ជាតិ
លោក វណ្ណ ម៉ូលីវណ្ណ​៖ ខ្ញុំ​កើត​ក្នុង​អត្តសញ្ញាណ​ខ្មែរ ដូច្នេះ ខ្ញុំ​ត្រូវតែ​រក្សា​អត្តសញ្ញាណ​ខ្មែរ​
01, Oct 2017 , 7:48 am        
រូបភាព
​សៀមរាប​៖ ទីក្រុង​សៀមរាប គឺជា​ទីក្រុង​ប្រាសាទ​។ រាជធានី​ភ្នំពេញ គឺជា​ទីក្រុង​ទន្លេ ពីព្រោះ​ភ្នំពេញ​សម្បូរ​ទន្លេ និង​មាន​ទន្លេចតុមុខ​។ សាលា​រាជធានី​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ក្រោម​ចំណងជើង​ថា​៖«​ភ្នំពេញ រាជធានី​ចតុមុខ​», Phnom Penh, capital of four faces និង​ជា​ភាសា​បារាំង Phnom Penh, la capitale des quatre bras​។ ស្ថាបត្យករ​ល្បីល្បាញ​ឯក​តែមួយគត់​នៃ​ប្រទេស​កម្ពុជា គឺ​លោក វណ្ណ ម៉ូលីវណ្ណ ដែលមាន​វ័យ​៨៩​ឆ្នាំ​នៅ​ឆ្នាំ​២០១៥​នេះ បានធ្វើការ​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ការរស់នៅ​ទីក្រុង​ភ្នំពេញ មក​រស់នៅ​ទីក្រុង​ប្រាសាទ​អស់​រយៈពេល​ជាង​៥​ខែ​មកហើយ​។ នេះ គឺជា​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កាលពី​ឆ្នាំ​២០១៥​កន្លងមក​។


​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​នា​សតវត្សរ៍​ទី​២០ និង​ទី​២១ លោក វណ្ណ ម៉ូលីវណ្ណ បាន​ផ្លាស់​ទីលំនៅ​របស់លោក​ពី​ភ្នំពេញ​, ទីក្រុង​ទន្លេ មក​រស់នៅ​ខេត្តសៀមរាប​, ទីក្រុង​ប្រាសាទ​ដែល​ល្បីល្បាញ​នៅលើ​ពិភពលោក​។  
 
​គេហដ្ឋាន​ថ្មី​របស់លោក​នៅ​ទីក្រុង​សៀមរាប មិនសូវ​ខុសគ្នា​ពី​គេហដ្ឋាន​របស់លោក​នៅ​ទីក្រុង​ភ្នំពេញ​ឡើយ​។ គេហដ្ឋាន​របស់លោក​សាង​សង់​ឡើង​ដោយ​គំនិត​របស់លោក​ផ្ទាល់ ដោយ​រក្សា​រចនាបទ​ខ្មែរ ប្រក់​ក្បឿង​សាមញ្ញ​ធម្មតា ជញ្ជាំង​ធ្វើ​ពី​ឥដ្ឋតាន់ រុក្ខជាតិ​គ្រប់​ប្រភេទ​ព័ទ្ធជុំវិញ​។ ស្ថិតនៅតាម​បណ្តោយ​មាត់​ស្ទឹង​សៀមរាប គេហដ្ឋាន​របស់លោក វណ្ណ ម៉ូលីវណ្ណ បង្ហាញ​ដល់​ភ្នែក​អ្នកធ្វើដំណើរ​ភ្លាម​ថា ជា​«​ផ្ទះ​បុរាណ​ខ្មែរ​»​។ 
 
​នៅពេល​ចូលដល់​ទីធ្លា​គេហដ្ឋាន​របស់លោក​ភ្លាម អារម្មណ៍​ជ្រះថ្លា និង​អារម្មណ៍​រំភើប​បាន​លេច​ចេញមក​ភ្លាម​ដោយសារតែ​សម្រស់​ព្រៃ​ប្រឹក្សា​នៅ​ជុំវិញ​ផ្ទះ រាងរៅ​ផ្ទះ និង​របៀប​សាង​សាង់​បែប​សាមញ្ញ​ធម្មតា តែ​ហាក់បីដូចជា​មានតម្លៃ​អ្វី​ម្យ៉ាង​ប្លែក​ពី​គេ​។ «​ខ្ញុំ​ចង់​រស់នៅ​ទីក្រុង​សៀមរាប​ជាង​ភ្នំពេញ​»​។ នេះ​គឺជា​ការសម្តែង​អារម្មណ៍​របស់លោក វណ្ណ ម៉ូលីវណ្ណ ដោយ​លោក​មិនបាន​ពន្យល់​លម្អិត​អំពី​មូលហេតុ​នោះទេ​។ 
 
​នៅពេលដែល​គេ​សួរ​សំណួរ​ថា ហេតុអ្វី​បានជា​លោក​ស្រឡាញ់​ស្ថាបត្យកម្ម​របៀប​ខ្មែរ​ខ្លាំង​ម្ល៉េះ​? លោក វណ្ណ ម៉ូលីវណ្ណ បាន​ឆ្លើយ​មួយៗ និង​ម៉ាត់ៗ​ថា​៖«​ខ្ញុំ​ខ្មែរ ខ្ញុំ​ធ្លាប់​នៅក្នុង​ផ្ទះ​ឈើ ប្រក់​ក្បឿង ដូច្នេះ ខ្ញុំ​ត្រូវតែ​ស្រឡាញ់​របស់​ហ្នឹង​។ ខ្ញុំ​កើត​ក្នុង​អត្តសញ្ញាណ​ខ្មែរ ដូច្នេះ ខ្ញុំ​ត្រូវតែ​រក្សា​អត្តសញ្ញាណ​របស់​ខ្មែរ​ក្នុង​ស្ថាបត្យកម្ម​រហូតដល់​ជីវិតចុងក្រោយ​របស់ខ្ញុំ​»​។ 

© រក្សាសិទ្ធិដោយ thmeythmey.com