ជាតិ
អាមេរិក​បើក​ឲ្យ​ពលរដ្ឋ​កម្ពុជា ចុះឈ្មោះ​ផ្សងសំណាង​ជាមួយ​ឆ្នោត Diversity Visa ទៅ​រស់នៅ​អាមេរិក​
07, Oct 2017 , 7:59 pm        
រូបភាព
ពលរដ្ឋ​ខ្មែរ​ម្នាក់​កំពុង​មើល​ព័ត៌មាន​អំពី​ឆ្នោត​ផ្សង​សំណាង Diversity Visa Program ​ទៅរស់​នៅ​សហរដ្ឋអាមេរិក​នៅ​លើ​គេហទំព័រ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃព្រហស្បតិ៍​ទី​០៥ តុលា ២០១៧។ (ទុំ ម្លិះ/VOA)
ពលរដ្ឋ​ខ្មែរ​ម្នាក់​កំពុង​មើល​ព័ត៌មាន​អំពី​ឆ្នោត​ផ្សង​សំណាង Diversity Visa Program ​ទៅរស់​នៅ​សហរដ្ឋអាមេរិក​នៅ​លើ​គេហទំព័រ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃព្រហស្បតិ៍​ទី​០៥ តុលា ២០១៧។ (ទុំ ម្លិះ/VOA)
ដោយ:
​ភ្នំពេញ ៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​បំណង​លេងឆ្នោត​ផ្សងសំណាង​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​សម្រាប់​ឆ្នាំ​២០១៩ ប្រុងប្រយ័ត្ន និង​មិនត្រូវ​ជឿ​ចំពោះ​ជនខិលខូច ឬ​ក្រុមហ៊ុន​ណាមួយ​ដែល​ធានា​សម្រាប់​កម្មវិធី​ឆ្នោត​នេះ​។



​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការដាក់​ឆ្នោត​ផ្សងសំណាង​ទៅ​រស់នៅ​សហរដ្ឋអាមេរិក នា​រសៀល ថ្ងៃ​ពុធ លោក Willaim Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លើកឡើងថា លោក​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដាក់​ឆ្នោត DV ដើម្បី​ទទួលបាន​ឱកាស​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ដោយ​ស្របច្បាប់​។ លោក​បន្ថែមថា ដើម្បី​ជៀសវាង​ការចាញ់បោក​ជនខិលខូច អ្នក​ដែលមាន​បំណង​ចូលរួម​លេងឆ្នោត​ដោយ​មិន​គិតថ្លៃ​នេះ ត្រូវបំពេញ​ពាក្យសុំ​ដោយ​ខ្លួនឯង​តាមរយៈ​ស្ថានទូត​អាមេរិក ឬ​គេហទំព័រ​របស់​ស្ថានទូត មិនត្រូវ​ពឹងពាក់​ក្រុមហ៊ុន​ណាមួយ​ដើម្បី​ជួយ​បំពេញ​នោះទេ​។​

​លោក  Willaim Heidt មានប្រសាសន៍​ជា​ភាសា​ខ្មែរ​ក្នុងន័យ​ដើម​ថា​៖

«​ក្រុមហ៊ុន​ទាំងនេះ​មិនមាន​ទំនាក់ទំនង​ទាល់តែសោះ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​។ លើសពីនេះទៅទៀត ៣​ភាគ​៤​នៃ​ពាក្យសុំ​ដែល​ដាក់​ដោយ​ក្រុមហ៊ុន​ខាងក្រៅ​កាលពី​ឆ្នាំមុន មិនត្រូវ​បានទទួល​ទេ ពីព្រោះ​ពួកគេ​បំពេញ​មិន​ត្រឹមត្រូវ​។ អ្វីដែល​ធ្វើ​ឲ្យ​យើង​មានការ​ព្រួយបារម្ភ​ជាងនេះទៅទៀត គឺថា​បេក្ខជន​ដែល​ដាក់​ឆ្នោត​សម្រាប់ DV តាមរយៈ​ក្រុមហ៊ុន​ទាំងនេះ ត្រូវបាន​ចេញទៅ​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​»​។​

​ជា​រៀងរាល់ឆ្នាំ រដ្ឋាភិបាល​អាមេរិក បាន​ផ្តល់ឱកាស​តាមរយៈ​ឆ្នោត​ផ្សងសំណាង​មួយ ដែលមាន​ឈ្មោះថា Diversity Visa (DV) ឲ្យ​ទៅ​ប្រជាពលរដ្ឋ​របស់​បណ្តា​ប្រទេស​ផ្សេងៗ​ទូទាំង​ពិភពលោក​ដែលមាន​បំណង​ចង់ទៅ​រស់នៅ​សហរដ្ឋអាមេរិក អាច​ទៅ​រស់នៅ​ទីនោះ​ដោយ​ស្របច្បាប់​។ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក ជា​ស្ថាប័ន​គ្រប់គ្រង​ឆ្នោត Diversity Visa (DV) ផ្តល់​ឲ្យ​បេក្ខជន​មាន​លក្ខខណ្ឌ​សមស្រប​ចំនួន​៥​ម៉ឺន​នាក់ នៅ​ទូទាំង​ពិភពលោក ទើបតែ​ប្រកាស​ឲ្យ​ចាប់ផ្តើម​ដាក់ពាក្យ​កាលពី​យប់​ថ្ងៃទី​៣ ខែតុលា នេះ​។ ការចុះឈ្មោះ​ចូលរួម​លេងឆ្នោត​នេះ ត្រូវធ្វើឡើង​តាមរយៈ​គេហទំព័រ www.dvlottery.state.gov ដែល​នឹងត្រូវ​បញ្ចប់​រហូតដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​បើតាម​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Willaim Heidt បញ្ជាក់ថា មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​៥០០​នាក់ បាន​ជាប់ឆ្នោត​ទៅ​រស់នៅ​សហរដ្ឋអាមេរិក កាលពី​២០១៦​។​



​យោងតាម​សេចក្តីណែនាំ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ឲ្យ​ដឹងថា ដើម្បី​អាច​ចូលរួម​លេងឆ្នោត​ផ្សងសំណាង ត្រូវមាន​លក្ខខណ្ឌ​ចំនួន​៣​សំខាន់​ដូចជា បេក្ខជន​ត្រូវ​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ ឬ​មានបទពិសោធន៍​ការងារ​គ្រប់គ្រាន់ ត្រូវ​បញ្ចូល​រូបថត​ថត​ថ្មី​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ចុងក្រោយ​ដើម្បី​ចុះឈ្មោះ និង​ត្រូវ​បញ្ចូល​ព័ត៌មាន​អំពី​ប្តី និង​ប្រពន្ធ និង​កូនៗ​ទាំងអស់​នៅពេល​ចុះឈ្មោះ​អន​ឡាញ​។​

​លោក Jason Inslee អនុប្រធាន​កុងស៊ុល​ផ្នែក​ទិដ្ឋាការ​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទកាសែត​នោះ​ថា ការរៀបចំ​ឲ្យ​មានការ​ចូលរួម​លេងឆ្នោត​ដើម្បី​អាច​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ដោយ​ស្របច្បាប់ គឺមាន​គោលបំណង​ពង្រឹង​ភាព​ចម្រុះ​នៃ​ជាតិ​សាសន៍ ដោយ​លោក​ថា កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ទៀត​ដែលមាន​ចំនួន​ប្រជាជន​តិច កំពុង​រស់នៅ​ទីនោះ​។​

​លោក​បន្ថែមថា បេក្ខជន​ម្នាក់​អាចដាក់​ពាក្យ​ចូលរួមបាន​តែម្តង​គត់​ក្នុង​មួយឆ្នាំ ប្រសិនបើ​បេក្ខជន​ដាក់ពាក្យ​ចូលរួម​លើសពី​មួយ នោះ​នឹង​ត្រូវបាន​ដកចេញ​ដោយ​ស្វ័យប្រវត្តិ​។ សម្រាប់ ប្តី ឬ​ប្រពន្ធ​អាចមាន​សិទ្ធិ​ដូចគ្នា​ក្នុង​ការដាក់​ឆ្នោត​ផ្សងសំណាង​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​នេះ​។ មានន័យថា ទាំង​ប្ដី ឬ​ទាំង​ប្រពន្ធ អាចដាក់​ឆ្នោត​ផ្សងសំណាង​ក្នុងពេល​តែមួយ​បាន ប្រសិនបើ​អ្នកណាម្នាក់​ក្នុងចំណោម​ប្តី ឬ​ប្រពន្ធ ជាប់ឆ្នោត នោះគេ​អាច​នាំ​សមាជិក​នៃ​ក្រុមគ្រួសារ​របស់គេ ដែលមាន​ទាំង​ប្តី ឬ​ប្រពន្ធ និង​កូន​នោះ ទៅ​រស់នៅ​លើទឹក​ដី​សហ​រដ្ឋ​អាមេរិក​បាន​។ ក្នុងករណី​ដែល​បេក្ខជន​ត្រូវបាន​ជ្រើសរើស ប៉ុន្តែ​បោះបង់ នោះ​ពួកគេ​នៅតែ​អាចមាន​សិទ្ធិ​ចូលរួម​នៅ​ឆ្នាំ​បន្ទាប់​ទៀត​។​

​លោក Jason បន្ថែមថា រដ្ឋាភិបាល​អាមេរិក​នឹង​ផ្តល់​តែ​សិទ្ធិ​រស់នៅ​ស្របច្បាប់ ឬ​ហៅថា Green Card សម្រាប់​បេក្ខជន​ដែល​ត្រូវបាន​ជ្រើសរើស និង​ទទួលបាន​ទិដ្ឋាការ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​តម្លៃ​នៃ​ការស្នើសុំ​ទិដ្ឋាការ​ចំនួន​៣៣០​ដុល្លារ ការចំណាយ​ផ្សេងៗ ការជ្រើសរើស​តំបន់​ដើម្បី​រស់​នៅឯ​សហរដ្ឋអាមេរិក ការស្វែងរក​ការងារ​ធ្វើ និង​ការ​ស្នាក់នៅ​ជាដើម​នោះ គឺជា​ការទទួលខុសត្រូវ​របស់​បេក្ខជន​ម្នាក់ៗ​។​

​លោក Jason Inslee បញ្ជាក់​ជា​ភាសា​អង់គ្លេស​និង​ត្រូវបាន​ប្រែ​សម្រួល​ដោយ​អ្នក​ប្រែជា​ភាសា​ខ្មែរ​ថា​៖

«​ពេលដែល​គាត់​ទៅដល់​សហរដ្ឋអាមេរិក​ហើយ គឺ​គាត់​នឹង​ស្ថិតក្នុង​ស្ថាន​ភាពជា​ជន​មាន​សិទ្ធិ​ស្នើសុំ​រស់នៅ​ស្របច្បាប់ ដែល​ខ្មែរ​ហៅថា ហ្គ្រី​ន​កាត (Green Card)​។ ហើយ​បន្ទាប់មក​ក្នុង​រយៈពេល​ប្រហែលជា​៥​ឆ្នាំ​ហ្នឹង ពួកគាត់​អាច​ស្នើសុំ​ធ្វើ​សញ្ជាតិ​អាមេរិក​បាន ហើយ​ចំណុច​សំខាន់​ទៀត​ដែលជា​ការយល់ច្រឡំ​ច្រើន​គឺថា មួយចំនួន​គិតថា​រដ្ឋាភិបាល​អាមេរិក​គាត់់​នឹង​ផ្តល់​ជា​សំបុត្រ​យន្តហោះ ក៏ដូចជា​កន្លែង​ស្នាក់នៅ ក៏ដូចជា​ការងារ​ផ្សេងៗ ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក​មិនបាន​ផ្តល់ជំនួយ​អស់ហ្នឹង​ទេ​»​។​

​អនុប្រធាន​កុងស៊ុល​ផ្នែក​ទិដ្ឋាការ​អន្តោរ​ប្រវេសន៍​រូបនេះ​បន្ថែមថា ឆ្នោត DV នឹងត្រូវ​ចាប់​ដោយ​ចៃដន្យ​តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ និង​ថា បេក្ខជន​ដែល​ចង់ដឹង​ពី​លទ្ធផល ត្រូវ​មើល​ឈ្មោះ​របស់ខ្លួន​នៅលើ​គេហទំព័រ www.dvlottery.state.gov ដដែល​។​

​លោក  Jason Inslee មានប្រសាសន៍ថា​៖

«​នៅពេលដែល​អ្នក​ទាំងអស់​គ្នា​ចុះឈ្មោះ​តាម​វែបសាយ​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ហ្នឹង គឺ​អ្នក​ទាំងអស់គ្នា​នឹង​ទទួលបាន Confirmation Number ឬ​ជា​ភាសា​ខ្មែរ​ហៅថា លេខ​កូដ​បញ្ជាក់​។ នៅពេល​អ្នក​ទាំងអស់គ្នា​ទទួលបាន​ហ្នឹង គឺ​នៅ​ឆ្នាំ ក្រោយ​ខែ​៥ ថ្ងៃទី​១ អ្នក​ទាំងអស់គ្នា​អាច​ឆែក​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត តាម​វែបសាយ​ហ្នឹង​ដដែល​»​។​

​ពលរដ្ឋ​នៃ​ប្រទេសមួយ​ចំនួន​ដែល​បានធ្វើ​អន្តោរ​ប្រវេសន៍​ទៅ​សហរដ្ឋអាមេរិក​ជាច្រើន​មកហើយ ដូចជា​ប្រទេស​ម៉ិ​ក​ស៊ិ​ក ចិន ឥណ្ឌា ជាដើម ដែល​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ដាក់​ឆ្នោត​ផ្សងសំណាង ដោយសារ​ប្រជាជន​នៃ​ប្រទេស​ទាំងនោះ​មាន​ចំនួន​ច្រើន​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com