អន្តរជាតិ
អ​.​ស​.​ប​.​បញ្ចេញ​មូលនិធិ​គ្រា​មាន​អាសន្ន​សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​
05, Oct 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​អ​.​ស​.​ប​.​បាន​បញ្ចេញ​ប្រាក់​១២​លាន​ដុល្លារ​សម្រាប់​ការជួយ​សង្គ្រោះ​គ្រា​មាន​អាសន្ន​ដល់​ពួក​ជន​ងាយ​រងគ្រោះ​បំផុត​ក្នុងចំណោម​ក្រុម​ជន​ដែល​បាន​រត់គេចខ្លួន​ចេញពី​អំពើហិង្សា​ក្នុងប្រទេស​ភូមា​។



​លោក Mark Lowcock អគ្គលេខាធិការរង​អ​.​ស​.​ប​.​សម្រាប់​កិច្ចការ​មនុស្សធម៌​និង​ជា​អ្នកសម្របសម្រួល​ជំនួយ​សង្គ្រោះ​គ្រា​មាន​អាសន្ន​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា​៖ «​យើង​ត្រូវការ​ម្ហូបអាហារ​, ទឹក​, កន្លែង​អនាម័យ​, ជំនួយ​ខាង​វេជ្ជសាស្ត្រ​និង​ការគាំទ្រ​ឯទៀតៗ​ថែមទៀត​ដល់​ក្រុម​ជនភៀសខ្លួន​ទាំងនេះ​»​។​

​លោក Lowcock បាន​និយាយ​បន្ថែមថា​៖ «​ប្រជារាស្ត្រ​បង់​ក្លា​ដែ​ស បានផ្តល់​ការស្វាគមន៍​ដ៏​សប្បុរស ក៏ប៉ុន្តែ​ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ជំរំ​មាន​ភាពអាក្រក់​។ បើ​គ្មាន​ជំនួយ​អន្តរជាតិ​ថែមទៀត​ទេ ពួក​ជនភៀសខ្លួន​ទាំងនេះ​ដែល​បាន​រងទុក្ខវេទនា​ខ្លាំង​ស្រាប់​ហើយ​នោះ អាច​ប្រឈម​នឹង​មហន្តរាយ​ខាង​សុខភាព​ពីលើ​សោកនាដកម្ម​ដែល​កំពុងមាន​»​។​

​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ជាង​៥​សែន​នាក់​បាន​រត់គេចខ្លួន​ពី​ផ្ទះសម្បែង​ពួកគេ​នៅក្នុង​ប្រទេស​ភូមា ចាប់តាំងពី​ចុងខែ​សីហា​មក ហើយ​លោក Lowcock បាន​មានប្រសាសន៍ថា ដំណោះស្រាយ​វិបត្តិ​នេះ​អាស្រ័យទៅលើ​ប្រទេស​ភូមា​។​

​លោក​បាន​គូសបញ្ជាក់ថា ត្រូវមាន​ចំណាត់ការ​ថែមទៀត​សម្រាប់​លំហូរ​ពួក​ជនភៀសខ្លួន​ដែល​នៅតែ​ចូលទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ដែលជា​ប្រទេស​ក្រីក្រ​ស្រាប់​ហើយ​នោះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com