ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត គួរ​ធ្វើ​ដូចម្តេច នៅពេល​បានដឹងថា ពួកគេ​កំពុង​រៀន​ជំនាញ​ដែល​ខុស​នឹង​ចំណូលចិត្ត​?
07, Oct 2017 , 10:59 am        
រូបភាព
ដោយ:
​បច្ចុប្បន្ន​មាន​និស្សិត​មួយចំនួន​បានជ្រើសរើស​ជំនាញ​សិក្សា ខុស​ចំណង់​ចំណូលចិត្ត​។ ពួកគេ​ជ្រើសរើស​ដោយ​ផ្អែក​ការសម្រេចចិត្ត​របស់​ឪពុកម្តាយ ទីផ្សារការងារ រៀន​តាម​គ្នា ខ្វះ​ព័ត៌មាន និង​មិនទាន់​ស្គាល់​ខ្លួនឯង​។ ក្រៅ​តែ​ខាត​ពេលវេលា ការជ្រើសរើស​ខុស​ជំនាញ អាចធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការបាក់​ទឹកចិត្ត ក្នុងការ​បំពេញការងា​រ ដែល​នាំ​ឲ្យ​ការងារ​មិនសូវ​ទទួលបាន​ផល​ល្អ និង​មិនបាន​ត្រៀមខ្លួន​សម្រាប់​អាជីព​នា​ថ្ងៃ​អនាគត​។ តើ​និស្សិត គួរ​សម្រេចចិត្ត​បែបណា ប្រសិនបើ​គេ​បានដឹងថា ជំនាញ​ដែល​ពួកគេ​រៀន មិនត្រូវ​នឹង​ចំណូលចិត្ត​របស់​ពួកគេ​?



​ការជ្រើសរើស​ជំនាញ ឲ្យ​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត គឺ​ពិតជា​សំខាន់​ណាស់ សម្រាប់​មនុស្ស​ម្នាក់ៗ ពិសេស​សិស្ស ដែល​ទើប​បញ្ចប់​ការសិក្សា​កម្រិត​មធ្យមសិក្សា​។ នេះ​បើតាម​កញ្ញា ប្រសើរ ម៉ូ​លីកា សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​សម្រាប់​ជំនាញ​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ជា​សហ​ស្ថា​និក​នៃ​អង្គការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អភិវឌ្ឍ​អាជីព​។ សម្រាប់​សាស្ត្រាចារ្យ​វ័យក្មេង​រូបនេះ និស្សិត​អាច​ពិចារណា​ផ្លាស់ប្តូរ​ជំនាញ​ភ្លាមៗ ក្នុងករណី​មាន​ធនធាន និង​ពេលវេលា​សមស្រប និង​ប្រសិនបើ​ពួកគេ រកឃើញថា ពួកគេ​កំពុង​រៀន​ជំនាញ​មួយ​ដែល​ខុសពី​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​។​

​កញ្ញា ប្រសើរ ម៉ូ​លីកា បញ្ជាក់​ដូច្នេះ​ថា​៖«​និស្សិត​អាច​ប្តូរ​ជំនាញ បើ​និស្សិត​ស្គាល់​ខ្លួនឯង រកឃើញ​ចំណង់​ចំណូលចិត្ត​របស់ខ្លួន និង​ដឹងថា​ជំនាញ​ដែល​កំពុង​សិក្សា មិនអាច​ឲ្យ​និស្សិត​យកមកប្រើ​ប្រាស់​បាន​។ ប៉ុន្តែ​បើ​មិនទាន់​ស្គាល់​ខ្លួនឯង​ច្បាស់ ពួកគេ​គួរតែ​បន្ត​សិក្សា និង​ស្វែងយល់​ពី​គុណសម្បត្តិ​របស់​ជំនាញ ដែល​គាត់​កំពុង​សិក្សា រួច​ចាប់ផ្តើម​រៀន​ស្រឡាញ់ និង​ឲ្យ​តម្លៃ ក៏ដូចជា​សិក្សា​ពី​ឱកាស ដើម្បី​ផ្សារភ្ជាប់​ចំណង់​ចំណូលចិត្ត ទៅនឹង​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា​»​។

​កញ្ញា​បាន​គូសបញ្ជាក់​ទៀតថា ជំនាញ​អ្វី ក៏​អាច​ផ្តល់​ផលប្រយោជន៍​ដែរ ឲ្យ​តែ​និស្សិត​យកចិត្តទុកដាក់​សិក្សា និង​ស្វែងរក​ឱកាស​ដើម្បី​អភិវឌ្ឍ​ខ្លួន​។

​សាស្ត្រាចារ្យ រូបនេះ បាន​ណែនាំ​និស្សិត​រើស​ជំនាញ​ខុស​ចំណូលចិត្ត ឲ្យ​ពួកគេ​ចាប់ផ្តើម​ស្វែងយល់​ពី​ខ្លួនឯង​ឲ្យ​បាន​ច្រើន តាមរយៈ​ការសាកល្បង​ធ្វើការ ប្រមូល​ព័ត៌មាន​ពី​មជ្ឈដ្ឋាន​ជុំវិញ សុំ​ជំនួយ និង​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ ឬ​អ្នក​ដែលមាន​បទពិសោធន៍​ច្រើន ដើម្បី​ជួយ​ឲ្យ​ពួកគេ​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ និង​អាជីព​មួយ​ដ៏​ត្រឹមត្រូវ​នា​អនាគត​។

​សហ​ស្ថា​និក នៃ​អង្គការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អភិវឌ្ឍ​អាជីព បន្តទៀតថា មុននឹង​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ សិស្ស​ត្រូវ​ស្វែងយល់​ពី​ទេពកោសល្យ និង​ឧបនិស្ស័យ​ពី​កំណើត  អ្វីដែល​ពួកគេ ចូលចិត្ត  និង​អ្វី​ដែលជា​ក្តី​ស្រមៃ​របស់​និស្សិត​ផ្ទាល់ គួបផ្សំ​នឹង​តម្រូវ​ទីផ្សារ និង​ឱកាស​ការងារ​។​

​ការ​រើស​ជំនាញ គឺ​សំខាន់​ណាស់​សម្រាប់​ជីវិត​។ ក៏បាន​គូសបញ្ជាក់​ពី​កញ្ញា អៀង លីន​ដា អ្នក​បង្វឹក​ជំនាញ​ជជែក​ពិភាក្សា​ដែល​បន្តថា អ្វីដែល​ខាតបង់​ធំជាងគេ​ដោយសារ​ការ​រើស​ជំនាញ​ខុស​នេះ គឺ​ពេលវេលា និង​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ដែរ​។ កញ្ញា អៀង លីន​ដា ពន្យល់ថា​៖«​យើង​នឹង​ប្រកប​អាជីព​នោះ ក្នុង​ឆាកជីវិត​នេះ បើ​រើស​ខុស គឺ​យើង​ខាត​ពេលវេលា​ធំជាងគេ ហើយក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ដែរ  ដោយសារ​យើង​មិន​ចូលចិត្ត​វា ឬ​ធុញថប់​នឹង​វា​»​។​

​ទោះជា​យ៉ាងណាក៏ដោយ ជម្រើស​នៅតែមាន​សម្រាប់​និស្សិត​ដែល​រៀន​ខុស​ចំណូលចិត្ត ព្រោះ​ពួកគេ​បានដឹងថា​ពួកគេ​កំពុង​ធ្វើ​អ្វី​ខុស ហើយ​ស្វែងរក​អ្វីដែល​ត្រូវ​នឹង​ចំណូលចិត្ត និង​ក្តី​សុបិន​របស់​ពួកគេ ព្រមទាំង​មិន​ភ័យខ្លាច​ក្នុងការ​ផ្លាស់ប្តូរ​ជំនាញ​ទាំង​នោះដែរ​។ កញ្ញា លីន​ដា បញ្ជាក់​បន្ថែមទៀតថា​៖«​បើ​ដឹងថា​រើស​ជំនាញ​ខុស​ហើយ សូម​ស្វែងរក​អ្វីដែល​ត្រូវ​។ ពេលវេលា​ដែល​ហួសហើយ មិនអាច​យកមក​វិញ​បាន​មែន តែ​យើង​អាច​គ្រប់គ្រង​ពេលវេលា​ដែរ​នៅសល់ ដូច្នេះ​មិន​ហួសពេល​ទេ ក្នុងការ​សម្រេច​សុបិន នឹង​បំណង​ក្នុង​ជីវិត​យើង​»​។

​ចំណែក លោក ហេង សុវណ្ណ អ្នកនិពន្ធ​វ័យក្មេង ក៏បាន​លើកឡើង​ដូចគ្នា​នឹង​កញ្ញា ម៉ូ​លីកា និង​លីន​ដារ​ដែរ​។ លោក ហេង សុវណ្ណ បានលើកឡើង​ដូច្នេះ​ថា និស្សិត​គួរតែ​ប្តូរ​ជំនាញ ប្រសិន​ជំនាញ​ដែល​រៀន​នោះ ខុស​ចំណង់​ចំណូលចិត្ត និង​ទេពកោសល្យ​ខ្លួន ប្រសិនបើ​ពួកគេ​មានលទ្ធភាព និង​ពេលវេលា​គ្រប់គ្រាន់​។   ប៉ុន្តែ​ខ្វះ​លទ្ធភាព គួរតែ​រៀន​ឲ្យ​ចប់​សិន បន្ទាប់មក​ធ្វើការ​សន្សំ​លុយ ទៅ​រៀន​ជំនាញ​ដែល​ខ្លួន​ស្រលាញ់ ស្របតាម​ទេពកោសល្យ​ខ្លួនឯង​។​

​ជារួម​មក ការបន្ត​សិក្សា ឬ​ប្តូរ​ជំនាញ នៅពេលដែល​និស្សិត​ដឹងថា​ខ្លួន​កំពុង​រៀន​ជំនាញ​មួយ​ខុសពី​ចំណង់​ចំណូលចិត្ត​របស់ខ្លួន គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង និង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ ពួកគេ​អាច​ប្តូរ​ជំនាញ​សិក្សា ក្នុងករណី​មាន​ធនធាន និង​ពេលវេលា​អំណោយផល​។ ប៉ុន្តែ​បើ​ពួកគេ មិនទាន់​ស្គាល់​ច្បាស់​ខ្លួនឯង និង​គ្មាន​លទ្ធភាព​សិក្សា​ជំនាញ​ថ្មី​ទេ គួរតែ​បន្ត​សិក្សា និង​ស្វែងយល់​ពី​គុណសម្បត្តិ​របស់​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា និង​ផ្តើម​ឲ្យ​តម្លៃ​ជំនាញ​នោះ​។ ក្នុងករណីនេះ ពួកគេ ក៏​អាច​រៀន​ជំនាញ​ដែល​គេ​ស្រឡាញ់​ថែម​មួយទៀត​ប្រសិនបើ​មាន​ធនធាន និង​ពេលវេលា​៕


Tag:
 និស្សិត​
 ​ ជំនាញ​
© រក្សាសិទ្ធិដោយ thmeythmey.com