អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឌូ​ទើ​តេ ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ផ្តាច់ការ​អាក្រក់​បំផុត​ទាំង​១០​ដែល​កំពុង​កាន់អំណាច​
03, Oct 2017 , 5:41 pm        
រូបភាព
​សារព័ត៌មាន​ហ្វីលីពីន Inquirer បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​ដកស្រង់​វីដេអូ​ក្រុមហ៊ុន​ផលិត​វីដេអូ និង​បោះ​ពុ​ម្ភ​ផ្សាយ WatchMojo របស់​កាណាដា​ដែលមាន​ចំណងជើង​ថា មេដឹកនាំ​ផ្តាច់ការ​អាក្រក់​បំផុត​ចំនួន ១០​ដែល​កំពុង​កាន់អំណាច​។  គេ​ឃើញ​មានឈ្មោះ​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ផងដែរ​ក្នុងចំណោម​មេដឹកនាំ​ទាំង​១០​នោះ​។

 
​ក្រុមហ៊ុន​ផលិត​វីដេអូ និង​ផ្សព្វផ្សាយ​របស់​កាណាដា​បានចេញ​វីដេអូ​មួយ​ដែលមាន​ចំណងជើង​ថា «​មេដឹកនាំ​ផ្តាច់ការ​អាក្រក់​បំផុត​ចំនួន ១០​ដែល​កំពុង​កាន់អំណាច​»​។ មេដឹកនាំ​ទាំង​ដប់​ដែលមាន​ក្នុង​វីដេអូ​នោះ​​មានឈ្មោះ​ដូចខាងក្រោម​៖ 
 
១. ប្រធានាធិបតី​ស៊ូដង់​លោក អូ​ម៉ា អាល់​បា​ស៊ែរ (Omar al-Bashir)​។ អូ​ម៉ា អាល់​បា​ស៊ែរ បច្ចុប្បន្ននេះ​ជា​ប្រធានាធិបតី​ស៊ូដង់ ហើយ​លោក​ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រឆាំង​មនុស្សជាតិ​កន្លងមក​។ លោក​រង​ការចោទប្រកាន់ថា បាន​បង្ក​ឲ្យ​មានការ​សម្លាប់​រង្គាល​បោសសម្អាត​ជនជាតិភាគតិច​នៅ​តំបន់ Darfur ប្រហែល បី​សែន​នាក់​។ មកដល់​បច្ចុប្បន្ន មេដឹកនាំ​រូបនេះ​បណ្តេញ​រាល់​អង្គការសិទ្ធិមនុស្ស និង​បន្ត​ឈ្នះឆ្នោត​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពោរពេញ​ដោយ​បញ្ហា​ចម្រូងចម្រាស​​ដែរ​។ 
 
២.​លោក  គីម ជុង​អ៊ុន បន្ត​តំណែង​ពី​ឪពុក​របស់ខ្លួន គីម ជុងអ៊ីល ដោយ​ដឹកនាំ​ប្រទេស​ដោយ​ប្រើប្រាស់​គោលនយោបាយ​ផ្តាច់ការ ក្តោប​ក្តាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងស្រុង ហើយ​របប​ដឹកនាំ​នេះ​បន្ត​អនុវត្ត​គោលនយោបាយ​ព្រៃផ្សៃ​ដោយ​ប្រហារជីវិត ចាប់​ឃុំ​មនុស្សក្នុង​ជំរំ និង​បង្ខំ​ឲ្យ​ស្ត្រី​រំលូតកូន​ជាដើម​។​
 
 
៣. មេដឹកនាំ​ផ្តាច់ការ​បន្ទាប់​គឺ លោក បា​សា អាល់​អាសាដ ប្រធានាធិបតី​ស៊ី​រី​។ ការបង្ក្រាប​ក្រុមប្រឆាំង​ដែល​ដឹកនាំ​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែលមាន​ឥទ្ធិពល​ពី​បដិវត្តន៍​អារ៉ាប់​ឆ្នាំ ២០១១ និង​បង្ក​ឲ្យ​សង្គ្រាមស៊ីវិល​កើតឡើង​នោះ បាន​ឆក់យក​ជីវិត​មនុស្សអស់​ជាង បួន​សែន​នាក់​រួចទៅហើយ​។ អ្នកប្រឆាំង​រដ្ឋាភិបាល​រាប់ពាន់នាក់​ត្រូវបាន​ចាប់ខ្លួន ឃុំខ្លួន​, រង​ការ​ធ្វើទុក្ខបុកម្នេញ និង​ត្រូវ​កាត់ទោស​ប្រហារជីវិត​ជាដើម​។ ខ្លះទៀត​រងគ្រោះ​ដោយសារ​ការរំលោភ​សេពសន្ថវៈ​ និង​រង​ទារុណកម្ម​ព្រៃផ្សៃ​ច្រើន​ប្រភេទ​ផងដែរ​។​
 
៤.​មេដឹកនាំ​តួ​ក​គី​ប្រធានាធិបតី Recep Tayyip Erdogan ​ព្យាយាម​ប្រមូលផ្តុំ​អំណាច​របស់ខ្លួន​តាមរ​យៈ​ការបង្កើន​អំណាចនីតិប្រតិបត្តិ​។ លោក Erdogan មានរឿង​អាស្រូវ​ច្រើន​ជាពិសេស​ពុករលួយ  និង​ព្យាយាម​បំផ្លាញ​ក្រុម​អ្នកប្រឆាំង​។ កន្លងមក​លោក​បាន​ព្យាយាម​បិទ​បណ្តាញ​ទំនាក់ទំនង​សង្គមដូចជា Twitter  ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ក៏បាន​ពង្រឹងចំណាត់ការ​កម្ចាត់​អ្នកប្រឆាំង​ខ្លួន ក្រោយ​មាន​ចលនា​រដ្ឋប្រហារ​មួយ​បរាជ័យ​កាលពី​ខែកក្កដា​ឆ្នាំមុន​ដែរ​។ 
 
៥.​ប្រធានាធិបតី​អេ​រី​ត្រេលោក Isaias Afwerki​ បាន​កាន់តំណែង​ចាប់ពី​ឆ្នាំ ១៩៩៣​មក ហើយ​គ្មាន​ឡើយ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌​មាននៅ​ប្រទេស​អាហ្វ្រិក​មួយនេះ​។  ប្រទេស​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា ជា​ប្រទេស​កូរ៉េខាងជើង​ទី​ពីរ ព្រោះ​មេដឹកនាំ​ប្រទេស​នេះ​អនុវត្ត​គោលនយោបាយ​ឯកោ​និយម ហើយ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​កើតឡើង​ពាសពេញ​ប្រទេស​។ រដ្ឋាភិបាល​ដាក់​កម្លាំង​ពង្រាយ​តាម​ព្រំដែន​ដើម្បី​ល្បាត និង​បាញ់ចោល​រាល់​ប្រជាជន​ដែល​លួច​ឆ្លងដែន​និង​រត់​ភៀសខ្លួន​។ 
 
៦. ​បន្ទាប់មក មេដឹកនាំ​វ័យ​ជរា​នៃ​ប្រទេស​ស៊ីម​បា​វ៉េ​លោក រ៉ូបឺត មូ​ហ្កា​បេ (Robert Mugabe) ដែល​កាន់អំណាច​ពី​ឆ្នាំ ១៩៨០​។ លោក​មាន​កងទ័ព​ផ្ទាល់ខ្លួន​ដែល​ទទួលបាន​ការហ្វឹកហ្វឺន​ពី​កូរ៉េខាងជើង ហើយ​កងទ័ព​នេះ​ពាក់ព័ន្ធ​ការ​ធ្វើទុក្ខបុកម្នេញ និង​សម្លាប់​រង្គាល​ប្រជាជន​ដែល​ប្រឆាំង​ប្រហែល មួយ​ម៉ឺន​នាក់​ឯណោះ​។ លោក មូ​ហ្កា​បេ​ឈ្នះឆ្នោត​រាល់​លើក ប៉ុន្តែ​ការបោះឆ្នោត​ពោរពេញ​ដោយ​ការគំរាមកំហែង ហិង្សា និង​លួច​បន្លំ​។ អ្វីដែល​សំខាន់ រដ្ឋធម្មនុញ្ញ​រដ្ឋ​អាហ្វ្រិក​នេះ​ត្រូវបាន​ចងក្រង​ឡើង​ដោយ​ផ្តល់​អំណាច​ទាំង​ស្រុងដល់​មេដឹកនាំ​ផ្តាច់​នេះដែរ​។ 
 
៧.​មេដឹកនាំ​ផ្តាច់ការ​លំដាប់​ទី​ប្រាំពីរ​គឺ ប្រធានាធិបតី  ហ្គី​ណេ អេក្វាទ័រ លោក Teodoro Obiang Nguema Mbasogo​។ មេដឹកនាំ​រូបនេះ​ទម្លាក់​ពូ​របស់ខ្លួន​ពី​តំណែង​ឆ្នាំ ១៩៨៧ ដើម្បី​ដណ្តើម​អំណាច ហើយ​បង្កើត​របប​ដឹកនាំ​ផ្តាច់ការ​មួយ​រហូតមក​។ ក្រោម​ការដឹកនាំ​របស់​លោក អ្នកប្រឆាំង​ជាច្រើន​រង​ការ​ធ្វើទុក្ខបុកម្នេញ និង​ចាប់​ឃុំឃាំង​ផង​។ ក្រៅពី​ផ្តាច់ការ លោក Teodoros ប្រើប្រាស់​អំណាច​ដើម្បី​បង្កើន​ភាពមានបាន​រប​ស់​ខ្លួន​និង​បក្សពួក ហើយ​មកដល់​បច្ចុប្បន្ន​លោក​មានទ្រព្យ​ប្រហែល ៦០០​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​
 
៨.​​លោក Ilham Aliyev ដែលជា​មេដឹកនាំ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​។ លោក​ដឹកនាំ​ប្រទេស​តាម​ប្រព័ន្ធ​គ្រួសារនិយម ហើយ​រាប់ទសវត្ស​រ៍មកហើយ​ប្រទេស​នេះ​មិន​ស្គាល់​មេដឹកនាំ​ថ្មី​ឡើយ​។ ក្រោម​ការដឹកនាំ​របស់​លោក Aliyev ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ស្គាល់​តែ​រឿង​ពុករលួយ និង ភាព​ផ្តាច់ការនិយម ហើយ​រាល់​ក្រុមគ្រួសារ​ប្រធានាធិបតី​ក្លាយជា​អ្នក​ក្តោប​ក្តាប់​សេដ្ឋកិច្ច​ប្រទេសជាតិ​ទាំងមូល​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មេដឹកនាំ​រូបនេះ​បាន​លុបចោល​មាត្រា​កំណត់​អាណត្តិ​ប្រធានាធិបតី ហើយ​តែ​តាំង​ភរិយា​ខ្លួន​ជា​អនុ​ប្រធានាធិបតី​ថែមទៀត​។​
 
៩. លោក Alexander Lukashenko ប្រធានាធិបតី​បេឡា​រុស​ទទួលបាន​ចំណាត់ថ្នាក់​ទី​ប្រាំ​។  លោក​បាន​កាន់តំណែង​កាលពី​ឆ្នាំ ១៩៩៤ រហូតមកដល់ បច្ចុប្បន្ន ហើយ​លោក​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ផ្តាច់ការ​ចុងក្រោយ​នៅ​អឺរ៉ុប​។ លោក Lukashenko បានចាប់ផ្តើម​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​លុបចោល​មាត្រា​កំណត់​អាណត្តិ​របស់​ប្រធានាធិបតី​ផង​។ ក្រោយផ្តាច់ចេញពី​សហភាពសូវៀត មេដឹកនាំ​រូបនេះ​ក៏​បន្ត​អនុវត្ត​គោលនយោបាយ​ផ្តាច់ការ ហើយ​រាល់​អ្នកនយោបាយ​ប្រឆាំង​តែង​រង​ការគាបសង្កត់ ជិះជាន់ និង​ធ្វើទុក្ខបុកម្នេញ​ខ្លាំង​ផងដែរ​។ 
 
១០. ​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន​ដែល​កាន់អំណាច​បាន​១៥ ខែ​មកនេះ​ ប្រហែល​មិនទាន់​ក្លាយជា​មេដឹកនាំ​ផ្តាច់ការ​ដូច​មេដឹកនាំ​ខាងលើ​ឡើយ។ ប៉ុន្តែ​លោក​ធ្លាប់​ហៅ​ខ្លូន​ឯង​ជា​មេដឹកនាំ​ផ្តាច់ការ​ប្រឆាំងនឹងក្រុម​បិសាច​។ តាមពិតទៅ​លោក​អាច​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ផ្តាច់ការ​អាក្រក់​បំផុត​ដោយសារ​តែគោលនយោបាយ​បោសសម្អាត​គ្រឿងញៀន​របស់ខ្លួន​ដែល​ឆក់យក​ជីវិត​មនុស្ស​អស់​រាប់ពាន់នាក់​កន្លង​មក​នោះ​។ រដ្ឋាភិបាល​ហ្វីលីពីនអះអាងថា មនុស្ស​ប្រហែល​ជាង ៣០០០ នាក់​ទៅហើយ​ត្រូវ​សម្លាប់​ក្នុង​សង្គ្រាម​គ្រឿងញៀន​នេះ ខណៈ​ក្រុម​សិទ្ធិមនុស្ស​អះអាងថា យ៉ាងហោចណាស់ ១៣០០០​ នាក់​បាន​ស្លាប់​រួចទៅហើយ​៕ 
 

Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ហ្វីលីពីន​
  មេដឹកនាំ​ផ្តាច់ការ
© រក្សាសិទ្ធិដោយ thmeythmey.com