​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា ដូច្នេះ​រូបភាព​បែបនេះ បង្ករ​ឲ្យ​មានការ​រិះគន់​យ៉ាង​ចាស់ដៃ ប៉ុន្តែ​ជាមួយគ្នា គេ​សង្កេតឃើញថា ទង្វើ​ប្លែកៗ​ដូច​បណ្តា​ពលរដ្ឋ​នៅ​អឺរ៉ុប បានធ្វើ​ឲ្យ​អាជីវករ​កាក់កប​យ៉ាងខ្លាំង​លើ​មុខ​ជំនួញ​របស់ខ្លួន​៕
 

 

Tag:
 ប្លែកៗ​
  នំពុម្ព
© រក្សាសិទ្ធិដោយ thmeythmey.com