ជាតិ
គ្រូបង្រៀន​អាចមាន​ឱកាស​បន្ត​អាជីព​រហូតដល់​អាយុ​៦៥​ឆ្នាំ​
05, Oct 2017 , 9:22 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល នឹង​វិសោធនកម្ម​ច្បាប់​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន ចូល​និវត្ត​អាយុ​៦៥​ឆ្នាំ​វិញ​។ ថ្លែង​ក្នុង​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ​«​គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង នៃ​យុវជន​ជំនាន់​ក្រោយ » នៅ​ព្រឹក​ថ្ងៃទី ៥ តុលា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន រក​វិធី​​កំណែទម្រង់​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​គ្រូ​ទាំងអស់ អាចមាន​ឱកាស​បង្រៀន​សិស្ស រហូតដល់​អាយុ​៦៥​ឆ្នាំ​។



​មូល​ហេតុដែល​រដ្ឋាភិបាល ចង់​ឲ្យ​គ្រូ​នៅ​បន្ត​បង្រៀន​ដល់​អាយុ​៦៥​ឆ្នាំនេះ ព្រោះ​វ័យ​កាន់តែ​ចាស់ ក៏​រឹតតែ​បញ្ចេញ​សមត្ថភាព​បង្រៀន​សិស្ស​កាន់តែខ្លាំង​ដែរ​។ នេះ​ជាការ​យល់ឃើញ​របស់​ស​ម្ដេច ហ៊ុន សែន ដែល​ស្នើ​បន្ថែម​ឲ្យ​លោក ពេជ្រ ប៊ុនធិន ជួល​សម្រួល​ដល់​អាយុ​គ្រូពេទ្យ និង​មន្ត្រីរាជការ​ដទៃទៀត​ផង​។ 

​គួរ​បញ្ជាក់ថា កន្លងមក​គ្រូបង្រៀន គ្រូពេទ្យ និង​មន្ត្រីរាជការ ត្រូវបាន​កំណត់​ឲ្យ​ចូល​និវត្ត​ត្រឹម​អាយុ ៦០​ឆ្នាំ​។ បើតាម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ក្នុង​មួយឆ្នាំៗ​ក្រសួង​ត្រូវការ​ជ្រើសរើស​គ្រូបង្រៀន​ថ្មី​ចំនួន​៣០០០​នាក់ សម្រាប់​មក​ជំនួស​គ្រូបង្រៀន​ដែល​ត្រូវ​ចូល​និវត្ត​។ ប៉ុន្តែ​ការជ្រើសរើស​គ្រូ​ថ្មីៗ​បន្ថែម មិនទាន់​អាច​គ្រប់​តម្រូវការ​នៅឡើយ​ទេ ខណៈ​នៅតាម​សាលា​នីមួយៗ នៅតែ​បន្ត​ជួប​បញ្ហា​ខ្វះ​គ្រូបង្រៀន​៕


Tag:
 សម្តេច ហ៊ុន សែន​
 ​ គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com